កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ ជើងឯក៤សម័យកាល ជប៉ុន បានកៅអីទៅជួបវៀតណាមនៅវគ្គ១/៤ផ្តាច់ព្រ័ត្រ កីឡាករជប៉ុនអបអរក្រោយការស៊ុតបាល់បញ្ចូលទី។ រូបថត បណ្តាញសង្គមផ្លូវការ Asian Cup
× គ្រាប់បាល់បញ្ចូលទីតែមួយគ្រាប់របស់ Takehiro Tomiyasu លើអារ៉ាប៊ីសាអូឌីត នៅតង់ទីមួយ ជាលទ្ធផលដ៏ពេញចិត្តសម្រាប់ជប៉ុនក្នុងការឈានបន្តទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រពានរង្វាន់ AFC Asian Cup ឆ្នាំ២០១៩ ដែលមានវៀតណាមនៅរង់ចាំរួចជាស្រេច។
ក្នុងជំនួបវគ្គ១៦ក្រុមចុងក្រោយនៅកីឡដ្ឋាន Sharjah Stadium នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ខ្សែការពារ Takehiro Tomiyasu សម្រេចបានឱកាសមាសរបស់ខ្លួននៅនាទី ទី២០ ក្រោយការបញ្ជូនពីជ្រុងរបស់ Gaku Shibasaki ហើយលទ្ធផល ១-០ ត្រូវរក្សារហូតដល់បញ្ចប់ការប្រកួត។
ជប៉ុនដែលជាម្ចាស់ជើងឯក៤សម័យកាល កំពុងបោះជំហានទៅរកការដណ្តើមពានសារជាថ្មីម្តងទៀត ក្រោយខកខានអស់រយៈពេល៨ឆ្នាំ ប៉ុន្តែពួកគេត្រូវឆ្លងកាត់ឧបសគ្គជាបន្តបន្ទាប់ ដោយនៅវគ្គ១/៤ផ្តាច់ព្រ័ត្រ ក្រុមសាមួរ៉ៃ ត្រូវតទល់ជាមួយវៀតណាម ដែលបានយកឈ្នះហ្ស៊កដានី ក្នុងការទាត់បាល់ប៉េណាល់ទីសម្រេចក្តី ក្រោយលទ្ធផលស្មើ ១-១ ក្នុងរយៈពេល១២០នាទី។
អារ៉ាបីសាអូឌីត ដែលទើបតែបង្ហាញខ្លួននៅ World Cup ដូចជប៉ុនផងដែរនោះដែរ ខកឱកាសក្សម្រាប់ការស្វែងរកពានជាលើកទី៤ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ក្រុមពិភពអារ៉ាប់មួយនេះ ជាក្រុមទីបួនបន្ទាប់ពីហ្ស៊កដានី អូម៉ង់ និងថៃ ត្រូវហាលអាវនៅវគ្គ១៦ក្រុមចុងក្រោយ។
ក្រៅពីជប៉ុនដែលត្រូវជួបវៀតណាម ចិនដែលបានទម្លាក់ថៃ ២-១ ក៏ត្រៀមខ្លួនប្រជែងជាមួយអ៊ីរ៉ង់ផងដែរនៅវគ្គ១/៤ផ្តាច់ព្រ័ត្រ។ អ៊ីរ៉ង់បោះជំហានទៅមុខ ក្រោយបំបាក់អូម៉ង់ ២-០៕
© រក្សាសិទ្ធិដោយ thmeythmey.com