ONE Championship
កីឡាជាតិ
ជាតិ
៣​ចំនុច​ដែល​នាំ​ឲ្យ​កក្រើក​កម្មវិធី ONE: ETERNAL GLORY នៅ​ហ្សា​ការ​តា​
22, Jan 2019 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ដើមឆ្នាំ​ថ្មី​នេះ ONE Championship បានរៀបចំ​កម្មវិធី ONE: ETERNAL GLORY ដែលមាន​ការប្រកួត​យ៉ាង​អស្ចារ្យ​នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី ១៩ ខែមករា​។ ទស្សនិកជន​ឥណ្ឌូណេស៊ី ទទួលបាន​ទស្សនីយភាព​ដ៏​រំភើប ដ្បិត​មាន​ជើង​ខ្លាំង​លំដាប់​ពិភពលោក​ដល់​ទៅ ១២​គូ រាប់ទាំង​វត្តមាន​ពន្លក​ថ្មី​ក្នុង​ពិភព​ក្បាច់គុន​ដែល​បង្ហាញខ្លួន​នា​ព្រឹត្តិការណ៍​នោះ​។


 
 
​ខាងក្រោម​នេះ​ជា​ចំនុច​សំខាន់​ចំនួន ៣ ពី​កម្មវិធី​ដំបូង​របស់ ONE ប្រចាំឆ្នាំ​២០១៩​នេះ​។ 

១. បញ្ចេញ​មុខ​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ទម្ងន់ ៥២​គីឡូក្រាម​
 
​នៅក្នុង​កម្មវិធី​សំខាន់​នេះ មានការ​ការពារ​ខ្សែក្រវាត់​ពិភពលោក ONE Strawweight World Champion របស់​ស្តេច​ប្រដាល់ Joshua Pacio ដែល​បាន​ប្រកួត​ការពារ​ខ្សែក្រវាត់​លើកទីមួយ​របស់ខ្លួន​ពី​ភាគី​ជប៉ុន Yosuke Saruta​។ 
 
​អ្នក​ប្រដាល់​ជប៉ុន Saruta ធ្លាប់បាន​បញ្ចេញស្នាដៃ​អស្ចារ្យ​ក្នុង​កម្មវិធី​ជាមួយគ្នា​នឹង​កីឡាករ​តំណាង​កម្ពុជា ឯម សុ​វណ្ណា​រី និង ចាន់ រតនា កាលពី​ថ្ងៃទី​៧ ខែធ្នូ កន្លងទៅ​ផងដែរ​។ កាលនោះ Saruta បានឈ្នះ​ដោយ​ពិន្ទុ​លើ​កីឡាករ​Alex Silva ប្រចាំ​ក្លិប Evolve​។ 
 
​បន្ទាប់ពី Saruta តស៊ូ​យ៉ាង​ខ្លាំងក្លា​ជាមួយ​ដៃគូ​ដ៏​ពិបាក​រូប​នោះមក រូបគេ​ត្រូវបាន​ផ្គូផ្គង​ឲ្យ​ដណ្តើម​ខ្សែក្រវាត់​ភ្លាមៗ​។ 
 
​ថ្វីបើ Pacio របស់​ក្រុម Lakay ព្យាយាម​អស់ពី​សមត្ថភាព​ដើម្បី​ការពារ​ខ្សែក្រវាត់​ខ្លួន​យ៉ាងណាក៏ដោយ ប៉ុន្តែ​ដោយមាន​សំពាធ​ខ្ពស់ និង​ក្បាច់​ចាប់​បោក​មាន​ប្រសិទ្ធភាព​ជាង ទើប​ធ្វើ​ឲ្យ​ចៅក្រម​កាត់ក្តី​ស​ម្រ​ច​ឲ្យ Saruta ជា​ម្ចាស់​ខ្សែក្រវាត់​តែម្តង​។​
 
២. ត្រកូល The Lee Clan អាច​យកជ័យ​ជម្នះ​បាន​ក្នុង​ព្រឹត្តិការណ៍​នេះ​
 
​តារា​ប្រចាំ​ក្លិប Evolve កីឡាករ Christian Lee និង​បងថ្លៃ​របស់ខ្លួន​គឺ Bruno Pucci មិនអាច​មិន​សប្បាយចិត្ត​ជាង​ការប្រកួត​លើក​នោះទេ​។​
 
​ពីរ​នាក់​បងប្អូន​ថ្លៃ​នេះ ត្រូវ​ឡើង​ប្រកួត​ក្នុងនាម​គូ​ពិសេស​នា​រាត្រី​នោះ​។ Pucci ប៉ះ​ជាមួយ​អតីត​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក Kotetsu Boku​។ 
 
Pucci ដែលមាន​ឈ្មោះ​ជា​ជើង​ខ្លាំង​ខាង BJJ No-Gi World Champion ជា​អ្នក​សម្រុកចូល​ចាប់ជើង​ក្រោម​បម្រុង​ផ្តួល​ខាង Boku ឲ្យ​ខ្នង​ដល់​ដី​។ បន្ទាប់ពី​ជ្រ​លរ​គ្នា​ចុះឡើងៗ​មក «Puccibull» ក៏​អាច​ចាប់ Boku ផ្ទប់​ដល់​ដី​មែន ហើយ​បាន​ក្លេរ​រឹត​ករ​ជាប់ រហូតដល់​អាជ្ញាកណ្តាល​បញ្ឈប់​តែម្តង​។ ទាំង​លើក​នេះ Pucci បាន​សាង​ប្រវត្តិ​ឈ្នះ​មុន​ចប់​ទឹក​ចំនួន ៧​ដង តែ​ចាញ់ ៣​ដង​ដែរ​។ 
 
​រីឯ​បងថ្លៃ​របស់គេ Christian Lee បានបង្ហាញ​សមត្ថភាព​ក្បាច់គុន​ដ៏​កក្រើក​ម្តងទៀត ដោយ​បំបាក់​ជើង​ខ្លាំង​របស់​ក្រុម Lakay គឺ Edward Kelly​។ 
 
Lee ពូកែ​ខាង​ក្បាច់​ចាប់​បោក ធ្វើ​ឲ្យ​គេ​មានប្រៀប​ក្នុងការ​ផ្តួល​គូប្រកួត​ដល់​ដី តែ​ពាក់កណ្តាល​ទឹក​ទី​១​ប៉ុណ្ណោះ Lee បាន​គាប​ពីលើ Kelly ជាប់ រួច​ក៏​ប្រើ​កណ្តាប់ដៃ​ធ្ងន់ៗ​ដាល់​ចំៗ​ជាច្រើន​កន្លែង ធ្វើ​ឲ្យ​អាជ្ញាកណ្តាល​បញ្ឈប់​ការប្រកួត​តែម្តង​។​
 
​ឆ្នាំ ២០១៩ នេះ​ពិតជា​រំជើបរំជួល​សម្រាប់​ត្រកូល Lee នេះ​មែន ដោយសារ​បងស្រី Angela Lee ដែលជា​ម្ចាស់​ខ្សែក្រវាត់ ONE Atomweight World Champion នឹងមាន​ការប្រកួត​ដណ្តើមយក​ខ្សែក្រវាត់​មួយ​ប្រភេទ​ទៀត​គឺ ONE Strawweight World Title នៃ​ព្រឹត្តិការណ៍ ONE: A NEW ERA នៅឯ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​ឆាប់ៗ​នេះ​។ 

៣. មានការ​បង្ហាញមុខ​ជើង​ខ្លាំង​ចំណូល​ថ្មី​
 
ONE: ETERNAL GLORY ឃើញថា​មាន​កីឡាករ​ចំណូល​ថ្មី​ជាច្រើន​នាក់ នឹង​ចាប់ផ្តើម​បង្ហាញមុខ​ក្នុង​សង្វៀន​ក្បាច់គុន​ដ៏​ធំ​នេះ​សម្រាប់​ឆ្នាំ ២០១៩​។​
 
​កីឡាករ​ចិន Niu Kang Kang ប្រើពេល​តែ ៣១​វិនាទី​ប៉ុណ្ណោះ​ក្នុងការ​ផ្តួល​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី Sunoto Peringkat 
​រីឯ​ខាង​កូរ៉េខាងត្បូង Won Il Kwon វិញ បាន​វិវឌ្ឍន៍​ខ្លួន​យ៉ាង​អស្ចារ្យ​ដោយ​ផ្តួល Anthony Engelen បានសម្រេច ក្នុង​វិនាទី​៦៧ នៃ​ទឹក​ទី​១​។ 
 
​ក្រៅពីនេះ​មានការ​ប្រកួត​វគ្គ ONE's all-striking league Super Series បានធ្វើ​ឲ្យ​មាន​សំឡេង​រន្ទឺ​ពេញ​អាគារ Istora Senayan Arena ដោយសារ​ជើងឯក​របស់​អង់គ្លេស Jonathan Haggerty ប្រកួត​គ្នា​ជាមួយ Joseph Lasiri មកពី​អ៊ីតាលី យ៉ាងខ្លាំង​ក្លា​រហូតដល់​ទឹក​ទី​៣​។ 
 
​ដំបូង​ស្មានថា ខាង​អង់គ្លេស​អាច​ផ្តួល​គូប្រកួត​ខាង​អ៊ីតាលី​ទៅហើយ ដោយសារ​គាត់​បាន​ប្រើ​ស្នៀត​កាប់​កែង​ដ៏​មុត​ស្រួច​របស់ខ្លួន ជាមួយ​ការ​ទាត់​ផ្ទួនៗ​ជាច្រើន​សារ ប៉ុន្តែ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​គឺ​ខាង​អ៊ីតាលី បាន​តស៊ូ​ងើប​ប្រយុទ្ធ​វិញ​។​
 
​ក្រោយពី​ការ​ប្រទាញ​ប្រ​ទុង​គ្នា​ធ្វើ​ឲ្យ​ទស្សនិកជន​ដក​ភ្នែក​មិន​រួចមក ចុងក្រោយ​ចៅក្រម​បានសម្រេច​ចិត្តជា​ឯកច្ឆន្ទ ឲ្យ Haggerty ជា​អ្នកទទួល​ជ័យជម្នះ​នៃ​ការប្រកួត​នេះ​។​
 
​ជាមួយ​ការបញ្ចេញ​សមត្ថភាព​គ្រប់បែបយ៉ាង​របស់​កីឡាករ​ទាំង​ជើងចាស់ និង​ចំណូល​ថ្មី ONE Championship ពិតជា​បើកឆាក ២០១៩ ជាមួយ​ភាពជោគជ័យ​ធំធេង​ពិតមែន​៕ 
 
 
​អត្ថបទ​៖ Matias Andres 
 

© រក្សាសិទ្ធិដោយ thmeythmey.com