ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផលវិបាកមួយនៃជំងឺទឹកនោមផ្អែម ៖ ការលែងដឹងជើង
× ជាតិស្ករក្នុងឈាមខ្ពស់ អាចធ្វើឲ្យប៉ះពាល់ដល់សរសៃប្រសាទនៅទូទាំងរាងកាយរបស់អ្នក ប៉ុន្តែជំងឺទឹកនោមផ្អែមដែលនាំឲ្យខូចសរសៃប្រសាទភាគច្រើនបំផុត គឺប៉ះលើសរសៃប្រសាទនៅជើងរបស់អ្នកជំងឺ ដែលជាមូលហេតុចំបងបំផុតនៃការស្ពឹកជើង ហើយច្រើនកើតមានលើអ្នកជំងឺទឹកនោមផ្អែម។
ដោយអាស្រ័យលើសរសៃប្រសាទដែលរងផលប៉ះពាល់ រោគសញ្ញានៃជំងឺទឹកនោមផ្អែមដែលនាំឲ្យខូចសរសៃប្រសាទអាចរាប់ពីការឈឺចាប់ និងការស្ពឹកនៅលើអវៈយៈវៈ រហូតទៅដល់បញ្ហាជាមួយនឹងប្រព័ន្ធរំលាយអាហារ ផ្លូវទឹកនោម សរសៃឈាម និងបញ្ហាបេះដូង។
ចំពោះមនុស្សមួយចំនួនដែលមានរោគសញ្ញាទាំងនេះ គឺមានកម្រិតស្រាល តែចំពោះអ្នកផ្សេងទៀតជំងឺអាចធ្វើឲ្យមានការឈឺចាប់ ពិការភាព និងអាចឈានដល់សេចក្តីស្លាប់បាន។
ជើង និងកំភួនជើងរបស់អ្នកនឹងត្រូវរងផលប៉ះពាល់ដំបូងគេបន្ទាប់មកនៅដៃ។ សញ្ញាដែលអាចកើតមានសម្រាប់ជំងឺនេះអាចមានដូចជា៖
• ស្ពឹក ឬមានការថយចុះនូវសមត្ថភាពក្នុងការដឹងការឈឺចាប់ ឬការផ្លាស់ប្តូរសីតុណ្ហាភាពជាពិសេសនៅជើង និងម្រាមជើងរបស់អ្នកជំងឺ
• ឈឺ ឬក្រហាយ
• ឈឺចាប់ខ្លាំងដែលអាចកាន់តែអាក្រក់នៅពេលយប់
• មានការឈឺចាប់នៅពេលដើរ
• ស្រៀវខ្លាំងទៅនឹងការប៉ះពាល់តិចតួចសោះ
• ខ្សោយសាច់ដុំ និងពិបាកក្នុងការដើរ
• មានបញ្ហាជើងធ្ងន់ធ្ងរដូចជាមានដំបៅ ការឆ្លងមេរោគ ខូចទ្រង់ទ្រាយ និងមានការឈឺឆ្អឹង និងសន្លាក់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com