ពីនេះ ពីនោះ
ហេតុអ្វី​បានជា​យន្តហោះ​ដឹក​អ្នកដំណើរ​មិន​ប្រើ​ឆត្រយោង​ពេល​មាន​បញ្ហា​លើ​អាកាស​?
19, Jan 2019 , 8:39 pm        
រូបភាព
​អ្នក​អាច​ធ្លាប់​ឆ្ងល់ ឬ​បាន​ជួបប្រទះ​សំណួរ​មួយ​នេះ​៖«​តើ​មូល​ហេតុអ្វី​បានជា​យន្តហោះ​ដឹក​អ្នកដំណើរ មិន​ឲ្យ​អ្នកដំណើរ​ប្រើប្រាស់​ឆត្រយោង​ពេល​មាន​អាសន្ន​លើ​អាកាស​?»

 
​មុននឹង​ឆ្លើយ​សំណួរ​ខាងលើ គេ​ត្រូវ​ដឹង​ខ្លះៗ​ពី​កីឡា​លោត​ពីលើ​យន្តហោះ ឬ​ភាសា​អង់គ្លេស​ហៅថា «Sky diving» ជាមុនសិន​។ កីឡា​លោត​ពីលើ​យន្តហោះ​ជា​កីឡា​មួយ​ដែល​ត្រូវបាន​ស្មារតី និង​អារម្មណ៍​មាំមួន ជាពិសេស​អ្នក​ដែលមាន​សុខភាព​ល្អ រួមទាំង​ភាពឈ្លាសវៃ​ផងដែរ​។ 
 
​អ្នក​ដែល​ចង់​ចូលរួម​លេង​ក្នុង​កីឡា​នេះ ត្រូវការ​ការហាត់​សមជា​ច្រើន​ម៉ោង​ក្នុង​បន្ទប់​ពិសេស​ដែលមាន​កង្ហារ​មួយ​ធំ​នៅ​ពីក្រោម (Wind Tunnel) ។ គេ​ប្រើ​កង្ហារ​ធំ​មួយ​នេះ​ដោយ​បាញ់​ខ្យល់​ដ៏​ខ្លាំង​ឡើងលើ ដើម្បី​អ្នក​ហាត់​អាច​ហោះ ប្រៀបបាន​ដូចជា​គេ​កំពុង​ធ្លាក់​ពីលើ​អាកាស​ដែរ​។ 
 
​ក្រោយពី​ហាត់​រួច អ្នកកីឡា​ទាំងនោះ​ភាគច្រើន​លោត​ពីលើ​យន្តហោះ​តូចៗ​ក្នុង​ល្បឿន​ប្រមាណ​ចន្លោះ​ពី​១០០​ទៅ​២០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ​។ ឯ​រយៈកម្ពស់​វិញ​គឺ​ប្រហែលជា ៣០០០​ម៉ែត្រ​ពី​ដី​។ ទោះបីជា​អ្នកនោះ​ទើបតែ​បាន​រៀន​ហើយក៏​ពិតមែន អ្នក​ទាំងនោះ​នៅតែ​ត្រូវបាន​អ្នក​បង្ហាត់​នៅ​ជិត​ខ្លួន​
​ជានិច្ច​ក្នុងពេល​លោត​។ ចំណែកឯ​ឧបករណ៍​ដែល​គេ​ប្រើប្រាស់​សម្រាប់​ហាត់​មានតម្លៃ​ចាប់ពី​៥០០០​ទៅ​៩០០០​ដុល្លារ​។ 
 
​បើ​ក្រឡេក​មក​មើល​យន្តហោះ​ដឹក​អ្នកដំណើរ​ធុន​កណ្តាល​វិញ ដូចជា Boeing 787 ឬ Airbus A320 ដែល​ផ្ទុក​មនុស្ស​បាន​ប្រហែល ២០០​នាក់​។ តាម​ស្តង់ដារ យន្តហោះ​នេះ​ត្រូវធ្វើ​ដំណើរ​ក្នុង​ល្បឿន​៩៦០​គីឡូម៉ែត្រ ក្នុង​រយៈកម្ពស់​ជាង​១០០០០ ម៉ែត្រ​ពី​ដី​។ ស្តង់ដា​នេះ​ត្រូវបាន​យន្តហោះ​ទូទៅ​ដែល​ហោះហើរ​ពី​ភ្នំពេញ​ទៅកាន់​ម៉ាឡេស៊ី​ប្រើប្រាស់​ញឹកញាប់​។ 
 
​គេ​គួរ​ដឹងផង​ដែរ​ថា ក្នុងពេល​មាន​អាសន្ន មនុស្ស​មិនអាច​មាន​អារម្មណ៍ល្អ​ក្នុងការ​ត្រៀម​លោត​ឆត្រ ឬ​ស្តាប់​តាម​ការណែនាំ​របស់​អ្នកធ្វើការ​ក្នុង​យន្តហោះ​ឡើយ​។ វា​កាន់តែ​លំបាក​ថែមទៀត​បើ​អ្នកដំណើរ​នោះ​ជា​មនុស្ស​ចាស់ ពិការ ឬ​មាន​កូនតូច​ទៅតាម​ជាមួយ​។ នៅក្នុង​យន្តហោះ​មិនមែន​មានតែ​ជាតិ​សាសន៍​មួយ​នោះទេ​។ ដូចនេះ​បើ​មាន​អ្នក​ណែនាំ​ក្នុងការ​លោតឆ័ត្រ អ្នក​ណែនាំ​ត្រូវ​ចេះ​និយាយ​ច្រើន​ភាសា និង​ត្រូវការ​ពេល​ច្រើនណាស់​។ លើសពីនេះ បើ​ក្រុមហ៊ុន​អាកាសចរណ៍​អាច​ផ្គត់ផ្គង់​ឧបករណ៍​ទាំង​នោះបាន វា​នឹងធ្វើ​ឲ្យ​យន្តហោះ​ធ្ងន់​ខ្លាំង​។ 
 
​ដោយហេតុថា ក្រុមហ៊ុន​អាកាសចរណ៍​តែង​ចង់​កាត់បន្ថយ​ទម្ងន់​តាមតែ​អាចធ្វើ​បាន ក្នុង​គោលបំណង​សន្សំសំចៃ​សាំង និង​បង្កើន​ប្រាក់ចំណេញ​។ គេ​អាច​ស្រមៃ​បាន​ថា មិនមែនជា​រឿង​សាមញ្ញ​ទេ​នៅពេលដែល​អ្នក​កំពុង​តម្រង់​ជួរ​ជាមួយ​មនុស្ស​ជាង​២០០​នាក់​ទៀត​ដើម្បី​លោតឆ័ត្រ​។ ចំណែក​យន្តហោះ​ក៏​មិនមែន​តែ​ជួបប្រទះ​បញ្ហា​នៅពេល​មេឃ​ស្រឡះ​រហូត​នោះដែរ​។ ពេលខ្លះ​គ្រោះថ្នាក់​អាច​កើតឡើង​នៅ​កណ្តាល​សមុទ្រ កណ្តាល​ព្រៃ ក្នុង​អាកាសធាតុ​ត្រជាក់ ឬ​ពេលយប់​មើលមិនឃើញ​ជាដើម​។ 
 
​ទាំងអស់នេះ​អាច​បង្ហាញ​ឲ្យ​ឃើញថា ការដាក់​ឆត្រយោង​លើ​យន្តហោះ ប្រហែលជា​មិនមែនជា​រឿង​ងាយស្រួល​សម្រាប់​អ្នកដំណើរ និង ក្រុមហ៊ុន​អាកាសចរណ៍​នោះឡើយ​៕ 

Tag:
 យន្តហោះ​
  ឆត្រយោង
© រក្សាសិទ្ធិដោយ thmeythmey.com