ជាតិ
សង្គមជាតិ
រដ្ឋាភិបាលបង្កើតក្រុង ស្រុក ខណ្ឌ៦ថែមទៀត ដូចជា ក្រុងកោះរ៉ុង ខណ្ឌបឹងកេងកង ខណ្ឌកំបូល...
× ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ៦ផ្សេងពីគ្នា ស្តីពីការបង្កើតក្រុង ស្រុក ខណ្ឌថ្មី៦បន្ថែមទៀត តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នេះបើតាមប្រភពដែលសារព័ត៌មានថ្មីៗទទួលបាន ប៉ុន្តែមិនទាន់មានការអះអាងជាផ្លូវការនោះឡើយ លើកលែងតែករណីស្រុកតាំងគោក ខេត្តកំពង់ធំ ដែលគេឃើញអនុក្រឹត្យ ចុះថ្ងៃទី៨ ខែមករា។
ក្រុង ស្រុក ខណ្ឌថ្មីទាំងនោះ រួមមាន រាជធានីភ្នំពេញ មានខណ្ឌថ្មី២ គឺខណ្ឌបឹងកេងកងនិងខណ្ឌកំបូល ខេត្តព្រះសីហនុ មានក្រុងថ្មី១ គឺក្រុងកោះរ៉ុង ខេត្តស្ទឹងត្រែង មានស្រុកថ្មី១ គឺស្រុកបុរីអូរស្វាយសែនជ័យ ខេត្តកំពង់ធំ មានស្រុកថ្មី១ គឺស្រុកតាំងគោក និងខេត្តពោធិ៍សាត់ មានស្រុកថ្មី១ គឺស្រុកតាលោសែនជ័យ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា លោក បានឃើញអនុក្រឹត្យស្តីពីការបង្កើតក្រុង ស្រុក ខណ្ឌថ្មីទាំងនោះហើយ ដែលត្រូវបានចម្លងផ្ញើទៅកាន់ស្ថាប័នរបស់លោក។ ប៉ុន្តែ លោក សុំមិនបកស្រាយអ្វីច្រើននោះទេ ដោយលោក អះអាងថា កិច្ចការនេះ គឺស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។
ចំណែក លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល អះអាងថា លោក ក៏បានឃើញព័ត៌មាននេះដែរ។ ប៉ុន្តែ លោក ក៏ដូចលោក ហង្ស ពុទ្ធា ដែរ ដោយមិនអាចបញ្ជាក់ពីព័ត៌មានលម្អិតឡើយ ហើយលោក បានរុញឲ្យទៅសួរក្រសួងមហាផ្ទៃ ព្រោះស្ថាប័ននេះ ជាអ្នកផ្តើមគំនិតក្នុងការបង្កើត។
សារព័ត៌មានថ្មីៗ មិនអាចសុំការបំភ្លឺពីលោក ខៀវ សុភ័គ និង លោក ផាត សុផានិត ដែលអ្នកនាំពាក្យក្រសួងមហាផ្ទៃបានឡើយ ដោយសារតែលោកទាំងពីរ ពុំលើកទូរសព្ទ។
សូមរម្លឹកថា កាលពីអំឡុងឆ្នាំ២០១៨ រដ្ឋាភិបាល ធ្លាប់មានគម្រោងបង្កើតខេត្តថ្មី២បន្ថែម តែក្រោយមក ក៏ត្រូវលុបចោលវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com