ជាតិ
២៥ខេត្ត/រាជធានី
ទឹក​ឡើង​ខុសរដូវ ផ្តាច់​ស្ពាន​ឫស្សី​កោះ​ប៉ែន​
21, Jan 2019 , 4:44 pm        
រូបភាព
ដោយ:
​កំពង់ចាម​៖ នា​ព្រឹក​ថ្ងៃទី​២១ មករា នេះ ស្ពាន​ឫស្សី (​ប្រដឹស​) ឆ្លងទៅ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន បាន​លិច​ដាច់​ត្រង់​ចំណុចកណ្តាល​នៃ​ស្ពាន ដោយសារ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ខុសរដូវ​។ ភ្លាមៗ​នោះ ប្រជាពលរដ្ឋ​នៅ​កោះ​ប៉ែន បាន​រុះរើ និង​ដាក់​បាវ​ខ្សាច់​សង្កត់ពីលើ​ស្ពាន​នៅត្រង់ចំណុច​ទឹក​ហូរ​ខ្លាំង ដើម្បី​ទប់​កុំ​ឲ្យ​វា​ហូរ​ទៅតាម​ទឹក​។ ពេល​រដ្ឋ​ដែល​ឆ្លងទៅ​កោះ​ប៉ែន ត្រូវធ្វើ​ដំណើរ​តាម​ស្ពានថ្ម​នៅតាម​ភូមិ​កោះ​ប៉ែន ជំនួស​ស្ពាន​ឫស្សី​ដែល​កំពុង​លិច​នេះ​វិញ​។​



លោក ម៉ៅ ហាក់ អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អះអាងថា កម្ពស់​ទឹក​នេះ​កើនឡើង​ដោយសារ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ក្រុង​លួង​ប្រា​បា​ង្គ ប្រទេស​ឡាវ កាលពី​ថ្ងៃទី​៧-១៣ មករា ឆ្នាំ​២០១៩ បាន​ហូរ​ធា្ល​ក់មក កម្ពុជា​។​
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន ThmeyThmey តាម​ទូរ​សព្ទ លោក ម៉ៅ ហាក់ ពន្យល់ថា​៖  «​ធម្មតា​ទេ នៅពេល​មាន​ប្រទេសជិតខាង​ជួបប្រទះ​បាតុភូតធម្មជាតិ ដូចជា ព្យុះ និង​ភ្លៀង កម្ពុជា​តែងតែ​រង​ឥទ្ធិពល​ទាំង​ហើយ​។ ជាក់ស្តែង ភ្លៀង​ដែល​កើតឡើង​នៅ​លួង​ប្រា​បាង កាលពី​១០​ថ្ងៃមុន បានធ្វើ​ឲ្យ​កម្ពស់​ទន្លេមេគង្គ​ប្រទេស​ឡាវ ហក់​ឡើងដល់​២​ម៉ែត្រ ហើយ​ទឹក​ទាំងនោះ បាន​ហូរ​តាម​បណ្តា​យ​ខ្សែទឹក មក​កម្ពុជា​បន្តិចៗ​ម្តង មកដល់​ថ្ងៃនេះ ទើប​ធ្វើ​ឲ្យ​កម្ពស់​ទឹក​ឡើង​ខុសពី​រដូវ​បែបនេះ​។ ពិសេស​ធ្វើ​ឲ្យ​លិច​ស្ពាន​ឬ​ស្សី​កោះ​ប៉ែន នៅ​ខេត្តកំពង់ចាម​»​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​រូបនេះ បាន​អះអាងថា កម្ពស់​ទឹកនឹង​ចាប់ផ្តើម​ស្រក​វិញ​ជា​តាម​ធម្មតា នៅ​រសៀល​ថ្ងៃទី​២២ ឬ​២៣ មករា ឆ្នាំ​២០១៩ ហើយ​ទឹក​ទាំងនេះ មិនបាន​ផ្តល់​ផល​អវិជ្ជា​មាន​ឡើយ​ដល់​កម្ពុជា​៕​
 
​សូមបញ្ជាក់ថា ស្ពាន​ឫស្សី​កោះ​ប៉ែន ដែល​ចំណាយ​ទឹកប្រាក់​ជុស​ជុល​អស់​ប្រមាណ​៣​ម៉ឺន​ដុល្លារ​នេះ ទើបតែ​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ឡើងវិញ កាលពី​ថ្ងៃទី​២៥​ខែធ្នូ ឆ្នាំ​២០១៨ កន្លងទៅ​។ 

​សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​ស្ពាន​ឫស្សី​កោះ​ប៉ែន ដែល​បាន​លិច​ដោយសារ​ទឹកទន្លេ​មេគង្គ​ឡើង​ខុសរដូវ ដូចតទៅ​៖ 

















Tag:
 ស្ពាន​ឫស្សី​
 ​ ទឹកជោរ​
 ​ ទន្លេមេគង្គ
  កំពង់ចាម​
 ​ ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com