ខ្មែរ​ក្រហម
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ខ្មែរក្រហម​៖ សិក្សា​ពី​អតីតកាល តែ​កុំ​បំភ្លេច​បច្ចុប្បន្នភាព​
21, Jan 2019 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ ការសម្ដែង​សិល្បៈ​ល្ខោននិយាយ​រឿង “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” បង្ហាញ​អំពី​ការទទួលខុសត្រូវ ការទទួលស្គាល់​កំហុស និង​ការសុំ​អភ័យទោស​។ រឿងនេះ​ជា​ផ្នែក​មួយ​ក្នុង​ការសិក្សា​ពី​ប្រវត្តិសាស្ត្រ​ដ៏​ឈឺចាប់ ក៏​ជា​ជ្រុង​មួយ​ជួយ​ផ្សះផ្សា​ផ្លូវចិត្ត​ជនរងគ្រោះ​បាន​មួយផ្នែក​ដែរ​។ ការសិក្សា​ពី​អតីតកាល​គឺជា​រឿង​សំខាន់ តែ​ការមិន​បំភ្លេច​ពី​បច្ចុប្បន្នភាព​គឺជា​រឿង​ចាំបាច់​ដែល​ខ្មែរ​គ្រប់រូប​ត្រូវធ្វើ​។​



​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖  



 
​ប្រជាជន​ខ្មែរ​ច្រើន​រូប​ណាស់​ដែល​បានដឹងថា ប្រទេស​កម្ពុជា​បានខ្ទេចខ្ទាំ​ដោយសារ​ស​ង្គា​ម​ច្រើន​ជំនាន់ ច្រើន​សម័យ និង​បានដឹង​ពី​មូលហេតុ​ផង តែ​រឿង​ទាំងនោះ​នៅតែ​កើតមាន​ជា​ហូរហែ​។ សង្គ្រាម​ដ៏​ធ្ងន់ធ្ងរ​បំផុត​នា​សម័យ​ខ្មែរក្រហម បានសម្លាប់​ជាតិ​សាស្ត្រ​ឯង​យ៉ាង​រង្គាល​។  
 
​ទំនង​កំហឹង​និង​ការឈឺចាប់ ចាក់​ស្រែះ​តាំងពី​សម័យ​បារាំង​ត្រួតត្រា​ប្រទេស​កម្ពុជា ហើយ​បន្ត​មក​សម័យ​ក្រោយៗ​ទៀត ដែល​កើតឡើង​ពី​ការទា​ពន្ធដារ គម្លាត​រវាង​អ្នកមាន​នឹង​អ្នកក្រ ការមិន​ពេញចិត្ត​រឿង​អ្វីមួយ តែ​មិនអាច​និយាយ និង​មានរឿង​ជាច្រើន​ទៀត ធ្វើឱ្យ​ប្រជាជន​ខ្មែរ​ទ្រាំលែងបាន​។ កំហឹង​ចេះតែ​កើន​ក្នុង​សតិអារម្មណ៍​ខ្មែរ ដែល​ពិបាក​រក​ច្រកចេញ​។ 
​ទោះជា​យ៉ាងណា​ការសិក្សា​ឱ្យដឹងពី​អតីតកាល​ជា​រឿង​សំខាន់ តែ​អ្វីដែល​ខ្មែរ​គ្រប់រូប​ត្រូវ​យកចិត្តទុកដាក់​ឱ្យ​កាន់តែខ្លាំង​នោះ គឺ​បញ្ហា​សង្គម​នាពេល​បច្ចុប្បន្ន​។ ការកសាង​ជាតិ​ប្រកបដោយ​សុខដុមរមនា​ពី​គ្រប់ភាគី គឺជា​រឿង​ដែល​ខ្មែរ​គ្រប់រូប​ធ្វើបាន ក្នុង​ស្មារតី​តម្កល់​ប្រយោជន៍​ជាតិ​ជាធំ​។ ដូច្នេះហើយ​ល្ខោននិយាយ​រឿង “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” បង្កើតឡើង​ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​សង្គម​ខ្មែរ អាច​រស់នៅ​ជាមួយគ្នា​ដោយ​ស្ងប់ចិត្ត​។​
 
​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​និយាយថា ល្ខោននិយាយ​រឿង “​ទម្លាយ​ភាព​ស្ងៀមស្ងាត់​” នេះ​បង្ហាញ​អំពី​ការទទួលខុសត្រូវ​លើ​អំពើ​ដែល​ខ្លួន​បានធ្វើ ការទទួលស្គាល់​កំហុស និង​ការសុំ​អភ័យទោស​។ 
 
«​មានតែ​ការនិយាយ​នេះហើយ​ដើម្បីឱ្យ​យើង​យល់​គ្នា​ទៅវិញទៅមក បើ​យើង​នៅតែ​លាក់ទុក គុំកួន​វា​អាចធ្វើ​ឱ្យមាន​បញ្ជា​អ្វី​ផ្សេងទៀត​។ សព្វថ្ងៃ​ការបន្ទោស​គ្នា​ក៏​ស្ថិតនៅក្នុង​ភាព​មួយ​ដោយ​ប្រយោល​ដែរ យើង​បានដឹងថា​នៅមាន​បញ្ហា​ហ្នឹង​នៅឡើយ ចឹ​ង​បាន​យើង​យក​វា​មក​ទម្លាយ ដើម្បី​យើង​រក​វិធី​ដោះស្រាយ​។ គឺជា​រឿង​ឱ្យ​យល់​ពី​កំហុស ហើយ​អ្នក​ដែល​ធ្វើ​កំហុស​នោះ គាត់​គួរតែ​ធ្វើ​អ្វី មានការ​សុំទោស មានការ​ស្វែងយល់​ពី​អ្នក​ម្ខាង​ទៀត​ជាដើម​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឆាំង យុ​។


 
​គ្រូ​និង​សិស្ស​ជា​គោលដៅ​ដ៏​សំខាន់​សម្រាប់​ការសម្ដែង ក៏​ព្រោះ​ក្រុម​នេះ​មាន​កាតព្វកិច្ច​អប់រំ​ដល់​ក្មេងជំនាន់ក្រោយ​។ លោក ឆាំង យុ បន្ថែម ៖« ក្រុម​ដែល​យើង​ដៅ​ធំ​បំផុត​នោះ​គឺ​ជនរងគ្រោះ គ្រូបង្រៀន និង​សិស្សានុសិស្ស​។ គ្រូបង្រៀន​ហ្នឹង​យើង​ជា​អ្នក​ដែល​ពាំនាំ រក​វិធី​ដោះស្រាយ​អំពី​បញ្ហា​នេះ​ពន្យល់​ទៅ​សិស្ស​»​។​
 
​ជា​អ្នក​បាន​មើល​ការសម្ដែង កញ្ញា ឈឿន និ វ័យ​២៣​ឆ្នាំ​គឺជា​គរុ​សិស្ស​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ មាន​ចំណាប់អារម្មណ៍​ទៅលើ​សាច់រឿង​យ៉ាង​ដូច្នេះ ៖«​ពីដំបូង​ពេលដែល​បាន​សៀវភៅ​មិនសូវ​ចាប់អារម្មណ៍​ទេ តែ​ពេលដែល​ឈុត​ទីមួយ​នៃ​ការសម្ដែង​គឺ​ដាក់​អារម្មណ៍​ទាំងអស់​ទៅក្នុង​ហ្នឹង លន្លង់លន្លោច សប្បាយរីករាយ កើត​ទុក សោកសៅ​តាម​ឈុត​ឆាក​ទាំង​អស់ហ្នឹង ហើយ​កោតសរសើរ​ដល់​ស្នាដៃ​ដែល​គេ​និពន្ធ​ឡើង​។ មាន​អារម្មណ៍​ដូច​ថា​ដិតដាម គិតពី​សម័យ​ហ្នឹង​ដូច​ថា ខ្លោចផ្សា​មែនទែន​»​។


 
​អនាគត​គ្រូបង្រៀន​មុខ​វិទ្យា​ជីវវិទ្យា​រូបនេះ ក្រោយពី​មើល​សាច់រឿង​ចប់ នាង​ប្ដេជ្ញាចិត្ត​ធ្វើឱ្យ​ខ្លួន​ក្លាយជា​ធនធានមនុស្ស​មួយរូប រួមទាំង​បង្រៀន​ក្មេងជំនាន់ក្រោយ​មិនឱ្យ​ដើរ​លើ​គន្លង​ចាស់​។ «​នឹងមិន​ឱ្យមាន​រឿង​បែប​ហ្នឹង​កើតឡើង​ទេ ក្នុងនាម​យើង​ជា​យុវជន​ម្នាក់ យើង​នឹង​ធ្វើឱ្យ​ខ្លួនឯង​ជា​ធនធានមនុស្ស​។ ដូច​ពួក​ខ្ញុំ​ជា​គ្រូ​ចឹ​ង ពេលដែល​ខ្ញុំ​ចេញទៅ​វិញ ខ្ញុំ​នឹង​អប់រំ​បង្រៀន​ក្មេងៗ មនុស្ស​ជំនាន់​ក្រោយ​ហ្នឹង ដើម្បី​កុំឱ្យ​ធ្វើ​អីចឹង​ទៀត​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់ក​ញ្ញា ឈឿន និ​។​
 
​ជា​គរុ​សិស្ស​មួយរូប​ទៀត​មកពី​ខេត្តតាកែវ​លោក ង៉ែត ផល្លា បាន​រកឃើញ​ដំណោះស្រាយ​មួយ​សម្រាប់​ខ្លួន ក្នុងការ​ជៀសឱ្យផុត​ពី​ការ​ធ្វើទុក្ខបុកម្នេញ​គ្នា​ទៅវិញទៅមក​។ ផល្លា បញ្ជាក់ ៖« និយាយ​ទៅ​បើ​យើង​រៀនសូត្រ​បាន​ចេះដឹង បើ​ចំពោះ​ខ្ញុំ​វិញ យើង​មិនត្រូវ​មាន​ភាព​លោភលន់ ភាព​លោភលន់​ពេក​ធ្វើឱ្យ​មនុស្ស​ងងឹត​វិញ ចឹ​ង​មនុស្ស​ហ្នឹង​មិនដឹង​ពី​ភាពខុស​ត្រូវ​ទេ ដឹង​តែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​។     


 
​ចំណែក​កញ្ញា ម៉ៅ ផាន់​ណា វ័យ​២៣​ឆ្នាំ ដែល​មកពី​ខេត្តព្រះវិហារ​នោះ យល់ឃើញថា ដើម្បី​បញ្ចៀស​ស​ង្រា​ម ខ្មែរ​ត្រូវតែ​រួបរួមគ្នា ហើយ​យុវជន​ត្រូវតែ​សិក្សា​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​។ «​ដើម្បី​កុំឱ្យ​ប្រទេស​យើង​ធ្លាក់​ទៅក្នុង​អតីតកាល ប្រជាជន​ឬ​យុវជន​យើង​ជំនាន់​ក្រោយ​ត្រូវតែមាន​ការតស៊ូ ហើយ​ត្រូវតែ​សិក្សា​ស្វែងយល់​ឱ្យបាន​ស៊ីជម្រៅ​ពី​ប្រវត្តិសាស្ត្រ​។ ទាល់តែ​យើង​មានការ​អធ្យាស្រ័យ​ទើប​រឿង​នឹង​វា​ត្រូវបាន​បញ្ចប់ ហើយ​ត្រូវតែ​សហការគ្នា​ថា​កាលណោះ​មិនមែន​គាត់​ចង់​ធ្វើ​ពិតប្រាកដ​ទេ ដោយសារតែ​គាត់​ហ្នឹង​ក៏​ទទួលបញ្ជា​គេ​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ផាន់​ណា​។​
 
​ជា​ផលិតករ​មួយរូប​ដែល​បាន​ចូលរួម​រហូតដល់​វគ្គ​សួរ​សំណួរ លោក ស្វាយ លី​ម៉េង ទទួលបាន​គំនិត​អប់រំ​ពី​សាច់រឿង​”​ទម្លាយ​ភាព​ស្ងៀមស្ងាត់​យ៉ាង​ដូច្នេះ ៖«​តួអង្គ​ក្មេងជំនាន់ក្រោយ​ដែល​ចូលទៅក្នុង​ព្រឹត្តិការណ៍​ហ្នឹង គាត់​ជជីក​ឱ្យ​ចាស់ៗ​និយាយ​ពី​រៀង​ហ្នឹង​មក គាត់​ចង់ដឹង ខ្ញុំ​ពេញចិត្ត​ផ្នែក​ហ្នឹង​។ តួអង្គ​សម្ដែង​មួយ​គាត់​និយាយថា មនុស្ស​ម្នាក់​គួរតែ​ដឹង​ពី​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ឯង ខ្ញុំ​គិតថា​ហ្នឹង​ជា​ចំណុច​ល្អ​មួយ​សម្រាប់​យើង​។ មួយទៀត​ខ្លឹមសារ​ដែល​គាត់​និយាយថា ការផ្សះផ្សា ពៀរ​វា​មិន​រំងាប់​ដោយ​ការ​ចងពៀរ​ទេ​»​។


 
​ឆ្លើយ​នឹង​សំណួរ​ស្រព​ពេលដែល​ភ្នែក​សំឡឹង​មើលទៅ​ឆាក​សម្ដែង នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​លោក ឆាំង យុ ថា ក្រសួងសាមី​បានដាក់​មុខ​វិទ្យា​ស្ដីពី​របប​ខ្មែរក្រហម ទៅក្នុង​កម្មវិធីសិក្សារ​បស់រ​ដ្ឋ ដែល​នេះ​ជា​ផ្នែក​មួយ​ជម្រុញ​ដល់​ការសិក្សា​ស្វែងយល់​ឱ្យ​កាន់តែ​ទូលាយ​។ លោក​បាន​បន្ថែម​យ៉ាង​ដូច្នេះ ៖«ឥឡូវ​យើង​បានចាប់ផ្ដើម​ហើយ យើង​មាន​គោលនយោបាយ​ហើយ មានការ​បង្រៀន​ហើយ យើង​សង្ឃឹមថា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ គរុ​សិស្ស​ទាំងអស់​នឹង​ក្លាយទៅជា​គ្រូ ហើយ​ចាប់​ផ្ដើមនិយាយ​ពី​រឿង​ហ្នឹង អាចមាន​ឥទ្ធិពល​ទៅកាន់​សិស្ស​នៅតាម​ថ្នាក់​ទៀត​។ បើសិនជា​ក្មួយ​គិត​មើល​ទូទាំងប្រទេស បើសិនជា​សិស្ស​រៀន សិស្ស​រាប់លាន​នាក់​ណា ហើយ​សិស្ស​ហ្នឹង​ហើយនឹង​ក្លាយជា​យុវជន ជា​ពលរដ្ឋ ជា​អ្នកបោះឆ្នោត ជា​អ្នកដឹកនាំ​ថ្ងៃក្រោយ បើ​យើង​ចាប់​បង្រៀន​ពីថ្ងៃ​ហ្នឹង​ទៅ ១០​ឆ្នាំ​ទៅមុខទៀត​ដែល​ក្មេង​អស់ហ្នឹង​ទៅ​ជាប់​មហា​រិ​ទ្យា​ល័យ មាន​ការងារ​ធ្វើឱ្យ​ឥទ្ធិពល​មក​សង្គម​»​។ 
 
​ឆ្លើយតប​ដោយ​មិន​ចាំ​គិត​យូរ​លោក ឆាំង យុ បាន​មើលឃើញ​ភ្នក់ភ្លើង​ក្នុង​ចិត្ត​ខ្មែរ​តាំងពី​ឆ្នាំ​១៩៤០​ម្ល៉េះ ទើប​បង្កឱ្យមាន​សង្គ្រាម​សម្លាប់​ជាតិ​សាស្ត្រ​ឯង​នោះ​។ លោក​បន្ថែម ៖«​រឿងរ៉ាវ​ខ្មែរក្រហម​វា​ចាក់​ស្រែះ​តាំងពី​ឆ្នាំ​១៩៤០ ចឹ​ង​វា​ចាក់​ជ្រៅ វា​ឫសកែវ​អីចឹង ការទារ​ពន្ធដារ ការមិន​ពេញចិត្ត ពី​រឿង​បារាំង​ដាក់​អាណានិគម សង្គ្រាមត្រជាក់ រហូតដល់​វាយ​ក្រុងភ្នំពេញ​នៅ​ឆ្នាំ ៧៥ សម្ពាធ​នយោបាយ យើង​រង​ទុក្ខសោក​ដោយសារ​សង្គ្រាម​នៅ​វៀតណាម ពី​រឿង​ត​មក​ច្រើន​។ សេសសល់​ពី​អាណានិគម រហូតមកដល់​មាន​អំពើ​ប្រល័យពូជសាសន៍ ការចូល​មកដល់​រប​ស់​កងទ័ព​វៀតណាម អន្តរា​គម​របស់​អន្តរជាតិ យើង​ទើប​មាន​សន្តិភាព​២០​ឆ្នាំ​ហ្នឹង​ពី​៩៨​មក​»​។


 
​ស្រពគ្នា​នេះដែរ អ្នកស្រី ស៊ូ បូរ៉ា​មី សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​មួយ ពេញចិត្ត​ចំពោះ​ការសិក្សា​ពីបទ​ពិសោធ​ពី​អតីតកាល​។ តែ​ទោះជា​យ៉ាងណាក៏ដោយ សាស្ត្រាចារ្យ​រូបនេះ​សុំឱ្យ​មានការ​យកចិត្តទុកដាក់​ពី​បញ្ហា​សង្គម​នៅក្នុងពេល​បច្ចុប្បន្ន​ឱ្យបាន​កាន់តែច្រើន អ្នកស្រី​បានបញ្ជាក់​យ៉ាង​ដូច្នេះ ៖« មុន​ឆ្នាំ​១៩៧៥​ហ្នឹង ខ្ញុំ​ឃើញ​មាន​គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ នៅពេលនោះ​គំនិត​អវិជ្ជមាន​នឹង​កើតមាន​ហើយ​។ ចំណែក​ស្រុក​យើង​សព្វថ្ងៃ​អ្នកណា​គេ​រកបាន​ក៏​រក​ទៅ អ្នកណា​រក​មិនបាន​ក៏​រស់នៅ​វេទនា​ខ្លះ​ដែរ ត្រូវ​យកចិត្តទុកដាក់​លើ​យុវជន​យើង​ខ្លះ​ដែរ​។ ហើយ​ការ​ចំណាកស្រុក​គឺ​ច្រើន​មែនទែនទៅ​ស្រុក​គេ គេ​រស់នៅ​មិនកើត​បាន​គេ​ទៅ​រស់នៅ​ស្រុក​គេ  ដូច្នេះ​ដើម្បី​កុំឱ្យ​ប៉ុលពត​ត្រឡប់មកវិញ យើង​ត្រូវធ្វើ​ការឱ្យ​មានការ​សប្បាយ​ទាំងអស់គ្នា​នៅក្នុង​ស្រុក​យើង​»​។


 
​ដើម្បី​កុំឱ្យ​បញ្ហា​ចាក់ឫស​ជា​ភ្នំភ្លើង លោក ឆាំង យុ ថា​គួរ​មាន​គោលនយោបាយ​ឱ្យ​ប្រជាជន​បាន​និយាយ និង​ពិភាក្សាគ្នា​រក​ដំណោះស្រាយ ពី​រឿង​ដែល​ខ្លួន​មិន​ពេញចិត្ត ព្រមទាំង​ឱ្យមាន​សកម្មភាព​អប់រំ​ពីរ​បប​ខ្មែរក្រហម ឱ្យ​កាន់តែច្រើន​និង​សម្បូរបែប​។ 
 
​ទោះជា​ខ្មែរ​ធ្លាប់​ឆ្លងកាត់​ស្រមោល​ដ៏​ខ្មៅ​ងងឹត​យ៉ាងណាក៏ដោយ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​បានទទួល​ពានរង្វាន់​សិទ្ធិមនុស្ស Judith Lee Stronach បាន​មើលឃើញថា ស្មារតី​ប្រជាជន​ខ្មែរ​មាន​ភាព​មិនចេះ​ទ្រុឌទ្រោម ជាង​ភាពទន់ខ្សោយ​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ ៖« បើ​យើង​ប្រៀបធៀប​ទៅលើ​ប្រទេស​លើ​ពិភពលោក ប្រទេស​ខ្មែរ​ជា​ប្រទេស​តែមួយគត់​ដែល​ហ៊ាន​ប្រឈម​នឹង​បញ្ហា​នេះ យោងតាម​របាយ​ការ​របស់​អង្គការសហប្រជាជាតិ ខ្មែរ​ហ៊ាន​ប្រឈម​នឹង​បញ្ហា​នេះ ហើយ​គេ​គិតថា​យើង​មិនអាច​ធ្វើបាន តែ​ខ្មែរ​យើង​បាន​ធ្វើបាន យើង បង្រៀន​ទៀត​។ ប្រទេស​ខ្លះ​មិន​ហ៊ាន​បង្រៀន​ទេ ខ្លាច អត់​ហ៊ាន​បង្រៀន​ហើយ អត់​ហ៊ាន​និយាយ​ពី​រឿង​យុត្តិធម៌​ទៀត​។ យើង​ហ៊ាន​ប្រឈម ហ៊ាន​ដោះស្រាយ ចឹ​ង​បាន​ខ្ញុំ​ថា ខ្មែរ​យើង​មាន​ភាព​មិនចេះ​ទ្រុឌទ្រោម​ហ្នឹង​ខ្លាំង​ជាង​ភាពទន់ខ្សោយ​។ ក្នុង​អង្គភាព​ណាមួយ គឺថា​យើង​មាន​ភាព​ទំនួល​សុខ​ត្រូវ ធ្វើ​ខុស​ត្រូវតែ​ទទួលខុស ហើយ​កែលម្អ​ទៅ ហើយ​បើ​យើង​ធ្វើ​មិនបាន​ដកខ្លួន​ចេញ ហ្នឹង​ជា​តួនាទី​យើង​ជា​បុគ្គល ចំពោះ​សាធារណជន​»​។​
 
​ឯកសារ​ជាច្រើន​បានបង្ហាញ​ពី​វិនាសកម្ម​ដែល​ខ្មែរ​បាន​ជួប​កាលពី​អតីតកាល​ច្រើន​ជំនាន់​។ សិក្សា​ពី​ភាព​អន្តរាយ​ទាំងនោះ ដើម្បី​ឆ្លុះបញ្ចាំង​ពី​សង្គម​បច្ចុប្បន្ន​ឱ្យឃើញថា តើ​មាន​ចំណុច​ណាមួយ​ឈានទៅរក​គន្លង​ចាស់​ឬក៏​ទេ​។ បើ​មាន​ត្រូវ​កែប្រែ​ឱ្យទាន់ពេល ដើម្បី​បង្ហាញថា​ការសិក្សា​ទាំងនោះ ពិត​ជាមាន​ប្រសិទ្ធភាព​។ ការ​ខំ​តែ​ចង្អុល​ឱ្យ​គ្នា​ទៅវិញទៅមក មិនមែនជា​ដំណោះស្រាយ​ល្អ​នោះឡើយ តែ​ការរក​គន្លឹះ​ដើម្បី​ពន្យល់​គ្នា ទើប​ជាស​ញ្ញាណ​ឱ្យ​ជាតិ​ថ្កើងថ្កាន​៕

Tag:
 សម័យ​ខ្មែរក្រហម​
  សង្គ្រាម​
  អប់រំ​
  ល្ខោននិយាយ​
  សិល្បៈ​
© រក្សាសិទ្ធិដោយ thmeythmey.com