ជាតិ
សេដ្ឋកិច្ច
លោក ឃុត សុខា ចោលការងារនៅសណ្ឋាគារមកបោះទុនជាង១លានដុល្លារ ដាំបន្លែបែបទំនើប
× សៀមរាប៖ លោក ឃុត សុខា ជាយុវជនខ្មែរមួយរូប ដែលបានបង្កើតកសិដ្ឋានដាំបន្លែសរីរាង្គបែបទំនើបដ៏ធំមួយ ដើម្បីចូលរួមលើកកម្ពស់វិស័យកសិកម្មក្នុងស្រុក និងកាត់បន្ថយការនាំចូលពីបរទេស។ កសិដ្ឋាននេះឈ្មោះថា ហែបភី អែន កូ (Happy+Co)។ តាមយុវជនខ្មែរដែល ធ្លាប់ជាបុគ្គលិកបម្រើការងារនៅក្នុងសណ្ឋាគារ និងជាមគ្គុទ្ទេសក៍ទេសចរណ៍ផង អះអាងថាកសិដ្ឋាននេះ ចំណាយទុនវិនិយោគដំបូងជាង១លានដុល្លារ។
កសិដ្ឋាន ហែបភី អែន កូ (Happy+Co) គឺជាកសិដ្ឋានដាំបន្លែដ៏ធំមួយ ដែលបង្កើតឡើងដោយយុវជនខ្មែរមួយរូប ដែលមានស្រុកកំណើតនៅស្រុកពួក ខេត្តសៀមរាប។ លោក ឃុត សុខា បោះបង់ការងារនៅកន្លែងម៉ាស៊ីនត្រជាក់ មកសម្រេចក្ដីប្រាថ្នារបស់លោកក្នុងការចូលរួមលើកកម្ពស់វិស័យកសិកម្មក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលពីបរទេស។ បន្លែច្រើនច្រើនមុខ ត្រូវបានដាំដុះក្នុងរោងកសិដ្ឋានទំនើប ដែលបោះទុនវិនិយោគជាងមួយលានដុល្លារ។
មុននឹងមកវិនិយោគដាំបន្លែតាមបច្ចេកទេសទំនើបនេះ លោក សុខា ធ្លាប់ធ្វើការនៅតាមសណ្ឋាគារ និងជាមគ្គុទ្ទេសក៍ទេសចរណ៍។ យ៉ាងណា ដោយសារចង់ធ្វើអ្វីជារបស់ខ្លួនឯង ក៏ដូចជាស្រឡាញ់វិស័យកសិកម្ម និងចង់អភិវឌ្ឍន៍វិស័យនេះផងនោះ លោកក៏ចាប់ផ្តើមដាំបន្លែនេះក្នុងអំឡុងឆ្នាំ២០១២។ មុនដំបូងការដាំដុះធ្វើនៅលើដីធម្មតា តែក្រោយមក ដោយសារមានទុនវិនិយោគកាន់តែច្រើន លោក សុខា ក៏អភិវឌ្ឍន៍ទៅជារោងដាំបន្លែបែបផ្ទះបៃតង (Green House) និង Hydroponics។ បន្លែនៅក្នុងកសិដ្ឋាននេះ ភាគច្រើនជាប្រភេទសាលាដ និងប៉េងប៉ោះ ក្រៅពីនោះមានជាខ្លឹម ជី ត្រកួន ត្រប់។ល។ ឯទីផ្សារមិនសូវប្រឈមប៉ុន្មានដែរ។
តាមការបញ្ជាក់របស់ម្ចាស់កសិដ្ឋាន Happy+Co ទីផ្សារសព្វថ្ងៃរបស់បន្លែសរីរាង្គដែលផលិតបាន គឺផ្គត់ផ្គង់នៅតាមសណ្ឋាគារធំ និងភោជនីយដ្ឋានធំៗក្នុងក្រុងសៀមរាបចំនួន ៨០ភាគរយ ក្រៅពីនោះក៏មានលក់រាយនៅតាមទីផ្សារធម្មតាចំនួន ២០ភាគរយផងដែរ។ ក្នុងមួយថ្ងៃ បន្លែចម្រុះសរុបប្រមាណជាង ៥០០គីឡូក្រាម ត្រូវបានផ្គត់ផ្គង់ទៅតាមទីផ្សារខាងលើ។
កសិដ្ឋានដាំបន្លែសរីរាង្គរបស់លោក សុខា មានទំហំជាង ៣ហិកតា ដែលសរុបជារោងមានជាង ៣០រោង និងគ្រោងពង្រីកបន្ថែមបន្តបន្ទាប់ទៀត។ បំណងទៅថ្ងៃខាងមុខ បន្ទាប់ពីជោគជ័យក្នុងការដាំបន្លែហើយនោះ លោក សុខា ចង់កែច្នៃបន្លែដែលបាក់បែក ទៅជាគ្រឿងភេសជ្ជៈ ដែលសព្វថ្ងៃលោកបានសាកល្បងផលិតបានខ្លះៗរួចហើយដែរ។ បំណងមួយទៀត គឺរៀបចំផ្ទៃដីដែលនៅសេសសល់ជាតំបន់ទេសចរណ៍កសិកម្មនៅទីនោះផងដែរ៕
Tag:
ឃុត សុខា
បន្លែ
បន្លែសរីរាង្គ
© រក្សាសិទ្ធិដោយ thmeythmey.com