អន្តរជាតិ
ហ្វីលីពីន​៖ ប្រជាជន​មូស្លីម​លើ​កោះ​មិន​ដា​ណាវ ធ្វើ​ប្រជាមតិ​ដើម្បី​ទទួលបាន​ស្វ័យភាព​
21, Jan 2019 , 9:39 pm        
រូបភាព
​ប្រជាជន​ហ្វីលីពីន​លើ​កោះ​មិន​ដា​ណាវ នៅ​ថ្ងៃទី​២១ ខែមករា បាន​ទៅ​បោះឆ្នោត​ក្នុង​ប្រជាមតិ​មួយ​ដើម្បី​ទទួលបាន​ស្វ័យភាព​កាន់តែ​ទូលាយ​ក្នុង​តំបន់​ដែល​ពោរពេញ​ដោយ​អំពើហិង្សា ភាពក្រីក្រ និង​ចលនា​ឥស្លាម​ជ្រុលនិយម​នោះ​។ ប្រជាមតិ​នេះ គឺជា​លទ្ធផល​នៃ​ដំណើរការ​សន្តិភាពរ​វា​ង​រដ្ឋាភិបាល​ក្រុង​ម៉ានីល និង​ក្រុម​ឧទ្ទាម​ផ្ដាច់ខ្លួន​ម៉ូ​រ៉ូ​។ មេដឹកនាំ​ចលនា​ឧទ្ទាម​ជឿថា ប្រជាជន​នៅ​មិន​ដា​ណាវ​នឹង​គាំទ្រ​ផែនការ​សន្តិភាព​នេះ​។​

 
​អ្នកបោះឆ្នោត​ជាង​២,៨​លាន​នាក់ បាននាំគ្នា​ទៅ​បោះឆ្នោត​ក្នុង​ប្រជាមតិ​ដើម្បី​សម្រេច​ពី​ស្វ័យភាព ក្រោម​ការពង្រឹង​សន្តិសុខ​យ៉ាងខ្លាំង​របស់​ប៉ូលិស​ហ្វីលីពីន​ចំនួន​ពីរម៉ឺន​នាក់​។ ក្នុង​ប្រជាមតិ​ដែល​ត្រូវបាន​ទន្ទឹងរង់ចាំ​ជាច្រើន​ឆ្នាំ​មកនេះ អ្នកបោះឆ្នោត​ត្រូវ​សម្រេចចិត្តថា ពួកគេ​គាំទ្រ​ផែនការ​របស់​រដ្ឋាភិបាល​ហ្វីលីពីន​និង​រណសិរ្ស​រំដោះ​ឥស្លាម​ម៉ូ​រ៉ូ (MILF) ដើម្បី​បង្កើត​តំបន់​រដ្ឋបាល​គ្រប់គ្រង​ដោយ​ខ្លួនឯង ឬ​ហៅថា បាង​សា​ម៉ូ​រ៉ូ ឬ​អត់​។ 
 
​ប្រសិនបើ​ប្រជាជន​ក្នុង​តំបន់​ភាគ​ត្បូង​នេះ​យល់ព្រម រដ្ឋាភិបាលកណ្ដាល នឹង​តែងតាំង​រដ្ឋាភិបាល​តំបន់​មួយ​នៅ​កោះ​មិន​ដា​ណាវ​ដែល​ដឹកនាំ​ដោយ​ក្រុម​ឧទ្ទាម​។ រដ្ឋាភិបាល​អន្តរកាល​នៃ​តំបន់​ស្វយ័ត​នឹងមាន​អំណាច​លើ​វិស័យ​នីតិប្រតិបត្តិ នីតិបញ្ញត្តិ និង​វិស័យ​ពន្ធ​ផង​។ ប៉ុន្តែ​ក្រុង​ម៉ានីល​នឹង​បន្ត​គ្រប់គ្រង​វិស័យ​ការពារជាតិ សន្តិសុខ ការបរទេស និង​គោលនយោបាយ​រូបិយវត្ថុ ហើយ​ប៉ូលិស​ក៏​ស្ថិតក្នុង​ដៃ​រដ្ឋាភិបាលកណ្ដាល​ដដែល តែ​នឹងមាន​ការសម្របសម្រួល​គ្នា​ជាមួយ​រដ្ឋាភិបាល​តំបន់​។​
 
​លើសពីនោះ ក្រោម​ច្បាប់​ដែល​អនុម័ត​កាលពី​ឆ្នាំ​២០១៨ រដ្ឋាភិបាល​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នឹង​ផ្ដល់​ទឹកប្រាក់​ចំនួន​៩៥០​លាន​ដុល្លារ​ទៅកាន់​រដ្ឋាភិបាល​ស្វយ័ត​ក្រោមរូបភាព​ជា​មូលនិធិ​អភិវឌ្ឍ​ក្នុង​រយៈពេល​១០​ឆ្នាំ​ទៅមុខ ក៏ដូចជា​ការ​បែក​ចែង​ប្រាក់ចំណេញ​ពន្ធ​ដែល​ប្រមូលបាន​ក្នុង​តំបន់​នេះ​។ ក្នុងករណី​ប្រជាមតិ​ទទួល​ភ្លើង​ខៀវ ក្រុម​ឧទ្ទាម MILF ក៏ត្រូវ​រំសាយ​អ្នក​ប្រយុទ្ធ​របស់ខ្លួន​មួយ​ភាគបី ដែល​ស្មើនឹង​៣​ម៉ឺន​នាក់​។ 
 
​ប្រជាមតិ​នៅ​មិន​ដា​ណាវ កើតចេញពី​ដំណើរការ​សន្តិភាព​នៅ​ទសវត្សរ៍​១៩៩០ ប៉ុន្តែ​មិនបាន​បញ្ចូល​ក្រុម​ផ្ដាច់ខ្លួន​ជ្រុលនិយម​ខ្លាំង​ឡើយ​។ រដ្ឋាភិបាល​ម៉ានីល និង​ក្រុម​ឧទ្ទាម MILF ជឿថា រដ្ឋាភិបាល​តំបន់​ថ្មី​ដែលមាន​ស្ថិរភាព នឹង​ទាក់ទាញ​ការវិនិយោគ​ក្នុង​តំបន់​ដែល​សម្បូរ​ដោយ​អហិង្សា​សម្លាប់​មនុស្ស​រាប់ម៉ឺន​នាក់ និង​បញ្ឈប់​ការជ្រើសរើស​សមាជិករ​បស់​ក្រុម​ផ្ដាច់ខ្លួន​ផង​។ 
 
​មេដឹកនាំ MILF លោក Murad Ebrahim បាន​ប្រាប់​ទូរទស្សន៍ CNN Philippines នៅ​ថ្ងៃទី​២១ ខែមករា ថា ការបោះឆ្នោត «​យល់ព្រម​» នឹង​ឈ្នះ ប្រសិនបើ​គ្មាន​ការលួចបន្លំ ឬ​ការគំរាមកំហែង​អ្វី​នោះ​។ ប្រជាមតិ​នេះ ក៏​ជា​លើក​ប្រជាប្រិយភាព​លោក ឌូ​ទើ​តេ ផង ទោះជា​លោក​មិនបាន​ជួយ​អ្វី​ធំដុំ​ក្ដី​។ នេះ​ក៏​ព្រោះតែ​ដំណើរការ​សន្តិភាព​នេះ ត្រូវបាន​ជំរុញ​ដោយ​អតីត​ប្រធានាធិបតី​មុនៗ តែ​ជាប់គាំង​នៅត្រឹម​សភា​។ មកដល់​អាណត្តិ​លោក ឌូ​ទើ​តេ ការបង្កើត​ច្បាប់​ស្ដីពី​ស្វ័យភាព​តំបន់​ភាគខាងត្បូង​អាច​ឆ្លង​ផុត​សភា និង​ឲ្យ​មាន​ប្រជាមតិ​នៅ​ថ្ងៃទី​២១ ខែមករា​តែម្ដង​៕
 

Tag:
 ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ
© រក្សាសិទ្ធិដោយ thmeythmey.com