ជាតិ
សង្គមជាតិ
មនុស្ស​មួយក្រុម​ធំ មាន​ចិន​២៩​នាក់​និង​វៀតណាម​២៣​នាក់ ត្រូវ​ចាប់ខ្លួន​ពីបទ​ល្មើស​គ្រឿងញៀន​
20, Jan 2019 , 3:15 pm        
រូបភាព
រូបពីអគ្គស្នងការនគរបាលជាតិ
រូបពីអគ្គស្នងការនគរបាលជាតិ
ដោយ: ថ្មីៗ
​កម្លាំង​ប្រតិបត្តិការ​ប៉ូលិស​ដ៏​ធំ​មួយ បាន​សម្រុក​ទៅ​បង្ក្រាប​ជនល្មើស​មួយក្រុម ដែលមាន​គ្នា​ដល់​ទៅ​៥៨​នាក់ (​ស្រី​២៤​នាក់​) ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន នៅក្នុង​ក្លឹប​ឈ្មោះ​ប្រូ ស្ថិតនៅ​ចំណុច​មហាវិថី​ព្រះមុនីវង្ស សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ម៉ោង​១២​និង​១៥​នាទី​យប់ ឈានចូល​ថ្ងៃទី​១៩​មករា ឆ្នាំ​២០១៩​។​


 
​អគ្គស​ង្ន​ការ​នគរបាលជាតិ ចុះផ្សាយ​ថា បទល្មើស​ដែល​ត្រូវ​បង្ក្រាប​ក្នុង​ប្រតិបត្តិការ​នេះ គឺ​ការជួញដូរ​គ្រឿងញៀន ការផ្តល់​ទីតាំង​ឲ្យ​ជួញដូរ​គ្រឿងញៀន និង​ការប្រើប្រាស់​គ្រឿងញៀន​។ នគរបាលជាតិ បន្ថែមថា ជនល្មើស​ទាំងនោះ គឺមាន​ជនជាតិ​ចិន​២៩​នាក់ (​ស្រី​៥​នាក់​) ជនជាតិ​វៀតណាម ២៣​នាក់ (​ស្រី​១៥​នាក់​) ជនជាតិ​ថៃ​២​នាក់ ជនជាតិខ្មែរ​៣​នាក់ (​ស្រី​២​នាក់​) និង​ជនជាតិ​កូរ៉េ​១​នាក់​។ 
 
​បើតាម​នគរបាលជាតិ ជនសង្ស័យ​ទាំងនោះ រួមមាន អនុប្រធាន​ក្រុមហ៊ុន​ម្នាក់ ជា​ម្ចាស់​ទីតាំង មេការ​ធំ​ម្នាក់ មេការ​តូច​ម្នាក់ អ្នកប្រើប្រាស់​៥៣​នាក់ និង​អ្នក​កំដរ​២​នាក់​។ ក្រោយ​ធ្វើតេស្ត​រួច សមត្ថកិច្ច​រកឃើញថា មាន​៥២​នាក់ ដែល​បាន​ប្រើប្រាស​គ្រឿងញៀន ឯ​៦​នាក់​ទៀត មិន​ប្រើប្រាស់​ទេ​។ 
 
​នគរបាលជាតិ បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​វត្ថុតាង​ដែល​ចាប់បាន រួមមាន អ៊ិ​ច​ស្តា​ស៊ី​គ្រាប់​ទម្ងន់​២.៥​ក្រាម ម្សៅ​គេ​តា​មីន​៦.៥៨​ក្រាម និង​ម្សៅ​កាហ្វេ​អ៊ិ​ច​ស្តា​ស៊ី​៩៧.៨​ក្រាម​។ ប្រភព​ដដែល បញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​បន្តទៅ​តុលាការ​តាម​នីតិវិធី​៕
 

Tag:
 ចិន​
  វៀតណាម​
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com