អន្តរជាតិ
បុរស​ចំណាស់​ជាងគេ​លើ​លោក​ស្លាប់​ក្នុង​វ័យ ១១៣ ឆ្នាំ​នៅ​ជប៉ុន​
21, Jan 2019 , 9:45 am        
រូបភាព
ដោយ:
«​បុរស​ចំណាស់​ជាងគេ​របស់​ពិភពលោក​» លោក Masazo Nonaka បានទទួល​មរណភាព​កាលពី​ថ្ងៃអាទិត្យ ទី​២០ ខែមករា នៅ​ជន្មាយុ ១១៣ ឆ្នាំ​។ យោងតាម​កំណត់ត្រា​ពិភពលោក Guinness លោក Nonaka កើត​នៅក្នុង​ខែកក្កដា ឆ្នាំ ១៩០៥​។ បុរស​ជនជាតិ​ជប៉ុន​រូបនេះ ត្រូវបាន​វេ​ប​សាយ Guinness ទទួលស្គាល់​ជា​ផ្លូវការ​ថា​ជា បុរស​នៅ​រស់រានមានជីវិត​ដ៏​ចំណាស់​ជាងគេ ក្រោយពី​ការស្លាប់​របស់ Francisco Núñez Olivera ជនជាតិ​អេ​ស្ប៉ា​ញ​កាលពី​ឆ្នាំមុន​។​

 
​ចៅស្រី​របស់លោក Masazo Nonaka ឈ្មោះថា Yuko បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន Kyodo ថា​៖ «​យើង​មាន​អារម្មណ៍​តក់ស្លុត​ជាខ្លាំង​ចំពោះ​ការបាត់បង់​ដ៏​ធំធេង​នេះ​។ ស្ថានភាព​របស់លោក​គឺ​ធម្មតា​សោះ​កាលពី​ម្សិលមិញ តែ​ថ្ងៃនេះ​លោក​បាន​លាចាក​លោក​ទៅហើយ​»​។ 
 
​លោកតា Nonaka មាន​បងប្អូន​ប្រុស​ចំនួន ៦ នាក់ និង​ស្រី​ម្នាក់​។ លោក​បាន​រៀបការ​ក្នុង​ឆ្នាំ ១៩៣១ និង​មានកូន​ចំនួន ៥ នាក់​។ បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក​បាន​បើកហាង​អាហារ​តូច​មួយ​នៅ​ស្រុកកំណើត​របស់លោក​។ ក្រោយ​ចូលនិវត្តន៍ លោក  Nonaka បាន​ចំណាយពេល​ចុងក្រោយ​របស់លោក ទស្សនា​កីឡា​បោកចំបាប់ Sumo នៅលើ​កញ្ចក់​ទូរទស្សន៍ និង​ពិសា​អាហារ​ផ្អែមៗ​ជាដើម​។ 
 
​សូមបញ្ជាក់ថា ជប៉ុន​ជា​ប្រទេសមួយ ដែលមាន​អាយុ​រំពឹង​រស់​ខ្ពស់​ជាងគេ​បំផុត​លើ​ពិភពលោក​។ វា​ជា​ផ្ទះ​របស់​មនុស្ស​មួយចំនួន ដែល​គេ​ទទួលស្គាល់ថា ជា​មនុស្ស​ចំណាស់​ជាងគេ​ដែល​នៅ​រស់រានមានជីវិត ក្នុងនោះ​រួមមាន លោក Jiroemon Kimura ដែល​បាន​ស្លាប់​កាលពី​ខែមិថុនា ឆ្នាំ​២០១៣ ក្នុង​អាយុ ១១៦​ឆ្នាំ​ជាដើម​៕

Tag:
 ​ជប៉ុន​
  បុរស​ចំណាស់​ជាងគេ
© រក្សាសិទ្ធិដោយ thmeythmey.com