អន្តរជាតិ
ឥណ្ឌូណេស៊ីគ្រោងយកពន្ធ១០ដុល្លារពីភ្ញៀវទេសចរបរទេស ដែលទៅលេងកោះបាលី
×
ឥណ្ឌូណេស៊ី កំពុងរៀបចំយកពន្ធពីភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរទៅកាន់កោះបាលី ក្នុងម្នាក់១០ដុល្លារ។ គម្រោងយកពន្ធថ្មីនេះ គឺធ្វើឡើងដើម្បីផ្តល់ប្រាក់ដល់កម្មវិធីមួយចំនួន ដែលមានគោលដៅអភិរក្សវិស័យវប្បធម៌ និងបរិស្ថាននៅកោះបាលី។
អាជ្ញាធរកោះបាលី បានបង្កើតសេចក្តីព្រាងច្បាប់មួយ ស្តីពីវិធានការយកពន្ធពីភ្ញៀវទេសចរបរទេសនេះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Jakarta Post នៅថ្ងៃសុក្រទី ១៨ មករា ដោយដកស្រង់សម្តីរបស់អភិបាលខេត្ត បាលី Wayan Koster ។ ទាក់ទិននឹងរឿងយកពន្ធនេះ លោក Wayan Koster បានបញ្ជាក់ថា៖ «ការណ៍នេះនឹងផ្តល់ប្រាក់ចំណូលបន្ថែម ដើម្បីអនុញ្ញាតឲ្យយើងអាចគាំទ្រលើការអភិវឌ្ឍកោះបាលីបានកាន់តែល្អប្រសើរ»។
យោងតាមការចុះផ្សាយរបស់កាសែតដដែលនេះ ក្រុមអ្នកបង្កើតច្បាប់ឥណ្ឌូណេស៊ី ក៏កំពុងពិចារណាយ៉ាងល្អិតល្អន់បំផុតពីរបៀបប្រមូលពន្ធលើភ្ញៀវទេសចរបរទេសថ្មីនេះ។ ជម្រើសគឺរួមមានដូចជា ការបន្ថែមពន្ធលើតម្លៃសំបុត្រយន្តហោះ ឬប្រមូលវានៅអាកាសយានដ្ឋានតែម្តង។ ត្រង់ចំណុចនេះ លោកអភិបាលខេត្ត Wayan Koster បានគូសបញ្ជាក់ថា៖«ភ្ញៀវទេសចរនឹងយល់ដឹងពីចំណាត់ការថ្មីនេះ។ ពួកគេនឹងសប្បាយចិត្តក្នុងការបង់ប្រាក់ ដ្បិតវានឹងត្រូវប្រើប្រាស់ដើម្បីពង្រឹងវិស័យវប្បធម៌ និងបរិស្ថានរបស់យើង»។ យ៉ាងណាមិញ សម្រាប់ការយកពន្ធនេះ ភ្ញៀវទេសចរក្នុងស្រុកនឹងត្រូវបានលើកលែង។
សូមបញ្ជាក់ផងដែរថា កោះបាលី ឥណ្ឌូណេស៊ីបានស្វាគមន៍ភ្ញៀវទេសចរបរទេសប្រមាណ ៥,៧ លាននាក់ក្នុងឆ្នាំ ២០១៧ ដែលភាគច្រើននៃពួកគេគឺមកពី ចិន និងអូស្ត្រាលី។ តួលេខឆ្នាំ២០១៨ត្រូវរំពឹងថា ចំនួនភ្ញៀវទេសចរអាចលើសពី ៦ លាននាក់ទៅទៀត ដោយសារតែកាលពីឆ្នាំមុន កោះបាលីបានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ពិភពលោកមួយចំនួន រួមមាន ជំនួបប្រចាំឆ្នាំរបស់មូលនិធិហិរញ្ញវត្ថុអន្តរជាតិ និងធនាគារពិភពលោកជាដើម៕
Tag:
ឥណ្ឌូណេស៊ី
កោះបាលី
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com