អន្តរជាតិ
ទាហាន​ងើប​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​របស់លោក ម៉ា​ឌូ​យ​រ៉ូ ត្រូវ​បង្ក្រាប​ទាំងស្រុង​
22, Jan 2019 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ទាហាន​មួយក្រុម​មាន​គ្នា ២៧​នាក់​ត្រូវបាន​ចាប់ខ្លួន​ភ្លាម បន្ទាប់ពី​ពួកគេ​ប្រកាស​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​គាំទ្រ​ច​ល​បះបោរ​ប្រឆាំងនឹង​របប​ដឹកនាំ​លោក នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ នៅ​ថ្ងៃ​ចន្ទ​ទី ២១ ខែមករា​។ ក្រុម​ទាហាន​ទាំងនេះ​ក៏បាន​វាយប្រហារ​លើ​មន្ទីរ​យោធា​មួយកន្លែង​នៅ​រដ្ឋធានី​កា​រ៉ា​កាស​ផងដែរ មុននឹង​ត្រូវ​បង្ក្រាប​។

 

 
​ក្រសួង​ការការពារ​ជាតិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បានប្រកាសថា ចលនា​ទាហាន​ងើប​បះបោរ​ប្រឆាំងនឹង​រដ្ឋាភិបាល​ត្រូវបាន​បង្ក្រាប ហើយ​ទាហាន​ដែល​ពាក់ព័ន្ធ ២៧​នាក់​ក៏ត្រូវ​បាន​ចាប់ខ្លួន​អស់​ដែរ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP រដ្ឋមន្ត្រី​ការពារជាតិ Vladimir Padrino ទាហាន​ដែល​ងើប​បះបោរ​នោះ​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ចន្ទ បន្ទាប់ពី​ពួកគេ​វាយប្រហារ​លើ​ទីបញ្ជាការ​យោធា​មួយកន្លែង​នៅ​ភាគ​ខាងជើង​រដ្ឋធានី​កា​រ៉ា​កាស និង​ប៉ុស្តិ៍​សន្តិសុខ​មួយកន្លែង​ទៀត​ដែរ​។​
 
​ក្រុម​នេះ​បាន​រំដោះ​អ្នកទោស​បួន​នាក់ និង​លួចបាន​សព្វាវុធ​មួយចំនួន​ដែរ​។ ប៉ុន្តែ​ក្នុងការ​បង្ក្រាប​នេះ ខាង​ក្រុម​យោធា​បាន​រឹបអូស​យកមក​វិញ​នូវ​អាវុធ​ទាំងអស់​រួចរាល់​ដែរ​។​
​រដ្ឋមន្ត្រី​ការពារជាតិ Padrino បានបញ្ជាក់​ដូច្នេះ​៖«​ក្នុងពេល​ចាប់ខ្លួន អាវុធ​ដែល​បាត់​នោះ​ត្រូវបាន​រឹបអូស​មកវិញ​អស់ហើយ ហើយ​ក្រុម​បះ​បោរ​ទាំង​នោះបាន​ផ្តល់ព័ត៌មាន​សំខាន់ៗ​មួយចំនួន​ដែរ​ដល់​ភ្នាក់ងារ​ចារកម្ម និង តុលាការយោធា​។ ពួក​នឹងត្រូវ​ប្រឈម​នឹង​ចំពោះមុខ​ច្បាប់​»​។​
 
​តាមពិតទៅ ដឹកនាំ​ក្រុម​បះបោរ​នេះ​បាន​បង្ហោះ​វីដេអូ​ឃ្លី​បមួយ​ដែរ​ដោយ​អំពាវនាវ​ឲ្យ​សាធារណជន​ចូលរួម​គាំទ្រ​ចលនា​ប្រឆាំង​របប​ដឹកនាំ​បច្ចុប្បន្ន​ផងដែរ​។ មេដឹកនាំ​ក្រុម​បះបោរ​ខាងលើនេះ​ប្រកាសប្រាប់​ពលរដ្ឋ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ក្នុង​វីដេអូ​ដូច្នេះ​៖« យើង​ជា​កងទ័ព​មាន​វិជ្ជាជីវៈ ដែល​កងកម្លាំង​ការពារជាតិ​ប្រឆាំង​របប​ដឹកនាំ​បច្ចុប្បន្ន​។ ខ្ញុំ​ត្រូវការ​ជំនួយ​ពី​អ្នក​ទាំងអស់គ្នា ហើយ​សូម​នាំចេញ​តវ៉ា​តាមផ្លូវ​»​។​
 
​បើតាម​ប្រធានសភា​ធម្មនុញ្ញ​ដែលជា​ដៃស្តាំ​លោក ម៉ា​ឌុយ​រ៉ូ លោក Diosdado Cabello មេដឹកនាំ​ក្រុម​ទាហាន​បះបោរ​នោះ​ត្រូវ​បានកំណត់​អត្តសញ្ញាណ​ហើយ ហើយ​គេ​មាន​ឈ្មោះថា Luis Bandres Figueroa ដែលមាន​ឋានន្តរស័ក្តិ​ថ្នាក់​ពលបាលឯក​។​
 
​ក្នុងពេលដែល​ចលនា​បះបោរ​កើតឡើង គេ​ឃើញ​មាន​ប្រជាជន​ជាច្រើន​ដែល​នាំគ្នា​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅក្បែរ​ទីតាំង​កើតហេតុ​។ ពួកគេ​បិទផ្លូវ ហើយ​និង​ដុត​សំរាម​ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់​ទាហាន​ដែល​ងើប​បះបោរ​។ ប៉ុន្តែ​ក្រុម​យោធា​គាំទ្រ​រដ្ឋាភិបាល​ប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​បាតុករ​នេះ​។ បាតុករ​ខ្លះ​បាន​ស្រែកថា ពួកគេ​ចង់បាន​សេរីភាព និង​ចង់​ឲ្យ​លោក ម៉ា​ឌុយ​រ៉ូ ចាក​ចេញពី​តំណែង​ផង​។​
 
​ប្រធានរដ្ឋសភា​ដែល​ក្តោប​ក្តាប់​ដោយ​សមាជិក​បក្សប្រឆាំង​លោក Juan Guaido ដែល​ចេញមុខ​តតាំង​នឹង​លោក ម៉ា​ឌុយ​រ៉ូ ជា​ចំហ​នោះបាន​ប្រកាស​គាំទ្រ​កងទ័ព​ដែល​ងើប​បះបោរ​នឹង​របប​ដឹកនាំ​បច្ចុប្បន្ន​។ លោក​ក៏បាន​ធានា​ផ្តល់​ការលើកលែងទោស​ដល់​រាល់​កងកម្លាំង​ទាំងអស់​ដែល​ផ្តាច់ខ្លួន ដើម្បី​ចូលរួម​ក្នុង​យុទ្ធនា​ការស្តារ​ប្រជាធិបតេយ្យ​និង​រដ្ឋធម្មនុញ្ញ​ក្នុងប្រទេស​ផង​។​
 
​លោក ម៉ា​ឌុយ​រ៉ូ បាន​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​សម្រាប់​អាណត្តិ​ទី​ពីរ​កាលពី​ថ្ងៃទី ១០​ខែមករា បន្ទាប់ពី​ឈ្នះឆ្នោត​ខែឧសភា​ឆ្នាំមុន ទោះជា​មិនមាន​ការទទួលស្គាល់​ពី​សហគមន៍​អន្តរជាតិ​ក៏ដោយ​។ ទោះបីជា​សេដ្ឋកិច្ច​រលំរលាយ​ក៏ដោយ ហើយ​ប្រជាជន​រាប់លាន​នាក់​ភៀសខ្លួន​ក៏ដោយចុះ ម៉ា​ឌុយ​រ៉ូ នៅតែ​ទទួល​បានការ​ស្មោះ​ស្មោះ និង​គាំទ្រ​ឥត​ងាករេ​ពី​ក្រុម​យោធា​ដដែល​។  ដរាបណា​នៅមាន​កងទ័ព​គាំទ្រ​លើសលុប ការផ្លាស់ប្តូរ​របប​ដឹកនាំ​នោះ​មិនអាច​នឹង​កើត​ឡើយ​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​៕
 

Tag:
 វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ​
  ទាហាន
© រក្សាសិទ្ធិដោយ thmeythmey.com