ជាតិ
នយោបាយជាតិ
សម្តេច ហ៊ុន សែន ប្រាប់និស្សិតខ្មែរនៅចិនថា «កម្ពុជា មិនឲ្យពលរដ្ឋដាច់បាយទេ» នាយករដ្ឋមន្រ្តី ជួបនិស្សិតខ្មែរនៅចិន
×
ទៅដល់ចិនភ្លាម កម្មវិធីមុនគេរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជួបសំណេះសំណាលជាមួយនិស្សិតខ្មែរ ដែលកំពុងសិក្សានៅទីនោះ។ នៅចំពោះមុខនិស្សិតប្រមាណជិត៥០០នាក់ សម្តេច ហ៊ុន សែន បានបង្ហាញពីការប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែមានភាពល្អប្រសើរ។
ទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖«ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានពន្យល់អំពីស្ថានការណ៍ពិភពលោកដល់និស្សិតឲ្យបានយល់ដឹង ហើយ សម្តេច មានប្រសាសន៍ថា ទោះបីស្ថានភាពពិភពលោកមានការប្រែប្រួលឬមិនច្បាស់លាស់ទៅផ្លូវណា គឺកម្ពុជាមិនឲ្យពលរដ្ឋខ្លួនដាច់បាយឡើយ។ សម្តេច នឹងបន្តខិតខំដើម្បីពង្រឹងសេដ្ឋកិច្ចប្រទេសជាតិឲ្យបានរឹងមាំ»។
ប្រមុខរដ្ឋាភិបាល បន្តថា ក្នុងដំណើរទស្សនកិច្ចនៅចិនលើកនេះ ក្រៅពីពង្រឹងចំណងមិត្តភាព គឺជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ មេដឹកនាំរូបនេះ បន្ថែមថា កម្ពុជា ត្រូវខិតខំពង្រីកទីផ្សារឲ្យបានច្រើនថែមទៀត ក្រៅពីទីផ្សារអាមេរិក និងអឺរ៉ុប ដើម្បីបញ្ចេញទំនិញ និងផលិតផលកសិកម្មកម្ពុជាចេញក្រៅ ដូចជានៅក្នុងប្រទេសចិន អាហ្វ្រិក មជ្ឈឹមបូព៌ា និងកូរ៉េ ជាដើម។
បើតាមប្រមុខរដ្ឋាភិបាល សព្វថ្ងៃនេះ ទំហំពាណិជ្ជកម្មកម្ពុជានិងចិន បានកើនឡើងដល់ ៥,៦០០លានដុល្លារហើយ។ ប្រមុខរដ្ឋាភិបាល ប្រាប់និស្សិតទាំងនោះថា ចិន គឺជាប្រភពវិនិយោគធំជាងគេនៅកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវថ្នល់ ស្ពាន ស្ពានអាកាស និងវារីអគ្គិសនី ជាដើម។
កម្មវិធីបន្ទាប់ សម្តេច ហ៊ុន សែន នឹងជួបមេដឹកនាំកំពូលៗរបស់ចិន ដែលរួមមាន លោកប្រធានាធិបតី ស៊ី ជីនភីង លោកនាយករដ្ឋមន្ត្រី លី ខឺឈាង ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន លោក លីចាន់ស៊ូ និង ប្រធានសភាប្រឹក្សានយោបាយចិន លោក វ៉ាង យ៉ាង។
ក្រៅពីជំនួបខាងលើ មេដឹកនាំកម្ពុជា នឹងមានជំនួបដាច់ដោយឡែកជាមួយលោក សុង តាវ ប្រធានមន្ទីរទំនាក់ទំនងអន្តរជាតិរបស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន និងអ្នកស្រី គូ សៀវលៀន ប្រធានសមាគមមិត្តភាពចិន-កម្ពុជា រួមទាំងថ្នាក់ដឹកនាំធុរៈកិច្ច៤រូបទៀតពី ធនាគារចិន សាជីវកម្មស្ពានថ្នល់ចិន ក្រុមហ៊ុនវិស្វកម្ម និងដែកថែបចិន និងក្រុមហ៊ុនហួណេងគ្រុប។
ដំណើរទស្សនកិច្ចនេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩៕
© រក្សាសិទ្ធិដោយ thmeythmey.com