អន្តរជាតិ
ប្រធានាធិបតី​ស្រីលង្កា ហៅ​សង្គ្រាម​គ្រឿងញៀន​របស់លោក ឌូ​ទើ​តេ ថា​ជា​«​ឧទាហរណ៍​សម្រាប់​ពិភពលោក​»
19, Jan 2019 , 4:59 pm        
រូបភាព
ដោយ:
​ប្រធានាធិបតី​ស្រីលង្កា Maithripala Sirisena បាន​កោតសរសើរ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់​សម​ភាគី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ដែល​ឆក់យក​ជីវិត​រាប់ពាន់​នោះ​។ មេដឹកនាំ​រូបនេះ​បាន​ហៅ​យុទ្ធនាការ​នេះ​ថា​ជា «​ឧទាហរណ៍​សម្រាប់​ពិភពលោក​»​។

 
​ថ្លែង​នៅក្នុង​សន្ទរកថា​មួយ​អំឡុង​ទស្សនកិច្ច​របស់លោក​ទៅកាន់​ហ្វីលីពីន​ក្នុង​សប្តាហ៍​នេះ លោក​ប្រធានាធិបតី Sirisena បាន​និយាយថា លោក​មានបំណង​យក​គំរូ​តាម​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ដ៏​ចម្រូងចម្រាស​របស់លោក ឌូ​ទើ​តេ​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​ទូ​ទស្សន៍ ABS-CBN លោក​បញ្ជាក់​បែបនេះ​៖«​សង្គ្រាម​ប្រឆាំង​ឧក្រិដ្ឋកម្ម​និង​គ្រឿងញៀន ដែល​ត្រូវបាន​អនុវត្ត​ដោយ​ប្រធានាធិបតី ឌូ​ទើ​តេ គឺជា​ឧទាហរណ៍​មួយ​សម្រាប់​ពិភពលោក​ទាំងមូល និង​សម្រាប់​ខ្ញុំ​ផងដែរ​។ ការប្រើប្រាស់​គឿង​ញៀន​គឺ​ពុំ​ត្រូវបាន​ស្វាគមន៍​ឡើយ​នៅក្នុង​ប្រទេស​ខ្ញុំ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​យើង​គួរតែ​ដើរ​តាម​គន្លង​របស់លោក ដើម្បី​គ្រប់គ្រង​រឿង​ដ៏​អាក្រក់​នេះ​»​។​
 
​តាមពិតទៅ នេះ​ពុំមែន​ជា​លើកទីមួយ​ឡើយ​ដែល​មេដឹកនាំ​ស្រីលង្កា​រូបនេះ បានបង្ហាញ​ការពិញចិត្ត​ចំពោះ​សង្គ្រាម​គ្រឿងញៀន​របស់លោក ឌូ​ទើ​តេ​។ តួយ៉ាង​កាលពី​ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ រដ្ឋាភិបាល​ស្រីលង្កា​បានចាប់ផ្តើម​អនុវត្ត​ទោស​ប្រហារជីវិត​ល​លើ​អ្នកជួញដូរ​គ្រឿងញៀន​ឡើងវិញ ក្រោយពី​ផ្អាក​រយៈពេល​៤៥​ឆ្នាំ​។ សម្រាប់​ចំណាត់ការ​ថ្មី​នេះ ប្រធានាធិបតី​ស្រីលង្កា​បាន​បកស្រាយ​ថា វា​ត្រូវបាន​យក​គំរូ​តាម​គោលនយោបាយ​របស់លោក​ឌូ​ទើ​តេ​។​
 
​អំឡុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ស្រីលង្កា​មួយ​កាលពី​ខែកក្កដា​កន្លងទៅ លោក​ប្រធានាធិបតី  Sirisena បាន​បញ្ជាក់ថា លោក​ត្រៀមខ្លួន​ជានិច្ច​ដើម្បី​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រហារជីវិត​លើ​ជនល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។ ឥឡូវនេះ ជនល្មើស​ពីបទ​គ្រឿងញៀន​១៩​នាក់​ដែល​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​មួយជីវិត​នោះ បច្ចុប្បន្ននេះ​ប្រឈមមុខ​នឹង​ទោស​ប្រហារជីវិត​វិញ​៕
 

Tag:
 ​ស្រីលង្កា​
  ហ្វីលីពីន​
  សង្គ្រាម​ប្រឆាំង​គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com