ជាតិ
សេដ្ឋកិច្ច
ភ្ញៀវទេសចរ​ចិន​ឈរ​លំដាប់​ទី​១​ក្នុងចំណោម​ភ្ញៀវទេសចរ​ជាង​៦​លាន​នាក់​ដែល​មក​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨
22, Jan 2019 , 7:59 pm        
រូបភាព
រូបឯកសារ៖ ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ថត​រូប​ទេស​ភាព​ថ្ងៃ​លិច​នៅ​លើ​កំពូល​ប្រាសាទ​ភ្នំ​បាក់ខែង​ ខេត្ត​សៀមរាប កាល​ពី​ល្ងាច​ថ្ងៃ​ទី​២១​ ខែ​មីនា​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា​/VOA)
រូបឯកសារ៖ ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ថត​រូប​ទេស​ភាព​ថ្ងៃ​លិច​នៅ​លើ​កំពូល​ប្រាសាទ​ភ្នំ​បាក់ខែង​ ខេត្ត​សៀមរាប កាល​ពី​ល្ងាច​ថ្ងៃ​ទី​២១​ ខែ​មីនា​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា​/VOA)
ដោយ: VOA
​ភ្នំពេញ ៖ តួលេខ​ចុងក្រោយ​របស់​ក្រសួងទេសចរណ៍​បង្ហាញ​ថា​ចំនួន​ភ្ញៀវទេសចរ​មកកាន់​កម្ពុ​ជា​ក្នុង​ឆ្នាំ​២០១៨ មានការ​កើនឡើង​១១​ភាគរយ​គឺ​ស្មើនឹង​៦​លាន​២​សែន​នាក់ ក្នុងនោះ​ភ្ញៀវ​ចិន​មាន​៣០​ភាគរយ​។ ខណៈ​ភ្ញៀវទេសចរ​ចិន​មាន​កំណើន​៧០​ភាគរយ បើ​ធៀប​ទៅ​ឆ្នាំ​២០១៧ អ្នកវិភាគ​សង្គម​ព្រមាន​ថា​ម្ចាស់​អាជីវកម្ម​ខ្នាតតូច​និង​មធ្យម​មិនបាន​ទទួល​ចំណូល​ជា​ដុំកំភួន​ពី​ភ្ញៀវទេសចរ​ចិន​ដូចដែល​ធ្លាប់បាន​ពី​ភ្ញៀវទេសចរ​ប៉ែក​ខាងលិច​នោះទេ​។​

 
​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​បានមក​ទស្សនា​ក្នុងប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨ មាន​ចំនួន​៦.២ លាន​នាក់ គឺ​កើន​ជាង​១១ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។ ភ្ញៀវទេសចរ​ជនជាតិ​ចិន ឈរ​លំដាប់​មុខ​គេ​បង្អស់ ដែលមាន​ចំនួន​ប្រមាណ​១​លាន​៩​សែន​នាក់​ដែលជា​ការកើនឡើង​ជាង​៧០​ភាគរយ នេះ​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងទេសចរណ៍​។​
 
​លោក គង់ សុភា​រៈ ប្រធាន​នាយកដ្ឋាន​ស្ថិតិ​នៃ​ក្រសួងទេសចរណ៍ បញ្ជាក់ប្រាប់ VOA ថា​កំណើន​នៃ​ភ្ញៀវទេសចរ​ចិន​ក្នុងប្រទេស​កម្ពុជា​គឺ​ដោយសារតែ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​និង​ដោយសារ​ការកើនឡើងរ​បស់​ជើងហោះហើរ​ត្រង់​ជាច្រើន​ពី​ចិន​មកកាន់​កម្ពុជា​។​
 
​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​៖
 
​កំណើន​ភ្ញៀវទេសចរ​ចិន​មក​ស្រុក​ខ្មែរ​យើង​ច្រើន​ហ្នឹង​យើង​ឃើញ​មាន​ពីរ​បី​កត្តា ទីមួយ​គឺ​កត្តា​ដូចជា​គេ​ហៅថា​កត្តានយោបាយ​បានន័យថា​រាជរដ្ឋាភិបាល​រវាង​ប្រទេស​ទាំងពីរ​ហ្នឹង​គឺមាន​ទំនាក់ទំនង​ល្អ ដល់ពេល​អ៊ីចឹង​ហើយ​វា​ជម្រុញ​នូវ​កំណើន​វិនិយោគ​»​។​
 
​ការលើកឡើង​របស់​ម​ន្ត្រី​នៃ​ក្រសួងទេសចរណ៍​ធ្វើឡើង ខណៈ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​សំខាន់ៗ​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​មួយ​នៅក្នុង​ប្រទេស​ចិន ជាទី​ដែល លោក ហ៊ុន សែន សង្ឃឹមថានឹង​អាច​ទាក់ទាញ​ការវិនិយោគ​និង​ភ្ញៀវ​ទេសចរណ៍​ជាច្រើន​បន្ថែមទៀត​ដល់​ប្រទេស​កម្ពុជា​។​
 
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ថា​កម្ពុជា​ចង់​ឲ្យ​ទេសចរ​ចិន​កើនឡើង​យ៉ាងហោចណាស់​ប្រាំ​ដង​ធៀប​នឹង​ចំនួន​ទេសចរ​ចិន​ក្នុង​ឆ្នាំ​២០១៨ ដែលមាន​ចំនួន​ត្រឹមតែ ១.៩​លាន​នាក់ ដើម្បី​លើកស្ទួយ​វិស័យសេដ្ឋកិច្ច​របស់​កម្ពុជា​។​
 
​ទោះបីជា​ចំនួន​ភ្ញៀវទេសចរ​ចិន​មានការ​កើនឡើង ប្រជាពលរដ្ឋ​កម្ពុជា​មិនបាន​ទទួលផល​ប្រយោជន៍​ពី​ការកើនឡើង​នៃ​ភ្ញៀវទេសចរ​ចិន​ច្រើន​ប៉ុន្មាន​នោះទេ នេះ​បើតាម​ការសង្កេត​ឃើញរ​បស់​អ្នកវិភាគ​សង្គម​។​
 
​លោក មាស នី អ្នកសិក្សា​ពី​ការអភិវឌ្ឍ​សង្គម ម្នាក់​បាន​និយាយថា​កំណើន​ភ្ញៀវទេសចរ​គឺជា​រឿង​ល្អប្រសើរ​ប៉ុន្តែ ការកើនឡើង​នៃ​ភ្ញៀវទេសចរ​ចិន​មិនបាន​ផ្តល់ប្រាក់​ចំណូល​ច្រើន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដូច​ភ្ញៀវទេសចរ​ប៉ែក​ខាងលិច​នោះទេ​។​
 
​លោក​បាន​និយាយថា​៖
 
«​បស្ចិមប្រទេស​គេ​ចំណាយ​ច្រើនជាង ហើយ​ចំណាយ​ទាំងអស់​ហ្នឹង​ច្រើនតែ​ដល់ដៃ​ប្រជាពលរដ្ឋ ដែល​ខុសគ្នា​ចិន ដែល​ចិន​មក មិនសូវ​ជា​ចាយ​ប៉ុន្មាន​ទេ ហើយ​ចាយ​ក៏​ចាយ​នៅ​ខាង​ចិន ដេក​ក៏​ដេក​នៅ​កន្លែង​ចិន ហើយ​អាចមាន​អ្នក​ម​គ្គុ​ទេស​ទេសចរ​ហ្នឹង​ក៏​ជា​ជនជាតិ​ចិន​ទៀត​បាទ​»​។​
 
​លោក ឈាង វណ្ណា​រិ​ទ្ធិ អ្នកវិភាគ​និង​អ្នកស្រាវជ្រាវ​កិច្ចការ​តំបន់​ក៏បាន​បង្ហាញ​មតិ​ស្រដៀង​គ្នា​នេះដែរ ដោយ​ព្រមាន​ពី​ការកើនឡើង​របស់​ទេស​ចរ​ចិន​ជា​«​កញ្ចប់​ទស្សនកិច្ច​»​ឬ «Package Tour» អាចធ្វើ​ឲ្យ​មានការ​បែងចែក​ចំណូល​ពី​ទេសចរ​ចិន​កម្ពុជា យ៉ាងណាក៏ដោយ​លោក​បាន​និយាយថា​វា​ក៏មាន​ផល​ល្អ​ផងដែរ​សម្រាប់​កម្ពុជា​ក្នុង​កំណើន​នេះ ដែល​អាចជួយ​ជំរុញ​តម្រូវការ​សេវាកម្ម​ផ្សេងៗ​របស់​ភ្ញៀវទេសចរ​ចិន​។​
 
​លោក ឈាង វណ្ណា​រិ​ទ្ធិ បញ្ជាក់ថា​៖
 
«​ទេសចរ​ចិន​រាប់រយ​នាក់ គេ​មកជា​ក្រុមៗ​គេ​ទៅ​សណ្ឋាគារ​ធំៗ​នោះ អ៊ីចឹង​ទេ អាហ្នឹង​ជាការ​បែងចែក​នៃ​ផល​ចំណូល​ពី​ទេសចរ​របស់​ចិន​ហ្នឹង គេ​ហៅថា​ដល់​អ្នករកស៊ី ខ្នាតតូច​និង​មធ្យម​ហ្នឹង ប្រហែលជា​ពុំបាន​ផលប្រយោជន៍​ច្រើន​ដូចជា​ពី​ពួក Backpackers ពី​អឺរ៉ុប​ពី​អាមេរិក​ទេ​»​។​
 
​ប៉ុន្តែ​លោក គង់ សុភា​រៈ ប្រធាន​នាយកដ្ឋាន​ស្ថិតិ​នៃ​ក្រសួងទេសចរណ៍ បាន​បដិសេធ​ការលើកឡើង​ទាំងនេះ​ដោយនិយាយ​ថា​ម​គ្គុ​ទេស​ទេសចរ​ត្រូវតែ​ជា​ជនជាតិខ្មែរ តាមច្បាប់​របស់​កម្ពុជា ហើយ​ប្រជាជន​កម្ពុជា​ដែលជា​ម្ចាស់​អាជីវកម្ម​ធំៗ​នៅតែ​ទទួលបាន​ចំណូល​ល្គិ​គ​ណា​អាជីវកម្ម​នោះ​មាន​ស្តង់ដា​ច្បាស់លាស់ ។​
 
«​វា​ត្រូវការ​ប្រកួតប្រជែង​ដែរ​នៅក្នុង​ស្រុក​របស់​យើង បានន័យថា​ផ្ទះសំណាក់​អីហ្នឹង​វា​ត្រូវតែមាន​ស្តង់ដារ​មួយ​ច្បាស់លាស់​ដែរ​។ អ៊ីចឹង​ហើយ​បានជា​ក្រសួង​មាន​រៀបចំ​ជា​ចំណាត់ថ្នាក់​សណ្ឋាគារ​ដើម្បី​ការប្រកួតប្រជែង​នៅក្នុង​កម្រិត​ហ្នឹង​ដែរ​។ ប្រសិនបើ​ផ្ទះសំណាក់​គាត់​អត់​មាន​ស្តង់ដារ​ឬក៏​អូ​តែ​ល​គាត់​មិនមាន​ស្តង់ដារ​អីហ្នឹង​វា​ពិបាក​ប្រកួតប្រជែង​មែនទែន​ក្នុង​ទីផ្សារសេរី »​។​
 
​សម្រាប់​ឆ្នាំ​២០១៨​នេះ​ផងដែរ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ​កម្ពុជា​ដែល​គ្រប់គ្រង​ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត បញ្ជាក់ថា​កម្ពុជា​ទទួល​បាន​ចំណូល​សរុប​ពី​ការលក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ជាង​១១៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក​និង​ជាង​១០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​២០១៧ ដែលជា​កំណើន​៨​ភាគរយ​។​
 
​ទោះយ៉ាងណា​ក៏ដោយ​ខណៈ​ចំនួន​ភ្ញៀវទេសចរ​ចិន​មានការ​កើនឡើង​ចំនួន​ភ្ញៀវ​ទេសចរណ៍​ពី​អឺរ៉ុប​និង​អាមេរិក​មានការ​ធ្លាក់ចុះ​ចំនួន ៤​និង​៥​ភាគរយ ក្នុង​ឆ្នាំ​២០១៨ នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com