ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្មមិនអស់ចិត្តដែលEU ទាញអង្ករក្រអូប ដែលគ្មានដាំនៅអឺរ៉ុប ឲ្យជាប់ពន្ធដែរ
× ភ្នំពេញ៖ សហភាពអឺរ៉ុប (EU) ផ្ដើមអនុវត្តពន្ធលើអង្ករនាំចេញពីកម្ពុជា ចាប់ពីថ្ងៃទី១៨ខែមករា រហូតដល់រយៈពេល៣ឆ្នាំ។ តែទោះជាយ៉ាងណា ក្រសួងពាណិជ្ជកម្ម អះអាងថាស្ថាប័នខ្លួនក្នុងនាមកម្ពុជានៅតែតវ៉ាលើករណីនេះ ដោយនឹងលើកពីទឡ្ហីករណ៍ផ្នែកច្បាប់ និងបច្ចេកទេស ដើម្បីបញ្ជាក់ថាអង្ករកម្ពុជាមិនបានធ្វើឲ្យប៉ះពាល់ផលិតកម្មអង្កររបស់ប្រទេសក្នុងតំបន់សហភាពអឺរ៉ុបឡើយ។
ការតវ៉ានេះនឹងធ្វើឡើងជាពិសេសទៅលើប្រភេទអង្ករក្រអូប។ ក្រសួងពាណិជ្ជកម្មមិនអស់ចិត្តឡើយដែល EU ទាញអង្ករក្រអូបខ្មែរ ឲ្យចូលក្នុងបន្ទាត់ពន្ធគយរបស់ខ្លួន។ មន្ត្រីជាន់ក្រសួងពាណិជ្ជកម្ម អះអាងថា អង្ករក្រអូប ដែលផលិតដាំដុះទឹកដីកម្ពុជា គឺមានលក្ខណៈពិសេសឈ្ងុយឆ្ងាញ់ក្រអូប ដែលទឹកដីអឺរ៉ុបមិនអាចផលិតបានឡើយ។ ដូចនេះទីផ្សារអង្ករប្រភេទនេះ មិនបានទៅរំខានផលិតកម្មអង្ករក្នុងស្រុកនៃប្រទេសក្នុងតំបន់អឺរ៉ុបឡើយ។
ម្យ៉ាងវិញទៀត ជំនាញការសហភាពអឺរ៉ុបប្រចាំកម្ពុជាខ្លួនឯង ធ្លាប់ណែនាំឲ្យកម្ពុជាខំជំរុញការផលិតនាំចេញប្រភេទអង្ករក្រអូបនេះទៅទីផ្សារខ្លួន ព្រោះអង្ករនេះមិនមានដាំដុះនៅអឺរ៉ុបទេ។ តែផ្ទុយមកវិញ EU បានទាញអង្ករក្រអូបឲ្យជាប់ក្នុងបន្ទាត់ពន្ធគយ ដូចអង្ករសដែរ។ នេះបើតាមការលើកឡើងរបស់លោក សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងសន្និសីតកាសែតជុំវិញករណីសហភាពអឺរ៉ុបដាក់ពន្ធអង្ករកម្ពុជា នៅថ្ងៃទី១៨ខែមករា។
សូមស្ដាប់ប្រសាសន៍លោក សុខ សុភ័ក្ត្រ ខាងក្រោមនេះ៖
ក្នុងឆ្នាំ២០១៨ កម្ពុជានាំចេញអង្ករជិត ២៧ម៉ឺនតោនទៅទីផ្សារ EU ដែលស្មើនឹងចំណែក ៤៣ភាគរយនៃការនាំចេញអង្ករសរុបជាង ៦២ម៉ឺនតោន។ ភាគច្រើនជាអង្ករក្រអូប ដែលកម្ពុជានាំចេញទៅទីផ្សារមួយនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com