កីឡាអន្តរជាតិ
អន្តរជាតិ
Huddersfield តែងតាំង​គ្រូ​ថ្មី ដោយ​ឆ្លៀត Troll ដាក់ Sky News ដែល​សម្ភាស​ច្រឡំ​មនុស្ស​
22, Jan 2019 , 8:59 pm        
រូបភាព
ឆ្វេង-លោក-Jan-Siewert-គ្រូថ្មីរបស់ Huddersfield និងលោក Martin ដែលត្រូវអ្នកកាសែតច្រឡំ
ឆ្វេង-លោក-Jan-Siewert-គ្រូថ្មីរបស់ Huddersfield និងលោក Martin ដែលត្រូវអ្នកកាសែតច្រឡំ
​ក្លិប Huddersfield Town បានសម្រេច​តែងតាំង​លោក Jan Siewert ជា​អ្នកចាត់ការ​ទូទៅ​ថ្មី​ដើម្បី​ជំនួស​កៅអី​លោក David Wagner ដែល​បានបញ្ចប់​តំណែង​កាលពីដើម​សប្តាហ៍​មុន​។​

 
Siewert វ័យ​៣៦​ឆ្នាំ បាន​ចាក​ចេញពី​តំណែង​ជា​គ្រូបង្វឹក​របស់​ក្រុម Borussia Dortmund កម្រិត​ទី​២ ដើម្បី​ចូលរួម​ជាមួយ​ក្រុម​ដែល​ស្ថិតក្នុង​លី​គ​លំដាប់​កំពូល​អង់គ្លេស Premier League លើ​កិច្ចសន្យា​មួយ​ដែលមាន​រយៈពេល​រហូត​ដល់​ឆ្នាំ ២០២១​។​
 
Huddersfield កំពុង​ត្រដាបត្រដួស​ដោយ​ស្ថិតនៅ​បាត​តារាង​ប្រឈម​នឹង​ការ​កាត់​ចេញទៅ​លី​គ​លំដាប់​ទី​២​រដូវ​កាល​ក្រោយ ដ្បិត​ទទួលបាន​ត្រឹម​១១​ពិន្ទុ​ប៉ុណ្ណោះ ក្រោយ​ឆ្លងកាត់​ការប្រកួត ២៣​លើកចុងក្រោយ​។ Huddersfield នៅក្រោម​ក្រុម​ឈរ​នៅ​តំបន់​សុវត្ថិភាព​ចំនួន​១០​ពិន្ទុ ខណៈ​ការប្រកួត​សល់ ១៥​លើក​ទៀត​។​
 
​ជា​រឿង​គួរ​ឲ្យ​អស់សំណើច​មួយ​ដែរ នៅ​ជុំវិញ​ការតែងតាំង​អ្នកចាត់ការ​ថ្មី​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​។ 
​ក្លិប Huddersfield បានប្រកាស​ការតែងតាំង​គ្រូ​ថ្មី​នេះ នៅលើ​បណ្តាញ​សង្គម Twitter ផ្លូវការ​របស់ខ្លួន​ដោយ​ភ្ជាប់​ជាមួយ​វីដេអូ​បែប​ចំអក​លេងសើច​របស់​អ្នកគាំទ្រ​ក្រុម Manchester City ម្នាក់​មកពី​ក្រុង Wakefield ដែល​ត្រូវ​អ្នកកាសែត​ទូរទស្សន៍ Sky News ច្រឡំ​ថា​ជា​លោក Siewert អំឡុងពេល​ក្រុម​ទាំងពីរ​ប៉ះគ្នា​នៅឯ​កីឡដ្ឋាន John Smith​។​
 
​ដោយសារ​អ្នកគាំទ្រ​នោះ​មានមុខមាត់​ស្រដៀង​នឹង​អ្នកចាត់ការ​ថ្មី​ពេក ទើប​អ្នកកាសែត​នោះ​សម្រេច​ដើរ​ទៅរក​បុរស​ម្នាក់​នោះ​ហើយ​សួរថា តើ​អ្នក​ឈ្មោះ Siewert និង​ជា​គ្រូ​ថ្មី​មែន​ទេ​? បុរស​នោះ​សើច​ហើយ​ឆ្លើយថា ទេ ទេ មិនមែន​ខ្ញុំ​ទេ ខ្ញុំ​គឺ Martin មកពី​ទីក្រុង Wakefield​។​
 
 
​ចំណែក​លោក Siewert ក៏បាន​និយាយ​បែប​ឌឺដង​ដាក់​ខាង​ទូរទស្សន៍ Sky News ដែរ​ថា​៖«​ខ្ញុំ​មិនមែន Martin មកពី Wakefield ទេ​។ សួស្តី​ខ្ញុំ Siewert ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​ដែល​បាន​ក្លាយជា​គ្រូបង្វឹក​ថ្មី​របស់​ក្រុម Huddersfield»​។ 
 
​ជាមួយគ្នានេះ Huddersfield បាន​សរសេរ​ដោយ​ភ្ជាប់ hashtag  #NotMartinFromWakefield ដែល​មានន័យថា គ្រូបង្វឹក​ថ្មី​របស់ខ្លួន មិនមែនជា​លោក Martin មកពី Wakefield នោះឡើយ​។​
 
​ការប្រកួត​លើកដំបូង​របស់ Huddersfield ក្រោម​ការដឹកនាំ​របស់ Siewert នឹងត្រូវ​ជួប​ជាមួយ Everton នៅ​ថ្ងៃទី ២៩ ខែមករា ឆ្នាំ​២០១៩ ក្នុង​ក្របខណ្ឌ Premier League៕

Tag:
 បាល់ទាត់​
  Huddersfield Town
  Jan Siewert
© រក្សាសិទ្ធិដោយ thmeythmey.com