អន្តរជាតិ
បារាំងក្ដៅស្លឹកត្រចៀកក្រោយអុីតាលីចោទថា ខ្លួនធ្វើឲ្យអាហ្វ្រិករហាមដូចសព្វថ្ងៃ ឧបនាយករដ្ឋមន្រ្តីអុីតាលី Luigi Di Maio (រូបភាព AFP)
× ក្រសួងការបរទេសបារាំង នៅថ្ងៃទី២១ ខែមករា បានកោះហៅប្រេសិតអុីតាលីប្រចាំទីក្រុងប៉ារីស ដើម្បីតវ៉ាក្រោយឧបនាយករដ្ឋមន្ត្រីអុីតាលី Luigi Di Maio ចោទបារាំងថា ជាអ្នកបង្កើតភាពក្រីក្រនៅអាហ្វ្រិក ហើយនាំឲ្យមានលំហូរជនអន្តោប្រវេសន៍ចូលអឺរ៉ុបមិនចេះឈប់។ សម្រាប់លោក Di Maio បើបារាំងមិនជិះជាន់ប្រទេសអាហ្វ្រិកទេ ម្ល៉េះប្រទេសទាំងនោះមានសេដ្ឋកិច្ចខ្លាំងក្លាទៅហើយ ឯប្រជាជនក៏មិនរត់ចោលស្រុកដែរ។
ទំនាក់ទំនងបារាំង និងអុីតាលីមិនសូវល្អឡើយក្រោយការឡើងអំណាចរបស់អ្នកនយោបាយប្រឆាំងដែលមាននិន្នាការប្រឆាំងគោលនយោបាយរបស់រដ្ឋាភិបាលមុនៗ។ រដ្ឋាភិបាលអុីតាលីសព្វថ្ងៃដែលដឹកនាំដោយចលនាផ្កាយ៥ និងជាបក្សស្ដាំនិយមជ្រុល តែងអនុវត្តគោលនយោបាយផ្ទុយពីបារាំងលើរឿងការបរទេសដូចជាសំណុំរឿងលីប៊ី និងបញ្ហាអន្តោប្រវេសន៍ជាដើម ក្នុងន័យបង្ហាញឲ្យឃើញពីភាពខុសគ្នារវាងខ្លួននិងរដ្ឋាភិបាលឆ្វេងនិយមដែលស្និទ្ធបារាំង។
ជុំវិញលំហូរជនអន្តោប្រវេសន៍អាហ្វ្រិកដែលធ្វើដំណើរឆ្លងសមុទ្រមកអឺរ៉ុប ឧបនាយករដ្ឋមន្ត្រីអុីតាលី Luigi Di Maio ចោទថា បារាំងជាដើមហេតុ។ ថ្លែងទៅកាន់ជំនួបនៅចុងសប្ដាហ៍មុន លោក Di Maio និយាយថា ប្រសិនមានមនុសស្សម្នាចាកចេញពីអឺរ៉ុប ក៏ព្រោះតែមានប្រទេសអឺរ៉ុបខ្លះ និយាយឲ្យចំគឺបារាំងមិនព្រមឈប់ធ្វើអាណានិគម ហើយបើបារាំងមិនបានដាក់អាណានិគមលើអាហ្វ្រិកទេ អាហ្វ្រិកជាមហាអំណាចសេដ្ឋកិច្ចដ៏ធំរបស់ពិភពលោកទៅហើយ។
សម្ដីវាយប្រហាររបស់ឧបនាយករដ្ឋមន្ត្រីរូបនេះ ធ្វើឲ្យបារាំងមិនពេញចិត្តឡើយ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters ដែលស្រង់ប្រភពការទូត អគ្គរដ្ឋទូតអុីតាលីប្រចាំប៉ារីស Teresa Castaldo ត្រូវបាននាយកខុទ្ទកាល័យរដ្ឋមន្ត្រីកិច្ចការអឺរ៉ុបរបស់បារាំងហៅទៅសួរនាំនៅថ្ងៃទី២១ ខែមករា។
យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអុីតាលីដដែលនេះ មិនព្រមបន្ថយពាក្យសម្ដីរបស់ខ្លួនឡើយ។ លោក Di Maio ដែលជាប្រមុខចលនាផ្កាយ៥ ផងនោះបន្តវាយប្រហារគោលនយោបាយការបរទេសបារាំងទៀត ដោយចោទបារាំងថា បានបំប៉ោងសេដ្ឋកិច្ចប្រទេសចំនួន១៤ តាមរយៈការដាក់ឲ្យប្រើប្រាស់រូបិយបណ្ណ CFA franc ។ លោកពន្យល់ថា ការបោះពុម្ពលុយឲ្យប្រទេសទាំង១៤ បានរារាំងការអភិវឌ្ឍសេដ្ឋកិច្ច ហើយរួមចំណែកដល់ការចាកចេញពីប្រទេសដោយប្រថុយប្រថាន ដែលខ្លះមានសំណាងទៅដល់អុីតាលី ឯខ្លះលិចលង់ក្នុងសមុទ្រ។
តាមពិតទៅ រដ្ឋាភិបាលក្រុងរ៉ូមបច្ចុប្បន្ននេះ មិនត្រូវគ្នាជាមួយប្រទេសជាច្រើននៅអឺរ៉ុបលើបញ្ហាអន្តោប្រវេសន៍ ដ្បិតអុីតាលីត្រូវរ៉ាប់រងជនភៀសខ្លួនរាប់លាននាក់ដែលរត់គេចពីសង្គ្រាមនៅមជ្ឈិមបូព៌ាផង និងបញ្ហានៅអាហ្វ្រិកផង។ លោក Di Maio អះអាងថា ពេលនេះគួរតែនិយាយពីមូលហេតុនាំឲ្យមានរឿង មិនមែននិយាយពីផលប៉ះពាល់ឡើយ ហើយប្រទេសដូចបារាំងនេះគួរតែរងទណ្ឌកម្មរបស់សហភាពអឺរ៉ុបដែលធ្វើឲ្យអាហ្វ្រិកក្រីក្រ៕
Tag:
បារាំង
អុីតាលី
អាហ្វ្រិក
Luigi Di Maio
© រក្សាសិទ្ធិដោយ thmeythmey.com