ជាតិ
នយោបាយជាតិ
ប្រមុខរដ្ឋាភិបាល ចេញពីកម្ពុជា ឆ្ពោះទៅចិន នាព្រឹកនេះ
×
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូ បានចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះ។
ក្នុងអំឡុងនៃទស្សនកិច្ចនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា នឹងជួបមេដឹកនាំកំពូលៗរបស់ចិន ដែលរួមមាន លោកប្រធានាធិបតី ស៊ី ជីនភីង លោកនាយករដ្ឋមន្ត្រី លី ខឺឈាង ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន លោក លីចាន់ស៊ូ ប្រធានសភាប្រឹក្សានយោបាយចិន លោក វ៉ាង យ៉ាង។ ព័ត៌មានលើទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់បែបនេះថា៖«ការជួបពិភាក្សាទាំងនេះ នឹងផ្តោតទៅលើការពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិន ដើម្បីផលប្រយោជន៍នៃប្រជាជាតិទាំងពីរ»។
ក្រៅពីជំនួបខាងលើ មេដឹកនាំកម្ពុជា នឹងមានជំនួបដាច់ដោយឡែកជាមួយលោក សុង តាវ ប្រធានមន្ទីរទំនាក់ទំនងអន្តរជាតិរបស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន និងអ្នកស្រី គូ សៀវលៀន ប្រធានសមាគមមិត្តភាពចិន-កម្ពុជា រួមទាំងថ្នាក់ដឹកនាំធុរៈកិច្ច៤រូបទៀតពី ធនាគារចិន សាជីវកម្មស្ពានថ្នល់ចិន ក្រុមហ៊ុនវិស្វកម្ម និងដែកថែបចិន និងក្រុមហ៊ុនហួណេងគ្រុប។
លើសពីនេះ គណៈប្រតិភូកម្ពុជា នឹងទៅទស្សនាការតាំងពិព័រណ៍ខួបអនុស្សាវរីយ៍លើកទី៤០ នៃ «កំណែទម្រង់ និងការបើកទូលាយប្រទេសចិន» និងចូលរួមជាអធិបតី ក្នុងពិធីបើកវេទិកាសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិន ឆ្នាំ២០១៩ ហើយចុងក្រោយ គឺជួបសំណេះសំណាល ជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសចិន។ ដំណើរទស្សនកិច្ចនេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី២៣ ខែមករា៕
© រក្សាសិទ្ធិដោយ thmeythmey.com