អន្តរជាតិ
ធ្វើប្រធានាធិបតីបានពីរឆ្នាំ លោក ត្រាំ ថា គ្មាននរណាសម្រេចបានសមិទ្ធផលដូចលោកឡើយ
× ថ្ងៃទី២០ ខែមករាម្សិលមិញ ជាឆ្នាំទីពីរនៃការចូលកាន់តំណែងប្រធានាធិបតីអាមេរិករបស់លោក ដូណាល់ ត្រាំ ។ ពីរឆ្នាំមកនេះ លោក ត្រាំ និយាយថា រូបលោកបានប្រព័ន្ធផ្សព្វផ្សាយវាយប្រហារមិនដកដៃឡើយ ដែលនេះជាលើកដំបូងតាំងពីសម័យប្រធានាធិបតី អាប្រាហាម លីងខូល មកនេះ។ ប៉ុន្តែលោកក៏អួតខ្លួនឯងដែរថា គ្មានប្រធានាធិបតីអាមេរិកមានសមិទ្ធផលច្រើនជាងលោកឡើយក្នុងរយៈពេលពីរឆ្នាំដូចគ្នានេះ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដើរដល់ពាក់កណ្ដាលផ្លូវនៃអាណត្តិបួនឆ្នាំរបស់ខ្លួននៅថ្ងៃទី២០ មករា ២០១៩ ។ ពីរឆ្នាំហើយដែលលោក ត្រាំ បានផ្លាស់ប្ដូរមុខមាត់អាមេរិកស្ទើរទាំងស្រុងទាំងឆាកក្នុងស្រុក និងអន្តរជាតិផង។ លោកបានដាក់ចេញគោលនយោបាយចម្រូងចម្រាស់ជាច្រើន ហើយយកប្រព័ន្ធផ្សព្វផ្សាយអាមេរិកធ្វើជាសត្រូវផង។ ជារឿយៗ លោកបានប្រទាំងប្រទើសពាក្យសម្ដីជាមួយអ្នកកាសែតទៀតផង។
តាមរយៈបណ្ដាញសង្គម Twitter នៅចុងសប្ដាហ៍មុន លោក ត្រាំ បានស្រង់យកសម្ដីអតីតប្រធានរដ្ឋសភាអាមេរិក Newt Gingrich ថា៖ «គ្មានប្រធានាធិបតីអាមេរិកណាគិតពីលោក អាប្រាហាម លីងខូល មក ត្រូវបានរិះគន់កប់មាត់ដោយសារព័ត៌មានដូចប្រធានាធិបតីដែលគេឯងស្រឡាញ់ឡើយ»។ ឯប្រធានាធិបតីដែលគេចូលចិត្តនោះ ត្រូវបានលោក ត្រាំ បកស្រាយថា ជារូបលោកផ្ទាល់។ លើសពីនោះ លោកក៏អួតពីផ្លែផ្កាដែលលោកបង្កើតឲ្យអាមេរិកក្នុងពេលពីរឆ្នាំក្នុងតំណែងទៀតផង។
ប្រធានាធិបអាមេរិករូបនេះរៀបរាប់ថា សេដ្ឋកិច្ចអាមេរិកកំពុងស្ថិតក្នុងពេលវេលាល្អជាងគេក្នុងប្រវត្តិសាស្ត្រ ដោយសារនយោបាយរបស់លោក។ គោលនយោបាយនោះ គឺការបង្កើតការងារឲ្យប្រជាជនអាមេរិកតាមរយៈការទម្លាក់ពន្ធចំពោះក្រុមហ៊ុនអាមេរិកណាដែលបង្កើតរោងចក្រក្នុងស្រុកវិញ។ លោកក៏ព្រមានថា បើមានដំណើរការទម្លាក់លោកពីតំណែង បញ្ហាធំនឹងផ្ទុះឡើងនៅទីផ្សារហ៊ុនអាមេរិកមិនខាន។
ទោះជាយ៉ាងណាក្ដី ពីរឆ្នាំដើមអាណត្តិនេះ លោក ត្រាំ ក៏រងពាក្យរិះគន់មិនតិចដែរព្រោះតែនយោបាយរបស់លោក។ នៅក្នុងស្រុក លោកចាប់ផ្ដើមរឹតត្បិតការធ្វើដំណើររបស់ប្រទេសសម្បូរជនមូស្លីមជិត១០ប្រទេសចូលអាមេរិក ពង្រឹងចំណាត់ការត្រួតពិនិត្យអន្តោប្រវេសន៍ ដែលត្រូវបានគេចាត់ទុកជាការបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ។ លោក ត្រាំ ក៏ចាត់វិធានការប្រឆាំងលំហូរជនអន្តោប្រវេសន៍ពីតំបន់អាមេរិកឡាទីន ជាពិសេសការសាងសង់ជញ្ជាំងព្រំដែនទប់ស្កាត់ផង។
រឿងជញ្ជាំងព្រំដែននេះហើយ ដែលកំពុងធ្វើឲ្យរដ្ឋាភិបាលសហព័ន្ធមួយផ្នែកមិនដំណើរការ ដ្បិតលោក ត្រាំ បិទរដ្ឋាភិបាលដើម្បីទារលុយថ្លៃសាងសង់ជញ្ជាំងឲ្យបាន។ បក្សប្រជាធិបតេយ្យបានជំទាស់ការទាមទាររបស់លោក ត្រាំ ដែលចង់បានលុយ៥,៧ពាន់លានដុល្លារយកទៅពង្រឹងព្រំដែនខាងត្បូង ដោយចាត់ទុកវាជាការខ្ជះខ្ជាយលុយកាក់ ហើយក៏មិនសូវមានប្រសិទ្ធភាពដែរ។ ការខ្វែងគំនិតគ្នានេះ ធ្វើឲ្យការបិទរដ្ឋាភិបាលដោយផ្នែកនៅតែបន្តរហូតមក៕
Tag:
អាមេរិក
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com