ពីនេះ ពីនោះ
តើ​ផ្កាយដុះកន្ទុយ​ជា​អ្វី​?
19, Jan 2019 , 5:59 pm        
រូបភាព
​ផ្កាយដុះកន្ទុយ គឺជា​បាតុភូតធម្មជាតិ​មួយ​ដែល​មនុស្ស​ភាគច្រើន​ចាប់អារម្មណ៍​សិក្សា និង​កត់ត្រា​អស់​រយៈពេល​ជាច្រើន​រយ​ឆ្នាំ​មកហើយ​។ ក្នុងពេល​បច្ចុប្បន្ន ស្ថាប័ន​អវកាស​ជាច្រើន​ដូចជា NASA របស់​អាមេរិក និង ESA របស់​អឺរ៉ុប​បាន​សិក្សា​ពី​ផ្កាយដុះកន្ទុយ​យ៉ាង​ហ្មត់ចត់​។ ក្នុង​ឆ្នាំ​២០១៥ យានអវកាស Rosetta របស់​ស្ថាប័ន​អវកាស​អ៊ឺរ៉ុប​បាន​សិក្សា​និង​ចុះចត​លើ​ផ្កាយដុះកន្ទុយ​ដែលមាន​ឈ្មោះថា 67P ទៀតផង​។

 
​តើ​ផ្កាយដុះកន្ទុយ​ជា​អ្វី​? តើ​វា​ជា​ផ្កាយ​ពិតមែន​ដែរឬទេ​?
 
​យោងតាម​គេហទំព័រ​របស់​អង្គការ NASA ផ្កាយដុះកន្ទុយ ឬ​ភាសា​អង់គ្លេស​ហៅថា «Comet» មិនមែនជា​ផ្កាយ​នោះទេ​។ ផ្ទុយទៅវិញ ផ្កាយដុះកន្ទុយ​ជា​ដុំ​ទឹកកក​កខ្វក់ សេសសល់​ពី​កំណកំណើត​របស់​ប្រព័ន្ធ​ព្រះអាទិត្យ​កាលពី​ជាង​បួន​ពាន់​លាន​ឆ្នាំមុន​។​
 
 ពាក្យ​«​កខ្វក់​»​ខាងលើ​គឺ​ចង់​សំដៅថា ផ្កាយដុះកន្ទុយ​ផ្សំ​ពី​សារធាតុសរីរាង្គ​ច្រើន​ប្រភេទ​ដែល​មិន​ច្បាស់លាស់​។ ផ្កាយដុះកន្ទុយ​ដែល​មនុស្ស​លើ​ផែនដី​អាច​មើលឃើញ​ច្បាស់​ជាងគេ គឺ​ផ្កាយដុះកន្ទុយ​ឈ្មោះថា «​ហា​ឡី​» ឬ «Halley» ជា​ភាសា​អង់គ្លេស​។ 
 
​គេ​ដាក់ឈ្មោះ​វា​ជា​ផ្លូវការ​តាម​ឈ្មោះ​អ្នកវិទ្យាសាស្ត្រ​ដ៏​ល្បី «Edmund Halley» ក្នុង​សតវត្សរ៍​ទី​១៧​។ នៅក្នុង​ឆ្នាំ​១៩៨៦ ផ្កាយដុះកន្ទុយ ហា​ឡី បានធ្វើ​ដំណើរ​មក​ជិត​ភពផែនដី និង​ព្រះអាទិត្យ ហើយក៏​ត្រឡប់​ទៅវិញ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​។ នៅពេល​យប់​ស្រឡះ គេ​អាច​មើលឃើញ​ផ្កាយដុះកន្ទុយ​នេះ​ដោយ​ភ្នែក​ទទេ ដោយ​វា​ហោះហើរ​យឺតៗ​កាត់​ផ្ទៃ​មេឃងងឹត​។ 
 
​វត្តមាន​របស់​វា​នឹង​ត្រឡប់មកវិញ​ក្នុង​រង្វង់​ឆ្នាំ ២០៦០​។ នេះ​ក៏​ព្រោះថា ផ្កាយដុះកន្ទុយ​មាន​គន្លង​រាង​ពងក្រពើ​ខ្លាំង​ជុំវិញ​ព្រះអាទិត្យ​។ វា​ធ្វើដំណើរ​មក​ជិត​ភពផែនដី​រៀងរាល់ ៨៦​ឆ្នាំ​ម្តង​។ ឯ​កន្ទុយ​របស់​វា​វិញ​គឺ​គ្រាន់តែ​ជា​ទឹកកក​ដែល​រលាយ​ចេញមកក្រៅ​ប៉ុណ្ណោះ នៅពេលដែល​វា​មក​ជិត​ព្រះអាទិត្យ​។ 
 
​ហា​ឡី គឺជា​ផ្កាយដុះកន្ទុយ​មួយ​ក្នុងចំណោម​ផ្កាយដុះកន្ទុយ​ជាច្រើន​ទៀត​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​។ អ្នកខ្លះ​បាន​សិក្សា​ថា ប្រព័ន្ធ​ព្រះអាទិត្យ​មាន​ភព​ទាំងអស់​ចំនួន​ប្រាំ​។ ប៉ុន្តែ​បើ​សិក្សា​ឲ្យ​បាន​លម្អិត​បន្ថែមទៀត ប្រព័ន្ធ​ព្រះអាទិត្យ​សម្បូរ​ទៅដោយ​បាតុភូត និង​សកម្ម​ភាពជា​ច្រើនណាស់ អាថ៌កំបាំង​ដែល​មនុស្ស​មិនដែល​បានដឹង​៕ 

Tag:
 ផ្កាយ​
 ​ភព​
 ​ផែនដី​
© រក្សាសិទ្ធិដោយ thmeythmey.com