កីឡាជាតិ
ជាតិ
កម្ពុជា​ចុះ​MOU ជាមួយ​សាកលវិទ្យាល័យ​ជប៉ុន​លើ​ការពង្រឹង​គុណភាព​វិទ្យាសាស្ត្រ​កីឡា
19, Jan 2019 , 8:59 pm        
រូបភាព
រូបភាពទាំងអស់ពីហ្វេសប៊ុកអគ្គនាយដ្ឋានកីឡា
រូបភាពទាំងអស់ពីហ្វេសប៊ុកអគ្គនាយដ្ឋានកីឡា
ដោយ:
​វិទ្យាស្ថាន​អប់រំ​កាយ​និង​កីឡា​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​(MOU) ជាមួយ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​កីឡា​ជប៉ុន  NIPPON ដើម្បី​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង ពិសេស​បង្កើន​គុណភាព​បណ្តុះបណ្តាល​ផ្នែក​វិទ្យាសាស្ត្រ​កីឡា​នៃ​ប្រទេស​ទាំងពីរ​។ លោក ធម្ម អង្គា​រ៉ា រំពឹងថា តាមរយៈ MOU នេះ នឹងមាន​សិស្ស​-​និស្សិត​និង​គ្រូ​កម្ពុជា​ជាច្រើនរូប បាន​ទៅ​សិក្សា​ពី​បច្ចេកទេស​និង​ជំនាញ​នៅ​ជប៉ុន​។ វិទ្យាស្ថាន​កម្ពុ​ជាមួយនេះ ក៏​ទទួលបាន​ថវិកា​ជាង​៣៩​ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំ​ពី​អង្គការ​បេះដូង​មាស​របស់​ជប៉ុន​ក្នុង​រយៈពេល​៣​ឆ្នាំ​ផងដែរ​។​

 
​ក្រោម​ការសម្របសម្រួល​និង​ជួយ​ជ្រោមជ្រែង​ពី​អង្គ​ការចាយ​ការ​ជប៉ុន ទីបំផុត​ទំនង​រវាង​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ​និង​កីឡា​កម្ពុជា​និង​សា​លក​វិទ្យាល័យ​វិទ្យាសាស្ត្រ​កីឡា NIPPON របស់​ជប៉ុន បាន​ឈានដល់​ការចុះ MOU រួមគ្នា​កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៩​។ ការចុះ MOU នេះ គឺ​ដើម្បី​បង្កើន​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ប្រសើរ ពិសេស​បង្កើន​គុណភាព​វិជ្ជាជីវៈ​លើ​ការអប់រំ និង​បណ្តុះបណ្តាល​ផ្នែក​វិទ្យាសាស្ត្រ​កីឡា​។​
 
​ការចុះ MOU នេះ​ធ្វើឡើង​រវាង​លោក ធម្ម អង្គា​រ៉ា នាយក​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ​និង​កីឡា ជាមួយ​លោក Koji Gushiken តំណាង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​កីឡា NIPPON នៃ​ប្រទេស​ជប៉ុន​។ ការចុះហត្ថលេខា​នេះ ធ្វើឡើង​ក្រោម​វត្តមាន​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​។   
 
​លោក ធម្ម អង្គា​រ៉ា នាយក​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ​និង​កីឡា​បាន​បញ្ជាក់ថា តាមរយៈ MOU នេះ កម្ពុជា​អាច​បញ្ជូន​សិស្ស​និស្សិត ឬ​គ្រូ​អប់រំ​កាយ​ទៅ​សិក្សា​ពី​ជំនាញ​និង​បច្ចេកទេស​ពាក់ព័ន្ធ​វិទ្យាសាស្ត្រ​កីឡា​នៅ​ជប៉ុន ហើយ​ភាគី​ជប៉ុន​អាច​បញ្ជូន​និស្សិត ឬ​គ្រូ​មក​ចែករំលែក​បទពិសោធ និង​សិក្សា​នៅ​កម្ពុជា​ទៅវិញទៅមក​។ កម្ពុជា ធ្លាប់​បញ្ជូន​គ្រូ​ទៅធ្វើ​កម្មសិក្សា​នៅ​ជប៉ុន​ជាច្រើនលើក​រួចមកហើយ តែ​មិន​ធ្លាប់​បញ្ជូន​សិស្ស​និស្សិត​នោះទេ​។ 
 
«​តាមរយៈ​គ្រូបង្វឹក​ទូក​កា​នូ​ជនជាតិ​ជប៉ុន និង​អង្គ​ការចាយ​ការ ដែលមាន​ទំនាក់ទំនង​ល្អ​ជាមួយ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ​និង​កីឡា គាត់​បាន​ស្នើសុំ​និស្សិត​ពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​កីឡា NIPPON ចំនួន​៥​រូប​ជា​រៀងរាល់ខែ​ឲ្យ​មក​ធ្វើ​កម្មសិក្សា​នៅ​កម្ពុជា​។ សរុប​មកទល់ពេលនេះ​មាន​និស្សិត​ជប៉ុន​ចំនួន​២៧​រូប​ហើយ បាន​ចែករំលែក​និង​សិក្សា​នៅ​កម្ពុជា​»​។ លោក អង្គា​រ៉ា ថ្លែង​បែបនេះ ហើយ​បន្ថែមថា នៅ​ឆ្នាំនេះ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ​និង​កីឡា បានដាក់​សាកល្បង​កម្ម​វិធី​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​(១២+៤) ដើម្បី​ជា​បទពិសោធ មុន​ឈានទៅ​វិ​វត្ត​ខ្លួន​ពី​វិទ្យាស្ថាន​ទៅជា​សាកលវិទ្យាល័យ​នា​ថ្ងៃ​អនាគត​។​
 
​ដើម្បី​ឲ្យ​គម្រោង​បង្កើត​សាកលវិទ្យាល័យ​នៅ​កម្ពុជា​លេចចេញ​ជា​រូបរាង អង្គការ​បេះដូង​មាស​របស់​ជប៉ុន បានផ្តល់​ថវិកា​ជាង​៣៩​ម៉ឺន​ដុល្លារ​ក្នុង​ឆ្នាំ​១​ដល់​វិទ្យាស្ថាន​អប់រំ​កាយ​និង​កីឡា ដែលមាន​រយៈពេល​៣​ឆ្នាំ​។ ថវិកា​ទាំងនេះ នឹង​ចំណាយ​លើ​ការបណ្តុះបណ្តាល​ធន​ធន បច្ចេកទេស និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​។ ជាក់ស្តែង​នៅ​ដើមខែ​មីនា ខាងមុខ អង្គការ​នេះ នឹង​ជួយ​សាងសង់​អាង​ហែល​ទឹក​ខ្នាតតូច​មួយ ដែលមាន​បណ្តោយ​ប្រមាណ​២៥​ម៉ែត្រ​។​
 
​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ​និង​កីឡា​បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៨៨ ដោយបាន​វិ​វត្ត​ខ្លួន​ពី​សាលា​មធ្យម​សិក្សាអប់រំ​កាយ​និង​កីឡា​នៅ​ឆ្នាំ​១៩៩៧​។ បច្ចុប្បន្ន​មាន​សិស្ស​ចំនួន​២៥៣​នាក់​កំពុង​សិក្សា​៕ 
 

Tag:
 ​វិទ្យាស្ថាន​អប់រំ​កាយ​និង​កីឡា​
  ធម្ម អង្គា​រ៉ា​
  NIPPON
© រក្សាសិទ្ធិដោយ thmeythmey.com