ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
លោក លឹម ហេង ប្រាប់​គន្លឹះ​ដល់​រដ្ឋាភិបាល ដើម្បី​ឲ្យ​អ្នកមាន​ខ្មែរ និង​ទេសចរ​ងាក​មក​«Shopping»​ក្នុងប្រទេស
22, Jan 2019 , 8:59 am        
រូបភាព
រូបខាងស្ដាំបានពីក្រុមហ៊ុន Cambodia Airports
រូបខាងស្ដាំបានពីក្រុមហ៊ុន Cambodia Airports
ដោយ:
​ភ្នំពេញ​៖ ក្នុងស្ថានភាព​សព្វថ្ងៃ អ្នកមាន​ធនធាន​នៅ​កម្ពុជា​ជាច្រើន បាន​ចេញទៅ​ទិញ​សម្ភារ​ប្រើប្រាស់​ផ្ទាល់ខ្លួន​ថ្លៃៗ ឬ​និយាយ​ឲ្យ​ចំ​គឺ​ដើរ Shopping នៅក្រៅ​ប្រទេស​។ ដូចនេះ​ទោះ​រដ្ឋ​យកពន្ធ ក៏​មិនសូវ​បាន​ចំណូល​ប៉ុន្មាន​ដែរ ព្រោះ​មិនសូវមាន​អ្នក​នាំ​ចូលមក​ដែរ ដោយសារ​អ្នកមានៗ បាន​ចេញទៅ​ទិញ​នៅ​បរទេស​។ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បានផ្ដល់​គំនិត​ថា រដ្ឋាភិបាល​គួរតែ​អនុគ្រោះ ឬ​លើកលែង​ពន្ធ​ទំនិញ​ទាំងនោះ ដូចជា កាបូប​ម៉ាក​ល្បី នាឡិកា ទឹកអប់ ជាដើម ដើម្បី​ឲ្យ​កម្ពុជា​សម្បូរ​ផ្សារ​ទំនិញ​រួច​ពន្ធ ហើយ​វា​នឹង​បង្វែរ​ឲ្យ​អ្នក​មាននៅ​កម្ពុជា​ងាក​មក Shopping ក្នុងស្រុក​វិញ​។ ធ្វើបែបនេះ​បាន វា​នឹង​ជួយ​ទាក់ទាញ​ទេសចរ​អន្តជាតិ​បន្ថែមទៀត ហើយ​ផ្ដល់​ប្រយោជន៍​សេដ្ឋកិច្ច​លើ​ផ្នែក​បង្កើត​ការងារ ការដឹកជញ្ជូន ការយកពន្ធ​ក្នុងស្រុក ជាដើម​។​


 
​ដើម្បី​ជ្រាប​ច្បាស់ សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ដូចតទៅ​នេះ​៖
 



​មុន​ផ្ដល់​កិច្ច​សម្ភាស​ជូន​សារព័ត៌មាន​ថ្មីៗ លោក លឹម ហេង បាន​សរសេរ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដូច្នេះ​ថា​៖«​យើង​កំពុង​ទទួលបាន​ការអនុគ្រោះ​ពន្ធ​ពី​សហគមន៍​អឺរ៉ុប និង​អាម​រិ​ក​។ ជា​កិច្ច​តបស្នង​វិញ រដ្ឋាភិបាល​គួរ​ពិចារណា​អនុគ្រោះ ឬ​លើកលែង​ពន្ធ​ទំនិញ​មួយចំនួន​នាំចូល​ពី​អឺរ៉ុប ក៏ដូចជា​អាមេរិក លើ​ទំនិញ​ដូចជា​កាបូប​ម៉ាក​ល្បី នាឡិកា ទឹកអប់ និង​ទំនិញ​មួយចំនួនទៀត ដែល​ខ្ញុំ​គិតថា​យើង​បាន​ចំណូល​ពន្ធ​ពីនេះ​តិចតួច​ប៉ុណ្ណោះ ដូច្នេះ​យើង​គួរ​បង្កើត​ទីផ្សារ​រួច​ពន្ធ​ក្នុងស្រុក​យើង ដើម្បី​ទាក់ទាញ​ទេសចរ មក​ទិញ​ទំនិញ​ម៉ាក​ល្បី​នៅ​តំបន់​ទេសចរណ៍​ល្បី​ក្នុងប្រទេស​យើង​។ វា​ជួយ​បង្កើត​ការងារ ការដឹកជញ្ជូន ការកៀងគរ​ចំណូល​ពន្ធ​ផ្ទៃក្នុង និង​ផលចំណេញ​ផ្សេងៗ​ជាច្រើន​ទៀត​»​។ លោក​បន្ថែមថា​៖«​អ្វីដែល​គួរ​ឲ្យ​ស្ដាយ​នោះ គឺ​សព្វថ្ងៃនេះ​អ្នក​មាននៅ​ស្រុក​ខ្មែរ​ទាំង​ជនបរទេស និង​ខ្មែរ បាននាំគ្នា​ទៅ​ទិញ​ទំនិញ​ម៉ាក​ល្បីៗ ថ្លៃៗ​នៅ​ប្រទេស​ថៃ សិង្ហបុរី អាមេរិក ឬ​អឺរ៉ុប​»៕
 

Tag:
 shopping
  ពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com