អន្តរជាតិ
គ្រួសារ​មួយ​ជួល​បន្ទប់​តម្លៃ​១៥០០​ដុល្លារ​ក្នុង​១​ខែ​ឲ្យ​ឆ្មា​របស់ខ្លួន​រស់នៅ​
19, Jan 2019 , 9:59 pm        
រូបភាព
ដោយ: ធីតា
​ឆ្មា​ញី​ពីរ​ក្បាល​ឈ្មោះ Louise និង Tina ហាក់​មានសំណាង​ជាង​មនុស្ស​មួយចំនួន ដោយ​ពួកវា​បានរស់នៅ​ក្នុង​បន្ទប់​ស្ទី​ត​យោ​ដ៏​ធំ​មួយ ជាមួយនឹង​សម្ភារ​ជាច្រើន​។ ម្ចាស់​ពួកវា​បាន​ជួល​ក្នុងតម្លៃ​១៥០០​ដុល្លារ​អាមេរិក​ក្នុង​ខែ ដែល​ស្ថិតក្នុង​តំបន់​បច្ចេកវិទ្យា Sillicon Valley ក្រុង San Jose រដ្ឋកា​លី​ហ្វ​នីញ៉ា សហរដ្ឋអាមេរិក​។​

 
«​ពួកគេ​អត់​ផឹក​! ពួកគេ​អត់​ជក់ ហើយ​ពួកគេ​អត់​ចាក់​ភ្លេង​ឮ​ខ្លាំង​»​។ នេះ​ជាការ​រៀបរាប់​របស់លោក David Callisch ដែលជា​ម្ចាស់ផ្ទះ ទាក់ទង​នឹង​សកម្មភាព​ប្រចាំថ្ងៃ​របស់​អ្នក​ជួល​ផ្ទះ​ខ្លួន ប៉ុន្តែ​ពួកគេ​មិនមែនជា​មនុស្ស​ឡើយ ពោលគឺ​ឆ្មា​ពីរ​ក្បាល​។​
 
Silicon Valley ជា​តំបន់​ដែលមាន​តម្លៃ​អចលនទ្រព្យ​ថ្លៃ​បំផុត​មួយ​នៅ​សហរដ្ឋអាមេរិក​។ បើ​យោងតាម​ការផ្សាយ​របស់ ABC ឆា្ម​ទាំងពីរ​រស់នៅក្នុង​បន្ទប់​ដែលមាន​ទំហំ​៣៧​ម៉ែត្រ​ការេ ដោយមាន​បន្ទប់ទឹក ទូរទស្សន៍ ពូក និង​កម្រាលព្រំ​មួយ​កំ​ប្លេ រួមទាំង​ឧបករណ៍​ផ្សេងៗ​ក្នុង​ស្ទី​ត​យោ​។​
 
​តាមពិតទៅ​លោក Caliisch ក៏​មិន​ចង់បាន​អតិថិជន​ជា​សត្វ​ឆ្មា​នោះដែរ ប៉ុន្តែ​ពួកវា​គឺជា​សត្វ​ចិញ្ចឹម​របស់​កូន​មិត្តភក្តិ​ម្នាក់​។ Victoria Amith ដែលជា​ម្ចាស់​ឆ្មា ត្រូវ​ទៅ​រស់នៅក្នុង​អន្តេវាសិកដ្ឋាន​របស់​ម​ហា​វិទ្យាល័យ ហើយ​កន្លែង​នោះ គេ​មិន​អនុញ្ញាត​ឲ្យ​ចិញ្ចឹមសត្វ​ឡើយ ម្យ៉ាងទៀត​ឪពុក​របស់​នាង​ត្រូវ​ប្តូរ​ទីតាំង​ទៅ​រស់នៅ​កន្លែង​ផ្សេង​ដែល​ឆ្ងាយ​ពី​នាង​។​

Tag:
 ឆ្មា​
© រក្សាសិទ្ធិដោយ thmeythmey.com