អន្តរជាតិ
អតីតរដ្ឋមន្ត្រី​ម៉ូ​សំ​ប៊ិក ឡើង​តុលាការ​លើ​សំណុំរឿង​អាស្រូវ​ប្រាក់កម្ចី​ជាង​២​ពាន់​លាន​ដុល្លារ​
21, Jan 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​លោក Manuel Chang ដែល​ស្លៀកខោ​ខោ​វ​ប៊​យ និង​ពាក់​អាវធំ​ពណ៌​ខៀវ បាន​ចំណាយពេល​ជិត​១​ម៉ោង​កាលពី​ថ្ងៃទី​៨ ខែមករា​នេះ ក្នុង​បន្ទប់​សវនាការ​តុលាការ​ទីក្រុង Johannesburg ដោយមាន​ទឹកមុខ​មាំ និង​ធ្វើ​ដូចជា​គ្មានអ្វី​កើតឡើង ស្រប​ពេលដែល​ក្រុម​មេធាវី​អាហ្វ្រិក​ខាងត្បូង​កំពុងតែ​ពិភាក្សា​លើ​ជោគវាសនា​របស់​អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ម៉ូ​សំ​ប៊ិក​រូបនេះ​។ លោក Chang ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែ​មុន​ក្នុង​ប្រតិបត្តិការ​ស៊ើបអង្កេតរ​បស់​សហរដ្ឋអាមេរិក​លើ​សំណុំរឿង​អាស្រូវ​ប្រាក់កម្ចី​ដ៏​សម្បើម​ដែល​បាន​លេច​ធ្លាយ​ក្នុងប្រទេស​ម៉ូ​សំ​ប៊ិក ស្ថិតនៅ​ប៉ែក​ខាងត្បូង​ទ្វីបអាហ្វ្រិក​។​

 
​ប៉ុន្តែ​គ្មាន​នរណា​គិតថា​សវនាការ​ក្ដី​នេះ ដែល​ប្រទាក់ក្រឡា​ទ្វីប​៤​គឺ​អាហ្វ្រិក អាមេរិក​ខាងជើង អឺរ៉ុប និង​អាស៊ី ព្រមទាំង​ជនសង្ស័យ​ជា​អ្នកសមគំនិត​ជាច្រើន​បន្ថែមទៀត​នោះ អាច​នឹង​ដំណើរការ​ឆាប់រហ័ស ឬ​រលូន​ឡើយ​។​
 
​លោក Chang គឺជា​មន្ត្រី​មួយរូប​ក្នុងចំណោម​បុគ្គល​រាប់សិប​នាក់​ទៀត​ដែល​កំពុង​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ក្ដី​ដែល​លាតសន្ធឹង​ពី​ចុង​ម្ខាង​នៃ​មហាសមុទ្រ​អា​ត្ល​ង់​ទិច​ដល់​ចុង​ម្ខាង​ទៀត ដែល​បណ្ដាល​ឲ្យ​ប្រទេស​ជាប់មាត់​សមុទ្រ​មួយ​នេះ ត្រូវ​រង​វិបត្តិ​បំណុល​យ៉ាងធ្ងន់ធ្ងរ រហូតដល់​ធ្វើ​ឲ្យ​ប្រជាជន​មិន​ទទួលបាន​សេវា​មូលដ្ឋាន​ចាំបាច់​នានា​ដូចជា​ការជួសជុល​ផ្លូវថ្នល់ និង​មន្ទីរពេទ្យ​ជាដើម​។​
 
​លោក Elpideo Mutemba គឺជា​សកម្មជន​ម៉ូ​សំ​ប៊ិក​ម្នាក់ ដែល​បាន​ចូលរួម​ឃ្លាំមើល​សវនាកា​រ​កាត់ក្តី​លោក​Chang​។ លោក Mutemba បាន​ប្រាប់​VOA​ថា លោក​រីករាយ​ដែល​បានឃើញ​លោក Chang ត្រូវបាន​ចាប់ខ្លួន​ក្នុងប្រទេស​អាហ្វ្រិក​ខាងត្បូង ហើយ​ប្រសិនបើ​អាចធ្វើ​បត្យាប័ន​បាន នឹងត្រូវ​កាត់ក្ដី​នៅ​សហរដ្ឋអាមេរិក​តែម្ដង ទោះបីជា​នីតិវិធី​ត្រូវ​ស៊ីពេល​បន្ថែមទៀត​ក៏ដោយ​។​
 
​លោក Mutemba បញ្ចេញ​កាយវិការ​ញាក់ស្មា​នៅពេល​ឮដំណឹង​ថា​ពេល​ថ្មីៗ​នេះ​មន្ត្រី​ម៉ូ​សំ​ប៊ិក​បាន ចោទប្រកាន់​ជា​ផ្លូវការ​មនុស្ស​១៨​នាក់​ផ្សេងទៀត​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿងក្តី​នេះ​។ លោក​បាន​អះអាងថា ប្រទេស​ម៉ូ​សំ​ប៊ិក​ខ្លួនឯង បានដឹង​សំណុំរឿង​អាស្រូវ​នេះ​តាំងពី​ឆ្នាំ​២០១៦​មកម្ល៉េះ គឺ​នៅពេល​ប្រាក់កម្ចី​២​ពាន់​លាន​ដុល្លារ​ដ៏​សម្ងាត់ ត្រូវបាន​រកឃើញ ហើយ​ការណ៍​នេះ ក៏​ជា​សញ្ញា​បង្ហាញ​ពី​ចំណាត់ការ​ដំបូងបង្អស់​របស់​អាជ្ញា​ធរ​ម៉ូ​សំ​ប៊ិក​។​
 
​លោក Mutemba​បាន​បន្ថែមថា​៖ «​ពួកយើង​មិន​ជឿ​លើ​ប្រព័ន្ធយុត្តិធម៌​ប្រទេស​យើង​ទេ ពីព្រោះ​យើង​មាន​សំណុំ​រឿងក្ដី​ជាច្រើន​នៅ​ព្យួរទុក​នៅឡើយ មិនទាន់មាន​ការសម្រេច​អ្វី​សោះ មិនមាន​យុត្តិធម៌​អ្វី​សោះ​។ ដូច្នេះ ប្រហែលជា​យើង​អាច​នឹង​ជឿ​លើ​ប្រព័ន្ធ​(​អន្តរាគមន៍​)​ពី​ខាងក្រៅ​វិញ​។ នេះ​មិនមែន​គ្រាន់តែ​ដោយសារតែ​ប្រព័ន្ធ​នៅ​ខាងក្រៅ​ទេ ប៉ុន្តែ​រាល់​បុគ្គល​ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំ​រឿងនេះ ពួកគេ​ក៏​អាច​ជាប់​ជាមួយ​លោក​អតីតរដ្ឋមន្ត្រី​ហ្នឹង​ដែរ​»​។​
 
​ដីកា​សន្និដ្ឋាន​បញ្ជូន​សំណុំរឿង​ឱ្យ​ស៊ើបអង្កេត​របស់​គណៈវិនិច្ឆ័យ​សហព័ន្ធ​សហរដ្ឋអាមេរិក​ដែល​ចេញ​កាលពីដើម​ខែមករា​នេះ បាន​ចោទប្រកាន់​មនុស្ស​ចំនួន​៧​រូប រួមមាន​លោក Chang ពីបទ​បង្កើត​គម្រោង​នាវាចរណ៍​ក្លែងក្លាយ​ធ្វើជា​ខែល​បិទបាំង​ការប្រមូល​លុយ​យក​ធ្វើ​មាន​ធ្វើបាន​ខ្លួនឯង និង​ចេតនា​បង្វែរ​ចំណែក​ប្រាក់កម្ចី​មួយចំនួន​ឲ្យ​ចេញ​សាច់ប្រាក់​ជាង​២០០​លាន​ដុល្លារ​ជា​សំណូក និង​ប្រាក់​ទឹកតែ​ដល់​ពួកគេ ដល់​មន្ត្រី​រដ្ឋាភិបាល​ម៉ូ​សំ​ប៊ិក​មួយចំនួន និង​អ្នកផ្សេងៗ​ទៀត​។​
 
​ក្នុង​បន្ទប់​សវនាការ​កាលពី​ថ្ងៃទី​៨ ខែមករា តំណាង​អយ្យការ​បានដាក់​ការសង្ស័យ​លើ​រូបលោក Chang ថា​លោក​តែម្នាក់ឯង បានទទួល​ប្រាក់​សំណូក​ប្រមាណ​១២​លាន​ដុល្លារ​។​
 
​ដូច​ករណី​បទល្មើស​ហិរញ្ញវត្ថុ​ផ្សេងៗ​ដែរ សំណុំ​រឿងនេះ​ពោរពេញ​ដោយ​ភាព​លម្អិត​និង​បញ្ហា​បច្ចេកទេស​នានា​។ ជាក់ស្ដែង នៅពេលដែល​គណៈវិនិច្ឆ័យ​ធ្វើការ​ចោទប្រកាន់​លើ​ផ្នែក​បច្ចេកទេស​មួយ នោះ​ស្ថាប័នហិរញ្ញវត្ថុ​ដែល​ជាប់​ពាក់ព័ន្ធ ត្រូវ​រាយការណ៍​ពី​សកម្មភាព​លម្អិត​រប​ស់​ខ្លួន​ទៅកាន់​អាជ្ញាធរ​សហរដ្ឋអាមេរិក​ដែរ​។​
 
​លោក Chang ត្រូវបាន​ចាប់ខ្លួន​នៅ​ខែធ្នូ​ក្នុងប្រទេស​អាហ្វ្រិក​ខាងត្បូង​ក្រោម​ហេតុផល​ដែល​មន្ត្រី​រដ្ឋាភិបាល​ថា ជា​ដីកាចាប់ខ្លួន​ឱ្យធ្វើ​បត្យាប័ន​មក​សហរដ្ឋអាមេរិក ទោះបីជា​មេធាវី​របស់លោក​បាន​តវ៉ា​ថា​នីតិវិធី​ចាប់ខ្លួន​ធ្វើឡើង​មិន​ត្រឹមត្រូវ​ក្តី​។​
 
​លោក Willie Vermeulen មេធាវី​លោក Chang បាន​តវ៉ា​ថា​តាម​លក្ខណៈ​បច្ចេកទេស កូនក្តី​របស់លោក​គួរ​ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​។​
 
​មេធាវី​រូបនេះ បាន​បន្ថែមថា​៖ «​យោងតាម​មាត្រា​១៣​នៃ​សន្ធិសញ្ញា​នេះ គឺ​មានតែ​ការចាប់ខ្លួន​ជា​បណ្ដោះអាសន្ន​ប៉ុណ្ណោះ​។ ហេតុ​ដូច្នេះហើយ ខ្ញុំ​សូម​អរគុណ​និង​ស្នើសុំ​អស់លោក​ដោះលែង​លោក Chang ស្របតាម​មាត្រា​ហ្នឹង​»​។​
 
​លោក Mutemba ដែលជា​សកម្មជន បាន​និយាយថា លោក​សប្បាយ​ចិត្តនឹង​តាមដាន​សាច់រឿង​ដ៏​ស្មុគស្មាញ​នេះ​រហូតដល់​ទីបញ្ចប់ ទោះបីជា​រឿងនេះ បន្ត​ទៅជា​យ៉ាងណាក្តី​។​
 
​លោក​រំពឹងថា​នឹងមាន​ឈ្មោះ​មនុស្ស​កាន់តែច្រើន​ថែមទៀត នៅពេល​មានការ​ស៊ើបអង្កេត រួមទាំង​អតីត​ប្រធានាធិបតី​ម៉ូ​សំ​ប៊ិក លោក​Armando Guebuza និង​ប្រធានាធិបតី​បច្ចុប្បន្ន លោក​Filipe Nyusi ដែល​កាលនោះ ធ្វើជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ អំឡុងពេល​ខ្ចីប្រាក់​រវាង​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៤​។​
 
​លោក​Mutemba បាន​បន្ថែមថា​៖ «​សូម​កុំមក​ប្រាប់​ខ្ញុំ​ថា​ពួក​អស់លោក​ហ្នឹង​មិនបាន​ដឹងថា​មាន​កិច្ចព្រមព្រៀង​ខ្ចីប្រាក់ ដែលមាន​ទឹកប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​បែប​ហ្នឹង​នោះ​»​។​
 
​នៅពេលដែល​ត្រូវ​សាកសួរ​ឲ្យ​បញ្ជាក់ថា​តើ​ប្រធានាធិបតី​មួយណា​ដែល​លោក​ចង់​សំដៅ​ដល់ អតីត​ប្រធានាធិបតី ឬ​ប្រធានាធិបតី​បច្ចុប្បន្ន លោក​Mutemba​បាន​បញ្ជាក់ថា​៖
 
«​ខ្ញុំ​ចង់​សំដៅ​ដល់​លោក​ប្រធានាធិបតី Guebuza ទោះបីជា​ពេលនោះ​លោក​Nyusi ក៏​ស្ថិតក្នុង​របប​នោះដែរ ហើយ​ពេលនេះ​លោក​Nyusi ជា​ប្រធានាធិបតី ប៉ុន្តែ​គាត់​មិនដែល​និយាយ​អ្វី​សោះ​។ ពេលនេះ​យើង​ចង់​ឮ​សំដី​ចេញពី​មាត់​លោក​ក្នុងនាម​ជា​ប្រធានាធិបតី​ម្ដង​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com