ជាតិ
សេដ្ឋកិច្ច
គ្រាន់តែ​ក្រសួងពាណិជ្ជកម្ម​មួយ ខាត​ចំណូល ៦០​លាន​ដុល្លារ ដើម្បី​ត្រៀម​ជួយ​អ្នក​នាំចេញ​
19, Jan 2019 , 7:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុង​បរិបទ​ដែល​រដ្ឋាភិបាល​ប្រកាស​យុទ្ធនា​ការពង្រឹង​ឯករាជ្យភាព​សេដ្ឋកិច្ច ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ត្រៀម​កាត់បន្ថយ​ការយក​កម្រៃ​សេវា​ទាក់ទង​ការផលិត ការនាំចេញ ដើម្បី​បញ្ចុះ​ថ្លៃដើម​ផលិត និង​ធ្វើ​ឲ្យ​ទំនិញ​កម្ពុជា​មានតម្លៃ​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​។ ការធ្វើ​បែបនេះ​ក្នុង​បំណង​ថា ការធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា ត្រូវ​ឈរលើ​គោលការណ៍​ទីផ្សារ ពោលគឺ​គេ​លក់បាន យើង​ក៏​លក់បាន មិនមែន​ទាល់តែ​គេ​អនុគ្រោះ​ពន្ធ ទើប​លក់បាន​ដូច​គេ​។


 
​ក្រសួងពាណិជ្ជកម្ម ដែល​ពាក់ព័ន្ធ​ដ៏​សំខាន់​មួយ​ក្នុង​យុទ្ធនាការ​នេះ កំពុង​កាត់បន្ថយ ឬ​សម្រួល​ការយក​កម្រៃ​ផ្សេងៗ​ពី​ពាណិជ្ជករ អ្នក​នាំចេញ​។ មន្ត្រីជាន់ខ្ពស់​ក្រសួង​មួយ​នេះ បានប្រកាសថា គ្រាន់តែ​កម្រៃ​ផ្សេងៗ​ដែល​ធ្លា​ប់យក តែ​ឥឡូវ​លុបចោល ឬ​បន្ធូរ​ប​ន្ធ​យ ក្រសួង​បាត់បង់​ចំណូល​ប្រមាណ ៦០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ក្នុង​សន្និសីទ​ជុំវិញ​ករណី EU ដាក់​ពន្ធ​អង្ករ​កម្ពុជា នៅ​ថ្ងៃទី​១៨​ខែមករា​។​

​ខាងក្រោម​នេះ​ជា​ប្រសាសន៍​របស់លោក សុខ សុភ័ក្ត្រ ៖




 
​ក្រសួងពាណិជ្ជកម្ម​បាន​លុបចោល​កម្រៃ​សេវា​មួយចំនួន និង​ត្រៀម​ខាតបង់​លើ​ផ្នែក​ខ្លះទៀត​។ នៅ​ឆ្នាំ​២០១៧ ក្រសួង​បាន​ទម្លាក់ចោល​កម្រៃ​គ្រប់គ្រង​ការនាំចេញ ដែល​មួយឆ្នាំ​ក្រសួង​រកបាន​ប្រមាណ ២០​លាន​ដុល្លារ​។ នៅ​ខែធ្នូ​ឆ្នាំ​២០១៨ ក្រសួង​លុបចោល​ការតម្រូវ​ឲ្យ​សុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ (CO) ពី​ក្រសួង​ទៀតហើយ ដោយ​ពាណិជ្ជករ​គ្រាន់តែ​ចុះឈ្មោះ​ក្នុង​បញ្ជី​អ្នក​នាំចេញ​របស់​សហភាព​អឺរ៉ុប ដែល​ក្រសួង​ខាត​ជាង ១០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ក្រសួង​ត្រៀម​ដក​អង្គភាព​ឈរជើង​នៅ​ចក្រ​ព្រំដែន ដូចជា​កាំកុងត្រូល ដែល​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ជាង ៣០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​
 
​បើតាម​លោក សុខ សុភ័ក្ត្រ ស្ថាប័ន​ផ្សេងទៀត​ដូចជា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​នឹង​ត្រៀម​កាត់បន្ថយ​ផ្នែក​ពន្ធ ឬ​កម្រៃ​ផ្សេងៗ​ផងដែរ​។ លើសពីនេះ​រដ្ឋាភិបាល​នឹង​ត្រួតពិនិត្យ​ឡើងវិញ​លើ​វិស័យ​ដឹកជញ្ជូន ដែល​អាច​ក្រែង​ក្រុមហ៊ុន​ទទួល​ដឹកជញ្ជូន នាំ​ទំនិញ​ទៅ​ក្រៅប្រទេស យក​តម្លៃ​ខ្ពស់​ពេក ឬ​មានការ​រកស៊ី​ផ្ដាច់មុខ ជាដើម​។​
 
​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​រូបនេះ អះអាងថា ការដាក់​ពន្ធ​អង្ករ​ដោយ​EU នឹងមិន​ទំនង ជា​បន្ទុក​ដល់​កសិករ ធ្វើ​ឲ្យ​ស្រូវ​ចុះថោក​នោះទេ ព្រោះ​រដ្ឋាភិបាល​បាន​ជួយ​សម្រួល​លុបចោល ឬ​ប​ន្ធ​យក​ម្រៃ​មួយចំនួន និង​ព្យាយាម​ទម្លាក់​ថ្លៃដើម​ផលិត ដល់​វិស័យ​ឯកជន​។ 
 
​បើតាម​ការ​គណនា ស្រូវ​អាច​ធ្លាក់​ថ្លៃ ៣០០ ទៅ​៤០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ដោយសារ​ការយកពន្ធ​អង្ករ ប្រសិន​ណា​គ្មាន​កិច្ច​អន្តរាគមន៍​របស់​រដ្ឋា​ភិ​បាល​ទៅលើ​កម្រៃ ថ្លៃដើម​ផលិត ពន្ធ​ផ្សេងៗ​៕
  

Tag:
 អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com