អន្តរជាតិ
សេត​វិមាន​៖ លោក ត្រាំ នឹង​ជួប​លោក គីម នៅ​ចុងខែ​កុម្ភៈ ឯ​ទីតាំង​ប្រកាស​តាម​ក្រោយ​
19, Jan 2019 , 11:59 am        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នឹង​ជួប​តទល់​ជា​លើក​ទី​ពីរ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ចុងខែ​កុម្ភៈ​ខាងមុខ​។ នេះ​បើតាម​សេចក្ដីប្រកាស​របស់​សេត​វិមាន​នៅ​ថ្ងៃទី​១៨ ខែមករា​ក្រោយ​ជំនួប​រវាង​លោក ត្រាំ និង​លោក គីម យ៉ុង​ឈុ​ល មនុស្ស​ជំនិត​របស់លោក គីម ជុង​អ៊ុន ។ ឯ​ទីតាំង​វិញ នឹង​ប្រកាស​តាម​ក្រោយ​។ ទោះ​មាន​គម្រោង​ជួបគ្នា​នៃ​មេដឹកនាំ​កាន់តែ​ជាក់លាក់​ក្ដី អាមេរិក​នឹង​នៅតែ​រក្សា​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ដដែល​។​

 
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ជួប​ជាមួយ​លោក គីម យ៉ុង​ឈុ​ល អនុប្រធាន​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​ពលករ​កូរ៉េ​នៅ​សេត​វិមាន​នៅ​ថ្ងៃទី​១៨ ខែមករា ដើម្បី​ជជែក​ពី​ព័ត៌មាន​ជុំវិញ​ជំនួប​លើក​ទី​ពីរ ជាមួយ​លោក គីម ជុង​អ៊ុន ។ ជំនួប​ជាង​មួយ​ម៉ោង​កន្លះ​នៅ​សេត​វិមាន ធ្វើឡើង​បន្ទាប់ពី​លោក គីម យ៉ុង​ឈុ​ល ដែល​ទទួលបន្ទុក​ការចរចា​នុយក្លេអ៊ែរ បាន​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅ​ថ្ងៃ​ដដែល​នោះ​។ 
 
​ក្រោយ​ជំនួប​នេះ អ្នកនាំពាក្យ​សេត​វិមាន Sarah Sanders បាន​និយាយ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថា ជំនួប​លើក​ទី​ពីរ រវាង​លោក ត្រាំ និង​លោក គីម នឹងធ្វើ​ឡើង​នៅ​ដំណាច់ខែ​កុម្ភៈ​ខាងមុខ​។ លោកស្រី Sanders បន្តថា លោក ត្រាំ ទន្ទឹងរង់ចាំ​ជំនួប​នេះ​នៅ​ទីតាំង​ដែល​នឹង​ប្រកាស​ពេល​ក្រោយ​។ 
 
​ខណៈ​ទីកន្លែង​មិនទាន់​ប្រកាស​នោះ សេចក្ដីរាយការណ៍​ជាច្រើន​ផ្សាយ​ថា ជំនួប​លើក​ទី​ពីរ​នេះ នឹង​រៀបចំ​នៅឯ​វៀតណាម​។ ទោះ​មិនទាន់​ការសម្រេចចិត្ត​ផ្លូវការ ឬ​សំណើ​ណាមួយ​ក្ដី ក្រុង​ហាណូយ​ក៏​ត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ដែរ​។ នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន ស៊ួ​ន​ហ្វុ​ក និយាយថា ខាង​វៀត​ណា​មិនទាន់​ដឹង​រឿងនេះ​ទេ ប៉ុន្តែ​បើ​វា​កើតឡើង​នៅទីនេះ​មែន វៀតណាម​នឹង​ប្រឹង​អស់ពី​សមត្ថភាព​ដើម្បី​ជួយ​សម្របសម្រួល​ដល់​កិច្ចប្រជុំ​នេះ​។​
 
​នៅឯ​ទឹកដី​ស៊ុយអែត​ឯណោះ​វិញ មន្ត្រី​ក្រុមការងារ​អាមេរិក និង​កូរ៉េខាងជើង​ក៏​ជួបគ្នា​ដើម្បី​រៀបចំ​ជំនួប​មេដឹកនាំ​ដែរ​។ កាសែត​ស៊ុយអែត​ផ្សាយ​ថា អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង Choe Son-hui បាន​ជជែក​ជាមួយ​តំណាង​ពិសេស​អាមេរិក​សម្រាប់​កិច្ចការ​កូរ៉េខាងជើង Stephen Biegun ខណៈ​អ្នក​ទាំងពីរ​ចូលរួម​កិច្ចប្រជុំ​អន្តរជាតិ​មួយ​នៅ​ទីនោះ​។​
 
​គេ​រំពឹងថា ជំនួប​ត្រាំ​-​គីម​លើក​ទី​ពីរ​នេះ នឹងមាន​លទ្ធផល​វិជ្ជមាន​ច្រើនជាង​ជំនួប​លើកទីមួយ​ដែល​ធ្វើ​នៅ​សិង្ហ​បុរី​។ ទោះ​បាន​ព្រមព្រៀង​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​មែន ដំណើរការ​រំសាយ​នុយក្លេអ៊ែរ​នេះ​មិនមាន​ផ្លែផ្កា​ធំដុំ​អ្វី​ទេ ដោយ​ភាគី​ទាំងពីរ​នៅតែ​ខ្វែងគំនិត​គ្នា​ដដែល​។ កូរ៉េខាងជើង​ដែល​បានធ្វើ​សកម្មភាព​តិចតួច​នោះ ចង់​ឲ្យ​អាមេរិក​ផ្ដល់​ការលើកទឹកចិត្ត​ខ្លួន​សិន មុន​នឹងធ្វើ​សកម្មភាព​ថែមទៀត ឯ​អាមេរិក​នៅតែ​រក្សា​ទណ្ឌកម្ម​រហូតដល់​កូរ៉េខាងជើង​មាន​ចំណាត់ការ​កាន់តែ​ជាក់លាក់​ជាង​មុន​។​
 
​សម្រាប់​ការជួប​តទល់​លើក​ទី​ពីរ​នេះ លោក ត្រាំ និង​លោក គីម ទំនងជា​ចរចា​ដើម្បី​សម្រេច​ឲ្យ​បាន​លទ្ធផល​លើសពី​ជំនួប​លើកទីមួយ សំដៅ​ជំរុញ​ដំណើរការ​លុប​បំបា​ត់នុ​យ​ក្លេ​អ៊ែរ ដ្បិត​កូរ៉េខាងជើង​ក៏​និយាយ​ជាច្រើន​ដែរ​ហើយ​ថា ខ្លួន​មាន​ឆន្ទៈ​បោះបង់​នុយក្លេអ៊ែរ​របស់ខ្លួន​។ អាមេរិក​វិញ​ចាំមើល​តែ​សកម្មភាព​កូរ៉េខាងជើង​ប៉ុណ្ណោះ បើ​កូរ៉េខាងជើង​មាន​សកម្ម​ភាពសមរម្យ​ហើយ​នោះ ក៏​គ្មាន​ហេតុផល​មិន​ធ្វើតាម​សន្យា​លើកលែង​ទណ្ឌកម្ម​ដែរ​៕  
 

Tag:
 ​អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com