ពីនេះ ពីនោះ
ដង់ស៊ីតេ ត្រីប៉ាសាណាក ធ្លាក់ចុះដល់ ៩០ភាគរយ នាពេលបច្ចុប្បន្ន ត្រីប៉ាសាណាក។ រូបគំនូរដោយ៖ ឈុត ឈាណា
× គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំត្រីមានស្រកាមួយប្រភេទ ដែលរស់នៅក្នុងទឹកសាប ដែលមានរស់នៅ ពាលពេញតាមដងទន្លេមេគង្គទាំងមូល នាពាក់កណ្តាលជម្រៅទឹក នាតំបន់ថ្មប៉ប្រះទឹក ដោយកូនត្រីរស់នៅតាមដៃទន្លេនានា។ ប៉ុន្តែ បច្ចុប្បន្ន ដង់ស៊ីតេនៃត្រីប្រភេទនេះ បានធ្លាក់ចុះយ៉ាងខ្លាំង ទាំងកូនត្រី និងត្រីធំៗ ហូតដល់ជាង ៩០ភាគរយ។
ត្រីប៉ាសាណាក មានឈ្មោះវិទ្យាសាស្ត្រ (Aaptosyax grypus) និងឈ្មោះជាភាសាអង់គ្លេស Giant salmon carp មានប្រវែងដងខ្លួនអតិបរមា ១៣០ ស.ម និងទម្ងន់អតិបរមា ៣០គីឡូក្រាម។ វាជាប្រភេទត្រី បំសាហារសត្វ (ស៊ីសាច់ជាអាហារ) ដ៏ធំ ចាប់ត្រីតូចៗ នៅពាក់កណ្តាលជម្រៅទឹក និងផ្ទៃទឹកខាងលើជាអាហារ។ ត្រីប៉ាសាណាក ធ្វើចរាចរផ្លាស់ទីទៅចាប់ពីខែមករា ដល់គុម្ភៈ ចូលទៅក្នុងអន្លង់ធំៗក្នុងទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង ខាងក្រោមល្បាក់ខោន ដើម្បីពង-កូន។
ត្រីប៉ាសាណាក ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Critically Endangered) ក្នុងឆ្នាំ ២០១១ ជាប្រភេទត្រីរងគ្រោះជិតផុតពូជ។ បញ្ហាប្រឈមចំពោះ ត្រីប៉ាសាណាក មានដូចជា ការប្រែប្រួលអាកាសធាតុ ការនេសាទហួសកម្រិត ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ដោយប្រើចរន្តអគ្គិសនីឆក់ ដែលគេនិយមហៅថា ឆក់ក្តៅ ឆក់ត្រជាក់ ដែលជាឧបករណ៍នេសាទដ៏គ្រោះថ្នាក់បំផុតសម្រាប់មច្ឆជាតិ និងការសាងសង់ទំនប់វារិអគ្គីសនី សុទ្ធតែជាបញ្ហាប្រឈមដល់កំណើតពួកវា។ ទៅថ្ងៃអនាគត ប្រភេទត្រីចំនួននៅក្នុងប្រទេសកម្ពុជា អាចនឹងឈានទៅផុតពូជ បើពុំមានការចូលរួមពីមជ្ឈដ្ឋានទូទៅ ដើម្បីថែរក្សាការពារធនធានមច្ឆជាតិស្រុកយើងទាំងអស់គ្នាទេនោះ។
© រក្សាសិទ្ធិដោយ thmeythmey.com