កីឡាជាតិ
ជាតិ
កម្ពុជា​នឹង​រៀបចំ​ការប្រណាំង​កង់​អន្តរជាតិ​លើកដំបូង ដោយ​ឆ្លងកាត់​ខេត្ត​ជាប់​សមុទ្រ​ចំនួន​៤
23, Jan 2019 , 7:59 am        
រូបភាព
ដោយ:
​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​អាជីព​លំដាប់​អន្តរជាតិ​ជា​លើកដំបូង ដែលមាន​កីឡាករ​កីឡាការិនី​អាជីព​លំដាប់​អន្តរជាតិ​ទូទាំង​ពិភពលោក​ជាច្រើន​ចូលរួម​។ ការប្រណាំង​កង់ ដែល​ឆ្លងកាត់​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤​របស់​កម្ពុជា​នេះ គឺ​ដើម្បី​បង្ហាញ​ពី​ទិដ្ឋភាព​តំបន់ឆ្នេរ​ដ៏​ស្រស់ស្អាត​របស់​កម្ពុជា ក៏ដូចជា​ផ្តល់​បទពិសោធ និង​ចម្រាញ់​រក​ធនធាន​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។

 
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា កម្ពុជា​នឹង​សហការ​ជាមួយ​គណៈកម្មការ​រៀប​ចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​លំដាប់​ពិភពលោក​របស់​បារាំង Tour de France ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​អាជីព​លំដាប់​អន្តរជាតិ​នៅ​កម្ពុជា​ជា​លើកដំបូង​នៅ​ឆ្នាំ​២០២០​។ ក្រៅពី​ផ្សព្វផ្សាយ​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ឲ្យ​មក​កម្ពុជា ព្រឹត្តិការណ៍​នេះ ក៏​រៀបចំ​ដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ​កីឡាការិនី​កម្ពុជា សម្រាប់​ត្រៀម​ឆ្ពោះទៅកាន់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ផងដែរ​។  


 
«​នៅ​ឆ្នាំ​២០២០​យើង​នឹង​រៀបចំ​ឲ្យ​មានការ​ប្រណាំង​កង់​អាជីព​អន្តរជាតិ​មួយ​នៅ​តំបន់​ឆ្នេរសមុទ្រ ដែលមាន​អ្នកចូលរួម​ពី​៨០​ទៅ​១០០​នាក់​មកពី​ប្រទេស​ទូទាំង​ពិភពលោក​។ ការប្រណាំង​នេះ គឺ​ដើម្បី​បង្ហាញ​ពី​ទេសភាព​ដ៏​ស្រស់ស្អាត​នៃ​តំបន់ឆ្នេរ​របស់​កម្ពុជា និង​ផ្តល់​ជា​បទពិសោធ​ដល់​អ្នកជិះ​កង់​អាជីព​កម្ពុជា សម្រាប់​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣»​។ នេះ​ជាការ​ប្រសាសន៍​របស់លោក ថោង ខុន ពេល​ផ្តល់​បទ​សម្ភាស​ដល់​អ្នក​សារព័ត៌មាន​ក្នុងអំឡុងពេល​រៀបចំ​ព្រឹត្តិការណ៍ Angkor Ultra Trail កាលពីពេល​ថ្មីៗ​។ 


 
​ព្រឹត្តិការណ៍​ប្រណាំង​កង់​អន្តរជាតិ​នេះ នឹង​ឆ្លងកាត់​ខេត្ត​ជាប់មាត់​សមុទ្រ​ចំនួន​៤ ដោយ​ចេញដំណើរ​ពី​តំបន់​ទេសចរណ៍​គី​រី​សាគរ​ក្នុង​ខេត្តកោះកុង ឆ្ពោះទៅ​ខេត្ត​កែប រួច​បន្តដំណើរ​ទៅ​ភ្នំ​បូកគោ​ក្នុង​ខេត្តកំពត និង​បញ្ចប់​នៅ​ខេត្ត​ព្រះសីហនុ​។ កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​នេះ​ជា​រៀងរាល់ឆ្នាំ​រហូតដល់​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ខាងលើ​។​
 
​លោក ថោង ខុន ដែលជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ផង​នោះ​រំពឹងថា ព្រឹត្តិការណ៍​នេះ នឹង​ជួយ​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​ឆ្នេរសមុទ្រ​កម្ពុជា​ឲ្យ​ពិភពលោក​ស្គាល់​កាន់តែច្បាស់ និង​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​កម្សាន្ត​នៅ​កម្ពុជា​កាន់តែច្រើន​៕      

Tag:
 ប្រណាំង​កង់​
  លោក ថោង ខុន​
  SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com