អន្តរជាតិ
អតីតមន្ត្រី​ការទូត​នៅ​ចិន​និង​បញ្ញវន្ត​១៤៣​នាក់ ស្នើ​ចិន​ដោះលែង​ជនជាតិ​កាណាដា​ពីរ​នាក់​
22, Jan 2019 , 5:10 pm        
រូបភាព
​អតីត​អ្នកការទូត​ដែល​ធ្លាប់​បម្រើការ​នៅ​ទឹកដី​ចិន និង​បញ្ញវន្ត​ចំនួន​១៤៣​នាក់ បាន​ផ្ញើលិខិត​មួយ​ទៅកាន់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ដោយ​ស្នើ​ឲ្យ​ដោះលែង​ជនជាតិ​កាណាដា​ពីរ​នាក់ ដែល​កំពុង​ជាប់ឃុំ​ខ្លួន​។ ការចាប់ខ្លួន​ជនជាតិ​កាណាដា​ទាំងពីរ​នាក់ ធ្វើ​ឲ្យ​ទំនាក់ទំនង​ការទូត​ចិន និង​កាណាដា​ធ្លាក់ចុះ​ខ្លាំង និង​មានការ​ឆ្លើយឆ្លង​ពាក្យសម្ដី​គ្នា​ទៅមក​ផង​។ សម្រាប់​អ្នក​ទាំង​១៤៣​នាក់ ភាពល្អក់​កករ​នេះ នឹង​បង្កើត​ទៅ​ការមិនទុកចិត្ត​គ្នា ហើយ​មាន​លទ្ធផល​អាក្រក់​ផង​។

 
​ក្នុង​លិខិត​សរសេរ​ជា​ភាសា​ចិន និង​អង់គ្លេស បញ្ញវន្ត​ចំនួន​១១៦​នាក់ និង​អតីត​មន្ត្រីការទូត​ចំនួន​២៧​នាក់​មកពី​ប្រទេស​ចំនួន​១៩ បានស្នើ​ឲ្យ​មានការ​ដោះលែង​លោក Michael Kovrig អតីតមន្ត្រី​ទូត​កាណាដា​នៅ​ប៉េកាំង និង​ពាណិជ្ជករ​ម្នាក់ទៀត​ឈ្មោះ Michael Spavor ។ ជនជាតិ​កាណាដា​ទាំងពីរ កំពុង​ជាប់ឃុំ​ខ្លួន​តាំងពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨ មក ក្រោម​ហេតុផល​ថា ធ្វើ​សកម្មភាព​ប៉ះពាល់​សន្តិសុខ​ជាតិ​របស់​ចិន​។ 
 
​ហត្ថលេខី​ទាំង​១៤៣​នាក់​បាន​ប្រាប់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ថា ជនជាតិ​កាណាដា​ទាំងពីរ សុទ្ធតែ​បានធ្វើការ​ដើម្បី​ជំរុញ​ការស្វែងយល់​ពី​ប្រទេស​ចិន និង​លើកកម្ពស់​ទំនាក់ទំនង​ទៅកាន់​ពិភពលោក​ខាងក្រៅ​ផង​។ ដូចនេះ ចំណាត់ការ​របស់​ក្រុង​ប៉េកាំង មិនមែនជា​រឿង​គួរ​ឲ្យ​ស្វាគមន៍​ឡើយ ហើយ​ថែមទាំង​ជាការ​ប្រថុយប្រថាន​រប​ស់​ចិន​ទៅទៀត​។ 
 
​បើតាម​សំបុត្រ​ចំហ​ដដែល​នេះ អតីតមន្ត្រី​ការទូត​ប​រទេស​ដែល​ធ្លាប់​ធ្វើការ​នៅ​ប៉េកាំង និង​អ្នកជំនាញ​ទាំងឡាយ ក៏​ព្រមាន​ដែរ​ថា សកម្មភាព​របស់​ចិន​ធ្វើ​ឲ្យ​ពួកគេ​ត្រូវ​ប្រយ័ត្ន​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​ចិន ឬ​ធ្វើការ​នៅ​ទឹកដី និង​ទំនាក់ទំនង​ជាមួយ​ដៃគូ​ចិន​ផង​។ ការណ៍​នេះ នឹង​នាំ​ឲ្យ​មាន​ការជួប​សន្ទនា​កាន់តែ​តិចតួច ការមិនទុកចិត្ត​រីក​ធំ ហើយ​ប៉ះពាល់​ដល់​ការគ្រប់គ្រង​ការខ្វែងគំនិត​គ្នា ក៏ដូចជា​ការស្វែងរក​ចំណុចរួម​ទៀតផង​។ លទ្ធផល​ចុងក្រោយ​វិញ ទាំង​ចិន ទាំង​ពិភពលោក​នឹង​ជួប​បញ្ហា​ដូចគ្នា​។​
 
​លោក Kovrig និង​លោក Spavor ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយ​អាជ្ញាធរ​កាណាដា​ឃាត់ខ្លួន​នាយក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន Huawei តាម​សំណើ​របស់​អាមេរិក​កាលពីដើម​ខែធ្នូ​។ ក្រោយមក អ្នកជំនួញ​ជនជាតិ​នេះ​ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​សិន តែ​មិនអាច​ចាក​ចេញពី​កាណាដា​ឡើយ​។ ការឃាត់ខ្លួន​នេះ ធ្វើ​ឲ្យ​ចិន​ខឹងសម្បារ​យ៉ាងខ្លាំង និង​ព្រមាន​ចាត់វិធានការ​លើ​កាណាដា​វិញ​ផង ហើយ​ទីបំផុត​ក៏មាន​ការចាប់ខ្លួន​ជនជាតិ​កាណាដា​វិញ​តែម្ដង​។​
 
​បន្ថែម​ពីលើ​ការឃុំខ្លួន​ជនជាតិ​កាណាដា​ទាំងពីរ ចិន​ក៏​ទើប​សម្រេចចិត្ត​កាត់ទោស​ប្រហារជីវិត​ជនជាតិ​កាណាដា​ម្នាក់ទៀត​ជុំវិញ​ការរត់ពន្ធ​គ្រឿងញៀន​ច្រើនជាង​២០០​គីឡូក្រាម​ឯណោះ​។ នាយករដ្ឋមន្ត្រី​កាណាដា​បានស្នើ​ឲ្យ​សម្ព័ន្ធមិត្ត​ជួយ​ខ្លួន​ក្នុង​ទំនាស់​ជាមួយ​ចិន តែ​ក្រសួងការបរទេស​ចិន​លើកឡើងថា ការ​ឲ្យ​ភាគី​ផ្សេង​មក​ពាក់ព័ន្ធ មិនអាច​ដោះស្រាយ​បញ្ហា​បានទេ​។ ក្រុង​ប៉េកាំង​ចាត់ទុក​រឿងរ៉ាវ​ទាំង​អម្បាលម៉ាន​ជា​កំហុស​ក្រុង​អូ​តា​វ៉ា ដែល​ត្រូវ​កែប្រែ បើ​ចង់​ឲ្យ​ស្ថានការណ៍​ល្អ​ឡើងវិញ​៕
 
 

Tag:
 កាណាដា​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com