ជាតិ
សង្គមជាតិ
សុវត្តិភាព ចរាចរណ៍
រដ្ឋមន្ត្រីមហាផ្ទៃ៖ បើមិនទប់ស្កាត់ នឹងមានអ្នកស្លាប់ជាង៣ពាន់នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅឆ្នាំ២០២០ រដ្ឋមន្រ្តីមហាផ្ទៃ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពផ្លូវគោកប្រចាំឆ្នាំ២០១៨។ រូបពីទំព័រហ្វេសប៊ុកសម្តេច ស ខេង
× បើគ្មានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពនិងទាន់ពេលវេលាទេ គេ អាចប៉ាន់ស្មានថា អ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរចរណ៍ នឹងកើនឡើងរហូតដល់ជាង៣ពាន់នាក់ ក្នុងឆ្នាំ២០២០។ នេះជាការលើកឡើងរបស់សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
អគ្គស្នងការនគរបាលជាតិ បានស្រង់សម្តីរបស់សម្តេច ស ខេង ដែលថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពផ្លូវគោកប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ដែលរៀបចំឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ទៅចុះផ្សាយយ៉ាងដូច្នេះថា៖«យើង ត្រូវរួមគ្នាទប់ស្កាត់ ដើម្បីអាយុជីវិតពលរដ្ឋខ្មែរយើងទាំងអស់គ្នា»។
ដើម្បីឲ្យការងាររបស់គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩ សម្រេចបានលទ្ធផលល្អថែមទៀត រដ្ឋមន្ត្រីមហាផ្ទៃ បានស្នើដល់ថ្នាក់ដឹកនាំជាតិ និងថ្នាក់រាជធានី-ខេត្ត ឲ្យបន្តអនុវត្តតាមទិសដៅដែលបានដាក់ចេញក្នុងរបាយការណ៍ និងខិតខំដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយនិរន្តភាព តម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព ក្នុងស្មារតីប្តេជ្ញាចិត្តទទួលខុសត្រូវខ្ពស់។ នេះបើតាមអគ្គស្នងការនគរបាលជាតិដដែល។
ប្រភពខាងលើ បានឲ្យដឹងទៀតថា សម្តេច ស ខេង បានស្នើដល់ក្រសួងនិងស្ថាប័នពាក់ព័ន្ធ ឲ្យបង្កើនការផ្សព្វផ្សាយនិងការអប់រំពីច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឲ្យមាននិរន្តភាព ប្រសិទ្ធភាព ព្រមទាំងត្រួតពិនិត្យមន្ត្រីរាជការកងកម្លាំង និងមន្ត្រីក្រោមឱវាទ អំពីការអនុវត្តច្បាប់ និងសីលធម៌។
លើសពីនេះ សម្តេច ស ខេង ថែមទាំងជំរុញឲ្យធ្វើវិស្វកម្មផ្លូវថ្នល់ឲ្យបានសមស្របទៅនឹងកំណើនយានយន្ត និងជំរុញឲ្យបានជោគជ័យនូវការដឹកជញ្ជូនអ្នកដំណើរដោយមធ្យោបាយសាធារណៈ រថយន្តក្រុង ព្រមទាំងលើកទឹកចិត្តការដឹកជញ្ជូនតាមបណ្ដាញផ្លូវដែក និងផ្លូវទឹក ដើម្បីរំលែកបន្ទុកនៃការដឹកជញ្ជូនតាមផ្លូវគោក។ ក្រៅពីនេះ រដ្ឋមន្ត្រីមហាផ្ទៃ ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរ និងអ្នកបើកបរគ្រប់រូប ឲ្យពាក់មួកសុវត្ថិភាពឬខ្សែក្រវ៉ាត់សុវត្ថិភាព និងបើកបរដោយការប្រុងប្រយ័ត្ន ដើម្បីរួមគ្នា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
សូមរម្លឹកថា មានមនុស្សយ៉ាងតិច១,៧ពានក់ បានស្លាប់ និង៤,៧ពាន់នាក់ បានរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជា ក្នុងឆ្នាំ២០១៨៕
Tag:
ស ខេង
គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com