អន្តរជាតិ
ការបំពុល​បរិយាកាសកាន់តែ​អាក្រក់ អាជ្ញាធរ​ថៃ​ពិចារណា​ប្រកាស «​អាសន្ន​» នៅ​​បាងកក
22, Jan 2019 , 7:39 pm        
រូបភាព
រូបភាព៖ កាសែត The Nation
រូបភាព៖ កាសែត The Nation
ដោយ:
​សាលាក្រុង និង​នាយកដ្ឋាន​គ្រប់គ្រង​ការបំពុល​ថៃ កំពុង​ពិចារណា​ប្រកាស​ទីក្រុង បាងកក ទៅជា «​តំបន់​គ្រប់គ្រង​ការបំពុល​» ក្រោយពី​ខ្យល់​កខ្វក់​មាន​សភាព​កាន់តែ​អាក្រក់​ខ្លាំង​ឡើងៗ នៅ​ថ្ងៃ​ចន្ទ ទី​២១ ខែមករា​។

 
​លោក Chatri Watthanakhechon ប្រធានការិយាល័យ​បរិស្ថាន​នៃ​រដ្ឋបាល​ទីក្រុង​បាងកក បាន​និយាយថា ដោយសារតែ​កម្រិត​នៃ​ខ្យល់​កខ្វក់​បាន​កើនឡើង​លើសពី​កម្រិត​សុវត្ថិភាព នៅ​គ្រប់​សង្កាត់​ទាំងអស់​ក្នុង​រាជធានី បាងកក សាលាក្រុង​កំពុង​ស្វះ​ស្វែងរក​មធ្យោបាយ​ដើម្បី​សម្អាត​ផ្លូវ​សំខាន់ៗ រហូតដល់​គុណភាព​ខ្យល់​មាន​សភាព​ល្អ​ប្រសើរឡើង​វិញ​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​កាសែត Bangkok Post លោក Chatri បាន​បញ្ជាក់ថា ការិយាល័យ​បរិស្ថាន​ថៃ បានរៀបចំ​ជំនួប​មួយ​ជាមួយ​នាយកដ្ឋាន​គ្រប់គ្រង​ការបំពុល​ថៃ កាលពី​រសៀល​ថ្ងៃ​ចន្ទ ក្នុង​គោលបំណង​បង្កើត​វិធានការ​ចាំបាច់ ដើម្បី​ទប់ទល់​នឹង​ការបំពុលបរិយាកាស ដែល​កំពុង​គំរាមកំហែង​ដល់​សុខភាព​ប្រជាជន​។ ទាក់ទិន​នឹង​លទ្ធផល​នៃ​ជំនួប​នេះដែរ លោក​បាន​បង្ហើប​ទៀតថា ភាគី​ទាំងពីរ​កំពុង​សម្លឹងមើល​លទ្ធភាព​ក្នុងការ​ប្រកាសដាក់ ​ទីក្រុង​បាងកក​ទៅជា តំបន់​គ្រប់គ្រង​ការបំពុល​។ 


 
​ប្រសិនបើ​ទីក្រុង​បាងកក​ត្រូវ​ប្រកាស​ឲ្យ​ក្លាយជា «​តំបន់​គ្រប់គ្រង​ការបំពុល​» មែន​នោះ បណ្តា​ភ្នាក់ងារ​រដ្ឋបាល​ថ្នាក់​តំបន់​ទាំងអស់​នៅក្នុង​ទីក្រុង​បាងកក នឹង​តម្រូវ​ឲ្យ​រក​វិធី​ដោះស្រាយ​ការបំពុល​នៅក្នុង​តំបន់​រៀងៗ​ខ្លួន​របស់​ពួកគេ​។ ហើយ​វិធី​ទាំងនោះ​គឺ​រាប់​ចាប់ពី​ការចាត់ចែង​ការសិក្សា ទៅដល់ការអនុវត្ត​វិធានការ​ច្បាស់លាស់​ណាមួយ ដើម្បី​ទប់ទល់​នឹង​បញ្ហា​ខ្យល់​កខ្វក់​នេះ​។ 
 
​ទន្ទឹមនឹង​គ្នា​នេះដែរ នាយកដ្ឋាន​ការពារ​និង​កាត់បន្ថយ​គ្រោះធម្មជាតិ​ថៃ (DDPM) បាន​និយាយថា ទីក្រុង​បាងកក និង​ខេត្ត​នៅក្បែរៗ​នោះ កំពុង​រង​ការវាយប្រហារ​យ៉ាងខ្លាំង​ដោយសារ​ផង់​ធូលី​នៅ​កម្រិត ដែល​អាច​ប៉ះពាល់​សុខភាព​មនុស្ស​។ យោងតាម​ការចុះផ្សាយរ​បស់​កាសែត Bangkok Post លោក Chayapol Thitisak អគ្គនាយក DDPM បាន​គូសបញ្ជាក់ថា ភ្នាក់ងារ​កំពុងធ្វើការ​ជាមួយ​អាជ្ញាធរខេត្ត ដើម្បី​ដោះស្រាយ​បញ្ហា​ខ្យល់ពុល ដោយ​ការបាញ់ទឹក លាង​សម្អាត​ផង់​ធូលី​នៅក្នុង​ខ្យល់ ក៏ដូចជា​ដាក់​បញ្ជា​ឲ្យ​មន្ត្រី​ឃ្លាំមើល​គុណភាព​ខ្យល់​ឲ្យ​បាន​ល្អិតល្អន់​ផងដែរ​។​
 
​លោក​អគ្គនាយក Chayapol បាន​កត់សម្គាល់ថា អាជ្ញាធរ​ក៏បាន​ណែនាំ​ប្រជាជន​ឲ្យ​ប្រើប្រាស់​សេវា​ដឹកជញ្ជូន​សាធារណៈ និង​ហាមឃាត់​ការដុត​សម្រាម​ជាដើម​។ ជាមួយគ្នានេះ ប្រជាជន​ទាំងនោះ​ក៏ត្រូវ​បាន​ណែនាំ​ឲ្យ​ជៀសវាង​ការដើរ​ហើរ​នៅ​ខាងក្រៅ​ប្រសិន​ពុំ​ចាំបាច់ និង​ត្រូវ​ពាក់​ម្ស៉ា​ស់​ជានិច្ច​ផងដែរ​នៅពេល​ចេញទៅ​ក្រៅ​។ អាជ្ញាធរ​ក៏បាន​ព្រមាន​ឲ្យ​អ្នកបើកបរ​យានជំនិះ​ឲ្យ​ធ្វើដំណើរ​ដោយ​ប្រុងប្រយ័ត្ន​ផងដែរ​ដ្បិតថា​ផ្លូវត្រូវ​បាន​រុំ​ព័ទ្ធ​ដោយ​ផ្សែង​អ័ព្ទ​៕

Tag:
 ថៃ​
  រាជធានី​បាងកក​
  ខ្យល់​កខ្វក់​
© រក្សាសិទ្ធិដោយ thmeythmey.com