អន្តរជាតិ
ពួក​សកម្មប្រយុទ្ធ​អាល់​កៃ​ដា​៧០​នាក់​ត្រូវបាន​សម្លាប់​នៅ​ប្រទេស​សូ​ម៉ាលី​
20, Jan 2019 , 11:59 am        
រូបភាព
ដោយ: VOA
​ក្រុមមន្ត្រី​យោធា​សូ​ម៉ាលី​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ពួក​សកម្មប្រយុទ្ធ​អាល់​កៃ​ដា​ចំនួន ៧០​នាក់​ត្រូវបាន​សម្លាប់ ខណៈ​ពួកគេ​ព្យាយាម​ដណ្ដើម​កាន់កាប់​មូលដ្ឋាន​យោធា​របស់​រដ្ឋាភិបាល​និង​នៅក្នុង​ការវាយប្រហារ​តាម​អាកាស​នៅក្បែរ​ទីក្រុង​កំពង់ផែ Kismayo ភាគខាងត្បូង​ប្រទេស​សូ​ម៉ាលី​។​

 
​មន្ត្រី​យោធា​បាន​ប្រាប់​វី​អូ​អេ​ថា ពួក​សកម្មប្រយុទ្ធ​បានចាប់ផ្តើម​ការវាយប្រហា​រ​មិន​រំពឹងទុក​កាលពី​ថ្ងៃ​សៅរ៍​នៅឯ​មូលដ្ឋាន​យោធា​ក្បែរ​ភូមិ Bula Gudud ចម្ងាយ​៥០​គីឡូម៉ែត្រ​ខាងជើង​ក្រុង Kismayo ដោយ​ចាប់ផ្តើម​ពី​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ចំនួន​បី​។ បន្ទាប់មក​ក្រុម​សកម្មប្រយុទ្ធ​ប្រដាប់​ដោយ​អាវុធ​ធុន​ធ្ងន់​រាប់សិប​នាក់​បាន​វាយប្រហារ​មូលដ្ឋាន​នោះ​ពី​គ្រប់​ទិស​។​
 
​លោក Abdinur Ibrahim អ្នកនាំពាក្យ​សន្តិសុខ​ប្រចាំ​តំបន់ បាន​ប្រាប់​វី​អូ​អេ​ថា «​ភេរវ​ករ​បាន​វាយប្រហារ​មូលដ្ឋាន ដោយ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ហើយ​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​ក៏​កើតមានឡើង​។ យើង​បាន​កម្ចាត់​ពួកវា ហើយ​បង្ខំ​ពួកវា​រត់​ភៀសខ្លួន​យក​ប្រាស​អាយុ​។ យើង​បានសម្លាប់​ពួក​សកម្មប្រយុទ្ធ​យ៉ាងតិច​៧០​នាក់​ក្នុងអំឡុងពេល​វាយលុក​និង​ក្នុងការ​វាយប្រហារ​តាម​អាកាស​ជា​បន្ត​»​។​
 
​ក្រុម​ប្រដាប់អាវុធ​មាន​ទំនាក់ទំនង​ជាមួយ​ពួក al-Qaida បានប្រកាស​ទទួលខុស​ត្រូវការ​វាយប្រហារ​នៅ​មូលដ្ឋាន​យោធា ហើយ​បាន​និយាយថា ទាហាន​សូ​ម៉ាលី​៤១​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ហេតុការណ៍​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com