អន្តរជាតិ
ប្រមុខ​ការទូត​វៀតណាម​៖ នីតិវិធី​ធ្វើ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ដំណើរការ​យឺត​ជាង​ការរំពឹងទុក​
19, Jan 2019 , 9:19 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​ហៅ​ស្ថានភាព​នៃ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​ឆ្នាំ​២០១៨ ថា​មាន​លក្ខណៈ​អាក្រក់ និង​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង ដ្បិត​សកម្មភាព​វាតទី​នៅតែ​បន្តធ្វើ​ឡើង​ទាំង​បំពាន​ច្បាប់​អន្តរជាតិ​។ ក្រុង​ហាណូយ ក៏បាន​ប្រកាស​យក​បញ្ហា​សមុទ្រ​ខាងត្បូង គឺជា​បញ្ហា​អាទិភាព​សម្រាប់​ការអនុវត្ត​គោលនយោបាយ​ការបរទេស​។

 

 
​នា​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការទូត​ឆ្នាំ​២០១៨ និង​បេស​សកម្ម​ឆ្នាំ​២០១៩ លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស​វៀតណាម Phạm Bình Minh បាន​កត់សម្គាល់ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺជា​បញ្ហា​រួមមួយ និង​អាចធ្វើ​ឲ្យ​មាន​ជម្លោះ​កើតឡើង​មានបាន ក៏ប៉ុន្តែ​សម្រាប់​លោក បើ​ជម្លោះ​កើតមានឡើង នោះ វា នឹង​ប៉ះពាល់​ខ្លាំង​ទាំង​លើ​ពាណិជ្ជកម្ម សន្តិសុខ ក៏ដូចជា​សណ្តាប់ធ្នាប់​ក្នុង​តំបន់​។​
 
​តាម​ការចុះផ្សាយ​របស់​ភ្នាក់ងារ​ព័ត៌មាន Vietnam News លោក​ឧបនាយករដ្ឋមន្ត្រី បាន​អះអាងថា ២០១៨ គឺជា​ឆ្នាំ​នៃ​ការអភិវឌ្ឍ​ដ៏​ស្មុគស្មាញ​មួយ​នៃ​សមុទ្រ​ចិន​ខាងត្បូង ឬ​វៀតណាម ហៅថា​សមុទ្រ​ខាងកើត ដ្បិត សកម្មភាព​សាងសង់ និង​យោ​ធូប​នីយកម្ម​នៅក្នុង​តំបន់​ថ្ម​ប៉ប្រះ​ទឹក​មួយចំនួន​ដែល​មិនមាន​អ្នក​តាំង​លំនៅ​ក្នុង​តំបន់​មាន​វិវាទ នៅតែ​បន្ត ដែល​លោក​ឧបនាយករដ្ឋមន្ត្រី មើលឃើញថា ជាការ​បំពាន​មួយ អាច​ប៉ះពាល់​ដល់​សន្តិភាព មិន​ត្រឹមតែ​ក្នុង​តំបន់ ក៏ប៉ុន្តែ​អាស៊ី​ប៉ាស៊ីហ្វិក​ទាំងមូល​។ 
 
​តាមរយៈ​វេទិកា ដែល​ស្ទើរតែ​គ្របដណ្តប់​ដោយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នោះ ប្រមុខ​ការទូត​វៀតណាម​រូបនេះ ក៏បាន​បង្ហើប​ពី​ការវិវត្តន៍​ចុងក្រោយ​នៃ​ការធ្វើ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​របស់​អាស៊ាន និង​ចិន​ផងដែរ​។ តាម​លោក Minh ដំណើរ​នៃ​ការធ្វើ​ក្រម​ប្រតិបត្តិ មាន​ភាពយឺត​យ៉ាង​ជាង​ការរំពឹងទុក​ទៅទៀត ហើយ​មកទល់ពេលនេះ ក្រុមបច្ចេកទេស​នៅ​មិនទាន់​សម្រេច​បានជា​អត្ថបទ​អ្វី​ដុំកំភួន​នោះទេ​។ 
 
« ឆ្នាំ​២០១២ ជា​ឆ្នាំ​នៃ​ខួប​លើក​ទី​១០ នៃ​ការចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​ស្តីពី​ភាគី​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (DOC) ។ ពេលនោះ​ប្រទេស​ពាក់ព័ន្ធ​ទាំងអស់ បានបង្ហាញ​ក្តីសង្ឃឹម​ថា ក្រម​ប្រតិបត្តិ ( COC) នឹង​អាច​បញ្ចប់​ដោយ​ឆាប់ៗ ក៏ប៉ុន្តែ ឆ្នាំ​២០១៧-២០១៨ ការចរចា ក៏បាន​ចាប់ផ្តើម​លើ​ធាតុ​ចូល​ដើម្បី​ធ្វើ COC ហើយ​មកទល់ពេលនេះ មិនមាន​អត្ថបទ​ពាក់ព័ន្ធ​ក្រម​ប្រតិបត្តិ​ត្រូវបាន​បង្កើតឡើង​ឡើយ​»​។ នេះ គឺជា​លើកឡើង​របស់លោក​ឧបនាយករដ្ឋមន្ត្រី​។ 
 
​គួរ​ជម្រាប​ផងដែរ​ថា សមុទ្រ​ចិន​ខាងត្បូង ជា​ដែនទឹក​ដ៏​មាន​សក្តានុពល​មួយ​ទាំង​ផ្នែក​សកម្មភាព​ពាណិជ្ជកម្ម និង​ធនធានធម្មជាតិ​។ ដែនសមុទ្រ​នេះ បាន​ក្លាយជា​តំបន់​វិវាទ​លើ​ភាពជា​ម្ចាស់​សិទ្ធិ​អស់​រយៈពេល​ច្រើន​ទសវត្ស៍​មកហើយ ដោយសារ មាន​ភាគី​ពាក់ព័ន្ធ​ដូចជា​រដ្ឋ​អាស៊ាន​រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម និង​ចិន បានទាមទារ​លើ​តំបន់​ត្រួតស៊ីគ្នា ជាមួយនឹង​មូលដ្ឋាន​ភស្តុតាង​ផ្សេងៗ​៕
 

Tag:
 ​វៀតណាម​
  សមុទ្រ​ចិន​ខាងត្បូង​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com