ភ្នំពេញ៖ ក្នុងកម្មវិធីជំនុំព្រឹទ្ធាចារ្យចាប៉ីដងវែងកាលពីពេលកន្លងទៅនៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈ មានព្រឹទ្ធាចារ្យចាប៉ីដងវែងមកពី៥ខេត្ត រួមទាំងមានយុវជនជំនាន់ក្រោយច្រើនរូបទៀត។ សិល្បករចាប៉ីដែលមានវ័យកាន់តែចាស់ទាំងនោះ ខ្លះអាចទីពឹងនឹងអាជីពចាប៉ីបាន តែខ្លះទៀតក៏មិនបានដែរ។ ទោះជាយ៉ាងណាសិល្បករជើងចាស់ទាំងនោះនៅតែទទូចឱ្យក្មេងជំនាន់ក្រោយថែរក្សាសម្បត្តិដូនតាខ្មែរ។
សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
ក្រោយពីមានការវិវឌ្ឍន៍ផ្នែកតន្ត្រីកាន់តែសម្បូរបែបនិងទំនើប ទម្រង់សិល្បៈនិងចម្រៀងបុរាណខ្មែរបានថយឥទ្ធិពល។ ទម្រង់សិល្បៈចាប៉ីក៏ស្ថិតក្នុងសិល្បៈមួយប្រភេទដែលយុវជនខ្មែរ ហាក់មើលរំលងដែរ។ ស្រពពេលមានលំហូរភ្លេងបរទេស សិល្បករចាប៉ីដងវែងក៏បាត់ចំណូលពីការសម្ដែងរបស់ខ្លួនច្រើន។ ដូច្នេះហើយទើបបានជាកម្មវិធីជំនុំព្រឹទ្ធាចារ្យចាប៉ីដងវែង ក្រោមប្រធានបទ “មរតកចម្រៀងចាប៉ី” ធ្វើឡើងដើម្បីជម្រុញក្មេងជំនាន់ក្រោយឱ្យយកចិត្តទុកដាក់លើសិល្បៈចាប៉ីឡើងវិញ។ កម្មវិធីនេះមានយុវជននិងកុមារចូលរួមភាគច្រើន។
សិល្បករជើងចាស់លោកតា ទិត្យ សំហេន ដែលមានវ័យ៧៩ឆ្នាំ មកពីខេត្តស្ទឹងត្រែង បានត្អូញត្អែរពីបញ្ហាខ្វះខាតក្នុងជីវភាព ក្រោយពីមិនមានអ្នកហៅទៅសម្ដែង។ ដោយសារតែបញ្ហានេះ ទើបលោកតាបានសម្រេចចិត្តបោះបង់ចោលចាប៉ីប្រមាណជា១០ឆ្នាំមកហើយ។
អ្នកចាប៉ីជើងចាស់ដែលបានចំណេះពីឪពុក និងទៅបំពេញវិជ្ជាបន្ថែមពីលោកតាពូថៅដៃរូបនេះ បានរម្លឹកថា កាលពីដើមគេហៅអ្នកចាប៉ីឱ្យទៅច្រៀងក្នុងពិធីបុណ្យនាៗជាច្រើន ហើយតម្លៃក៏បានថ្លៃគួរសមដែរ។ លោកតា ទិត្យ សំហេន បញ្ជាក់ ៖« រៀនពីឪពុករៀនពីអីហើយបាន មកបំពេញវិជ្ជាជាមួយលោកគ្រូពូថៅដៃ នៅផ្សារដើមថ្កូវកាលណោះបាន១៤ថ្ងៃទេ។ ពីដើមអ្នកចាប៉ីពាសពេញស្រុកខ្មែរ កម្មវិធីបុណ្យបញ្ចុះសីមា បុណ្យអីក៏គេយកចាប៉ីដែរ គេប្រើចាប៉ី អាយ៉ៃ ល្ខោន។ មួយយប់បានពីរ បីរយរៀល(លុយក្រោយសម័យប៉ុល ពត)អីចឹងដែរពីដើម យ៉ាងលោកគ្រូពូថៅដៃមួយយប់បានប្រាំពីររយអីណា ប្រាំពីររយខ្មែរណា គិតជាមាសកាលណោះវាពីររយប៉ែត មាសមួយជីពីររយប៉ែត»។
លោកតា ចេះចាប៉ីនៅអាយុ១៣ឆ្នាំ ហើយទើបតែថ្មីៗនេះទេ ដែលមានអ្នកជួយឧបត្ថម្ភមួយចំនួន លោកតាក៏បានបង្រៀនសិស្ស និងទៅលេងភ្លេងក្នុងពិធីបុណ្យទានខ្លះៗផងដែរ។ លោកបន្ថែម ៖« ក្រវាត់ចាប៉ីចោលយូរហើយ ចុះបើគេអត់ប្រើការអីផង ប្រើតែបាស់តែអី គេរាំគេរែក កញ្ឆក់កញ្ឆែងហុយដី មានទៅនឹកឃើញចាប៉ីអីបន្តិចបន្តួច អ៊ីចឹងចាប៉ីទុកចោលកណ្ដៀរកាត់កណ្ដៀរកោរអស់ទៅ។ ខ្ទង់ប្រហែលជាមួយពាក់កណ្ដាលឆ្នាំ២០១៨ បានព្រះសង្ឃអីហៅមកវិញហូរហែណា។ ហើយនេះ(តា)ថានឹងធ្វើចាប៉ីថ្មីនៅពេលក្រោយនេះ បើសិនជាឧបមាថាខាងក្រសួងខាងសិល្បៈ ខាងប៉ុស្ដិ៍ទូរទស្សន៍ វិទ្យុ គេឧស្សាហ៍ហៅ។
ជីវភាពរបស់គ្រូចាប៉ីរូបនេះសព្វថ្ងៃទីពឹងលើការធ្វើអាចារ្យ និងប្រាក់ឧបត្ថម្ភមួយចំនួនផ្នែកចាប៉ី។ បើមានការយកចិត្តទុកដាក់ លោកនឹងខំប្រឹងប្រែងថែរក្សាសិល្បៈចាប៉ីឡើងវិញ។ «មួយខែឱ្យដប់ម៉ឺនៗអ៊ីចឹងទៅ លោកជំទាវ ភឿង សកុណា ព្រមទាំងលោក យន់ ធារ៉ា ដែលគាត់តែងផ្ញើទៅរាល់ខែចឹង។ អត់មានជីវភាព(ធូធា)អីទេ រស់នៅតែនិងគេឧបត្ថម្ភទេ យាយនេះឈឺ ប្រាំ -ប្រាំមួយឆ្នាំនេះ ឈឺគ្មានធ្វើការរកស៊ីអីកើត ហើយខ្ញុំចាស់ដើរធ្វើតែអាចារ្យ បានគេរកទៅធ្វើអាចារ្យអីណេះ អាចារ្យអីណោះទៅ»។ លោកតា សំហេន បន្ថែម។
ចំណែកលោក សាន់ ឆៃយ៉ុង វ័យ៦៦ឆ្នាំ ដែលរស់នៅខេត្តតាកែវ មានជីវភាពសមរម្យដែលលោកថាអាចទីពឹងជំនាញចាប៉ីរស់បាន។ ទោះជាយ៉ាងណាក្រៅពីអាជីពជាអ្នកចាប៉ីដែលមានសិស្ស៥នាក់ លោកក៏ធ្វើជាគ្រូពេទ្យផងដែរ។ លោក ឆៃយ៉ុង បញ្ជាក់ ៖«ជួនគេហៅជួនគេមិនហៅ តាមតែគេត្រូវការណា។ មួយឆ្នាំបើគិតស្ថិតិបាន៤រោង៥រោងដែរ នៅឆ្ងាយគាត់ឱ្យពីររយចឹងទៅ ជិតមួយរយហាចឹងទៅ ជិតជាងមួយរយចឹងទៅ ហាសិបចឹងទៅ បើនៅក្នុងស្រុកភូមិ គេពឹងទៅច្រៀងមិនយកលុយអីទេ។ មិនជាធូរធារអីទេ នេះគេថាមធ្យមណា មិនមានមិនក្រអីទេកណ្ដាល។ ទីពីរហ្នឹងគេមករកថ្នាំអីជាដើម ដូចជាកើតម្រេញកើតអីហ្នឹង ខ្ញុំមើលគេជាច្រើនណាស់»។
សិល្បកររូបនេះ បានទៅសម្ដែងចាប៉ីដងវែងច្រើនខេត្ត រួមទាំងបានទៅសម្ដែងនៅកម្ពុជាក្រោមផង ហើយតម្លៃអាស្រ័យទៅតាមចម្ងាយជិតនឹងឆ្ងាយ។ លោកបន្ថែម ៖« ចម្រៀងចាប៉ីនេះវាមានបុណ្យបច្ច័យបួន ដូចជាបុណ្យកឋិន បុណ្យភ្ជុំ បុណ្យទក្ខិណានុប្បទាន បុណ្យចម្រើនព្រះជន្មអី គេច្រើនតែជួល។ ទីពឹងទៅសម្ដែងតាមឃុំតាមខេត្តអីបានច្រើនដែរ ខេត្តកំពត កំពង់ស្ពឺ ក្រចេះ ស្ទឹងត្រែង ស្វាយរៀងខ្ញុំបានដើរទៅច្រៀង ហើយជាពិសេសទៅដល់កម្ពុជាក្រោមទៀត»។
អង្គុយនៅលើកៅអីជ័រពណ៌ខៀវ លោកតា គង់ ណៃ ដែលមានវ័យ៧៤ឆ្នាំ នៅតែអាចទៅសម្ដែងចាប៉ីនៅតាមបណ្ដាខេត្តផ្សេងៗបាន តែគ្រាន់តែមិនអាចច្រៀងយូរ។ ជីវភាពរបស់លោកតាមធ្យម ហើយក្រៅពីអាជីពចាប៉ី លោកតាមិនមានមុខរបរអ្វីជាទីពឹងឡើយ។ «ជីវភាពខ្ញុំវាយ៉ាប់យ៉ឺនដែរមិនធូរធារអីប៉ុន្មាន គេហៅថាមធ្យមចៅណា។ អីឡូវលេងបានដែរ ប៉ុន្ដែបានតិចៗណាស់ ត្រឹមមួយម៉ោងមួយម៉ោងកន្លះអីទៅលេងបាន បើថាពីរបីម៉ោងទៅមិនរួចទេ»។ នេះជាការបញ្ជាក់របស់លោកតា គង់ ណៃ។
សិល្បករចាប៉ីជើងចាស់រូបនេះ នៅតែទទូចហើយទទូចទៀតឱ្យកូនខ្មែរយកចិត្តទុកដាក់ទម្រង់សិល្បៈចាប៉ីរបស់ខ្លួន។ លោកតាបន្ថែម ៖« ទោះបីថាវប្បធម៌បរទេសគេចូលមកក៏ដោយចុះ អ៊ំមិនហាមឃាត់ទេ ប៉ុន្តែសុំឱ្យចៅៗក្មួយៗជួយថែរក្សា ដែលអត់ពីអ៊ំពីតាទៅ ចាប៉ីដងវែងកុំឱ្យបាត់បង់អ៊ំស្ដាយ។ ឥឡូវបង ប្រាជ្ញ ឈួន ស្លាប់បាត់ហើយនៅតែខ្ញុំ ហើយខ្ញុំហ្នឹងដូចថាជំងឺហ្នឹងវាចេះតែចូលលុកលុយក្នុងសរីរាង្គកាយ បានថាសុំឱ្យចៅៗក្មួយៗ ខំជួយរៀនចាប៉ីហើយនឹងចេះស្រឡាញ់ចាប៉ី ជួយថែរក្សាចាប៉ី»។
ងាកមកលោកតា ងាំ ងូ វ័យ៧៤ឆ្នាំ ដែលកំពុងតែអង្គុយពិសារផ្លែឈើក្រោយពីការសម្ដែងចាប៉ីចប់ បានមានប្រសាសន៍ថាអាជីពចាប៉ីមិនបានធ្វើឱ្យជីវភាពលោកតាបានគ្រប់គ្រាន់ឡើយ ដូច្នេះហើយទើបបានជាលោកតា ត្រូវប្រវាស់ដៃធ្វើស្រែជាមួយអ្នកភូមិដើម្បីជួយជីវភាព។ លោកតាបញ្ជាក់យ៉ាងដូច្នេះ ៖« សាមសិបម៉ឺនអី ឆ្ងាយដែរហ្នឹងណា ឆ្លងខេត្តហើយ ទ្រងទ្រង់ជីវភាពបានខ្លះអត់ខ្លះ អត់ហ្នឹងវាអត់មានអីរក ដល់ចឹងគេធ្វើស្រែ ធ្វើជាមួយគេទៅ ប្រវាស់គេណា»។
លោក ពេជ សារ៉ាត ប្រធានសហគមន៍ចាប៉ីអមតៈ បាននិយាយថា ការរៀបចំកម្មវិធីជំនុំព្រឹទ្ធាចារ្យចាប៉ីដងវែង ក្រោមប្រធានបទ “មរតកសំនៀងចាប៉ីដងវែង" ដើម្បីផ្សព្វផ្សាយដល់សិស្សដែលរៀនក្នុងសាលាមធ្យមវិចិត្រសិល្បៈ និងយុវជនទូទៅ ដើម្បីបង្ហាញពីទម្រង់សិល្បៈចាប៉ីដងវែងតាមតំបន់ និងដើម្បីបង្កើតអនុស្សាវរីយ៍ផងដែរ។ លោក សារ៉ាត បញ្ជាក់ ៖« បង្កើនអនុស្សាវរីយរវាងព្រឹទ្ធាចារ្យមកយុវជន និងកុមារ ទីពីរគាត់បង្ហាញនូវទេពកោសល្យ ឬក៏សមត្ថភាព ភាពអស្ចារ្យរបស់គាត់ នូវសំនៀងចាប៉ីដងវែង នៅប្រចាំតំបន់ ទីបីគឺបន្ទាប់ពីការសិក្សារៀនសូត្រហើយ រវាងយុវជននិងកុមារ និងភាពច្នៃប្រឌិតថ្មីរបស់ពួកគេ តើពួកគេធ្វើអ្វី ដើម្បីជាចំណីទៅដល់ក្មេងៗជំនាន់ក្រោយ»។
លោក សារ៉ាត បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះ ៖«ជំនួបព្រឹទ្ធាចារ្យចាប៉ីនេះ សម្រាប់គោលបំណង ចង់ឱ្យសិស្សនៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈហ្នឹងណា បានយល់អំពីឧបករណ៍ចាប៉ី ដែលស្ថិតនៅក្នុងក្របខ័ណ្ឌមួយគឺវប្បធម៌។ សាលាវប្បធម៌ហើយ បើសិនជាអត់ស្គាល់វប្បធម៌ខ្លួនយើង ចឹងវាស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយ»៕