អន្តរជាតិ
អ្នកនយោបាយ​បក្ស​ប្រជាធិបតេយ្យ​ប្រាំបី​រូប​រួចហើយ​ប្រកាស​ប្រជែង​តំណែង​ប្រធានាធិបតី​ឆ្នាំ ២០២០
22, Jan 2019 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃ ០៣ ខែវិច្ឆិកា​ឆ្នាំ ២០២០​។ ទោះជា​នៅពេល​ជិត​ពីរ​ឆ្នាំ​ទៀត​ក៏ដោយ អ្នកនយោបាយ​ជាច្រើន​នាក់​ចាប់ផ្តើម​ប្រកាស​ជំហរ​ឈរឈ្មោះ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​រួចទៅហើយ​ទាំង​ខាង​បក្ស​ប្រជាធិបតេយ្យ​និង​បក្ស​សាធារណរដ្ឋ​។​


 
​បើតាម​ការចុះផ្សាយ​រប​ស់កា​សែត​អាមេរិក The New York Times សមាជិក​បក្ស​ប្រជាធិបតេយ្យ​រហូតដល់ ប្រាំ​បីនាក់​រួចទៅហើយ​ដែល​ប្រកាសថា​ខ្លួន​នឹងចូលរួម​ប្រជែង​យក​តំណែង​នេះ​។ ចំណែក​សមាជិក​ឯទៀត​នោះ​ទំនងជា​នឹង​ប្រកាស​ចូលរួម​តាម​ក្រោយ​ជា​បន្តបន្ទាប់​ផង​។ អ្នកនយោបាយ​ខ្លះៗ​ដែល​ឆ្អែតឆ្អន់​នឹង​ការប្រកួតប្រជែង​តំណែង​នេះហើយ​នោះ ទំនងជា​មិន​ចូលរួម​ប្រកួត​ជាថ្មី​ឡើយ​។​
 
​យ៉ាងណាក៏ដោយ តាម​នីតិវិធី បេក្ខជន​ក្នុង​បក្ស​ទាំងអស់នេះ​ត្រូវ​ប្រកួតប្រជែង​គ្នា​ជា​បន្តបន្ទាប់​សិន ទម្រាំ​បានទទួល​សេចក្តីទុកចិត្ត និង​ការតែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​គណបក្ស​។​
 
​ខាងក្រោម​នេះ​ជា​អ្នកនយោបាយ​ក្នុង​បក្ស​ប្រជាធិបតេយ្យ​ប្រាំបី​រូប​ដែល​ប្រកាស​ចូលរួម​ប្រជែង​តំណែង​ប្រធានាធិបតី​៖
 
១. លោក Julián Castro មាន​វ័យ ៤៤​ឆ្នាំ​ធ្លាប់​បម្រើ​ការងារ​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​លំនៅដ្ឋាន និង​នគរូបនីយកម្ម​ក្រោម​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​ជា​អតីត​អភិបាលក្រុង San Antonio​។ 
 
២.​លោក John Delaney មាន​វ័យ ៥៥​ឆ្នាំ ធ្លាប់ជា​សមាជិកសភារ​ដ្ឋ Maryland និង​ជា​អ្នកជំនួញ​។​
 
៣.​លោកស្រី Tulsi Gabbard មាន​វ័យ ៣៧ ឆ្នាំ ជា​សមាជិក​សមាជិកសភា​ប្រចាំ​រដ្ឋ​ហា​វ៉ៃ និង​អតីត​ទាហាន​អាមេរិក​ផង​។ ប៉ុន្តែ​អ្នកនយោបាយ​រូបនេះ​មាន​បញ្ហា​ចម្រូងចម្រាស​ដោយសារ​ធ្លាប់​ជួប​ជាមួយ​ប្រធានាធិបតី​ស៊ី​រី​លោក បា​សា អាល់​អាសាដ ដែល​ត្រូវបាន​គេ​ចាត់ទុកជា​មេដឹកនាំ​ផ្តាច់ការ​និង​សម្លាប់​រង្គាល​ប្រជាជន​ខ្លួនឯង​។ ម្យ៉ាងទៀត​លោកស្រី ក៏​ធ្លាប់ជា​អ្នក​ថ្លែង​សារ​ប្រឆាំង​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ដែរ ប៉ុន្តែ​ក្រោយមក​បានចេញ​មុខ​សុំ​អភ័យទោស​វិញ​។
    
៤. លោកស្រី Kirsten Gillibrand វ័យ ៥២​ឆ្នាំ បច្ចុប្បន្ន​ជា​សមាជិក​ព្រឹទ្ធសភា​មកពី​រដ្ឋ ញូវយ៉ក និង​ជា​អតីត​សមាជិក​រដ្ឋសភា​ផងដែរ​។ 
 
៥.​លោកស្រី Kamala Harris វ័យ ៥៤​ឆ្នាំ បច្ចុប្បន្ន​ជា​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​កាលី​ហ្វ​រ​នីញ៉ា និង​ជា​អតីត​អគ្គ​រដ្ឋ​អាជ្ញាធ​ប្រចាំ​រដ្ឋកា​លី​ហ្វ​រ​នីញ៉ា និង​ជា​រដ្ឋអាជ្ញា​ប្រចាំ​ក្រុង សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​។​
 
៦.​លោក Richard Ojeda វ័យ ៤៨​ឆ្នាំ ជា​អតីត​សមាជិកសភា​រដ្ឋ West Virginia និង​ជា​អតីតយុទ្ធជន​។ 
 
៧. លោកស្រី​Elizabeth Warren ស្ថិតក្នុង​វ័យ​៦៩​ឆ្នាំ ធ្លាប់ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ហា​វឺ​ដ និង​បច្ចុប្បន្ននេះ​ជា​សមាជិក​ព្រឹទ្ធសភា​មកពី​រដ្ឋ Massachusetts​។​
 
៨. លោក Andrew Yang វ័យ ៤៤​ឆ្នាំ ធ្លាប់ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​ដឹកនាំ​ស្ថាប័ន​អភិវឌ្ឍ​សេដ្ឋកិច្ច​មិន​រកប្រាក់​ចំណេញ​ផង​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ លោក Yang បើក​យុទ្ធនា​ការជំរុញ​ឲ្យ​មានការ​បង្កើត​នូវ​គោលនយោបាយ​ចំណូល​មូលដ្ឋាន​សាកល​ក្នុង​ទំហំ​ទឹកប្រាក់ ១០០០​ដុល្លារ​សម្រាប់​រាល់​ប្រជាជន​អាមេរិក​ដែរ​។​
 
​ដោយឡែក សមាជិក​បក្ស​ប្រជាធិបតេយ្យ​មួយ​ផ្សេងទៀត​ដែល​អាច​នឹង​ប្រកាស​ចូលរួម​ប្រជែង​យក​តំណែង​ប្រធានាធិបតី​ដែរ​នៅពេល​ខាងមុខ​។ ក្នុងនោះ​មានដូចជា​លោក Joe Biden វ័យ ៧៦​ឆ្នាំ ជា​អតីត​អនុ​ប្រធានាធិបតី​អាមេរិក​ក្នុង​អាណត្តិ​ដឹកនាំ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​ជា​អតីត​សមាជិក​ព្រឹទ្ធសភា​ពីរ​ដ្ឋ Delaware,  លោក Bernie Sanders វ័យ ៧៧​ឆ្នាំ​ជា​សមាជិក​ព្រឹទ្ធសភា​រដ្ឋ Vermont និង​ជា​បេក្ខជន​ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុង​បក្ស​ប្រជាធិបតេយ្យ ឆ្នាំ ២០១៦ ដែរ​។ ចំណែក​លោក Michael R. Bloomberg មាន​វ័យ ៧៦​ឆ្នាំ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​មហាសេដ្ឋី និង​ជា​អតីត​អភិបាលក្រុង​ញូវយ៉ក​នោះ ក៏​ប្រហែលជា​អាច​នឹងចូលរួម​ប្រជែង​យក​តំណែង​នេះដែរ​។​
 
​ដោយឡែក អ្នកនយោបាយ​សំខាន់ៗ ដែល​ទំនងជា​មិន​ចូលរួម​ប្រកួតប្រជែង​ក្នុង​បក្ស​មានដូចជា លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន និង​លោក ច​ន ឃឺ​រី​។ លោកស្រី ហ៊ី​ឡា​រី ស្ថិតក្នុង​វ័យ ៧១​ឆ្នាំ​ធ្លាប់ជា​អតីតរដ្ឋមន្ត្រី​ការបរទេស​, អតីត​សមាជិក​ព្រឹទ្ធសភា​រដ្ឋ​ញូវយ៉ក​, ជា​អតីត​ស្ត្រី​ទីមួយ និង​ជា​អតីត​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​ឆ្នាំ ២០១៦​ដែរ​។ លោកស្រី​មិនទាន់​បដិសេធ​ជា​សាធារណៈ​ទេ ប៉ុន្តែ​អ្នក​ស្និទ្ធ​នឹង​លោកស្រី​បាន​បង្ហើប​ថា លោកស្រី ហ៊ី​ឡា​រី​មិនសូវមាន​ចំណាប់អារម្មណ៍​ចូលរួម​ប្រកួតប្រជែង​ជាថ្មី​ឡើយ​។ 
 
​រីឯ​លោក ឃឺ​រី វិញ​ដែលមាន​វ័យ ៧៥​ឆ្នាំ និង​ធ្លាប់​បម្រើ​ការងារ​ជា​រដ្ឋមន្ត្រីការបរទេស​ក្រោម​រដ្ឋបាល​លោក អូ​បា​ម៉ា​និង​អតីត​សមាជិក​ព្រឹទ្ធសភា​រដ្ឋ Massachusetts ទំនង​មិន​ចូលរួម​ប្រកួតប្រជែង​ដែរ​។ យ៉ាងណាមិញ លោក​មិន​ពេញ​ចិត្តនឹង​ការដឹកនាំ និង​បញ្ហា​ដែល​បង្កឡើង​ដោយ​រដ្ឋបាល​របស់លោក ដូ​ណា​ល់ ត្រាំ បច្ចុប្បន្ន​ឡើយ ហើយ​លោក​សន្យា​នឹង​បន្ត​ចូលរួមចំណែក​ក្នុង​កិច្ចការងារ​សាធារណៈ​តាម​ដែល​អាច​ធ្វើបាន​៕
 

Tag:
 អាមេរិក​
  បោះឆ្នោត​ប្រធានាធិបតី​
© រក្សាសិទ្ធិដោយ thmeythmey.com