កីឡាអន្តរជាតិ
អន្តរជាតិ
យន្តហោះ​ដែល​ដឹក​កីឡាករ Sala ចំណូល​ថ្មី​ថ្លៃ​បំផុត​របស់ Cardiff បាត់ការទាក់ទង​​
22, Jan 2019 , 5:34 pm        
រូបភាព
​ខ្សែប្រយុទ្ធ Emiliano Sala ដែល Cardiff City ទើប​ទិញ​ពី​ក្រុម Nantes ក្នុងតម្លៃ​ឯតទគ្គ​កម្ម​ក្លិប ១១​លាន​ផោន (១៤​លាន​ដុល្លារ​អាមេរិក​) នោះ ឥឡូវនេះ​ត្រូវគេ​រាយការណ៍​ថាបាន​បាត់​ខ្លួន​ជាមួយ​យន្ត​ហោះដែល​រូបគេ​ធ្វើដំណើរ​ពី​ប្រទេស​បារាំង​ទៅ​ក្រុង Cardiff ប្រទេស​វែ​លិ៍​។ នេះ​បើតាម​ការផ្សាយ​របស់ BBC នៅ​ថ្ងៃទី ២២ ខែមករា​នេះ​។​


 
​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​វ័យ​២៨​ឆ្នាំ​រូបនេះ គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​ពីរ​នាក់​នៅលើ​យន្តហោះ​ឯកជន​ម៉ាក Piper Malibu ដែល​បាន​បាត់​ការទាក់ទង​កាលពី​ថ្ងៃ​ចន្ទ ទី​២១ ខែមករា ឆ្នាំ​២០១៩​។​
 
​ខាង​អាកាសយានដ្ឋាន​ក្រុង Cardiff បាន​អះអាងថា​យន្តហោះ​នេះ​ត្រូវ​ទៅដល់​ព្រលាន​របស់ខ្លួន​ដែល​ធ្វើដំណើរ​ពី​ទីក្រុង Nantes នោះ បែ​ជា​បាត់​ការទាក់ទង​ទៅវិញ ហើយ​អ្នកនាំពាក្យ​ពី​ព្រលាន​ខាងលើ ក៏​មិនបាន​និយាយ​លម្អិត​ពី​​ព័ត៌មាន​នេះដែរ ខណៈ​ក្លិប​កំពុង​បន្ត​ស៊ើប​អ​ង្តេ​ត​ជុំវិញ​ការបាត់​ខ្លួន​នេះ​។​
 
​អ្នកកាសែត​ម្នាក់​មកពី Ouest France ក៏បាន​អះអាង​ដែរ​ថា Sala គឺ​នៅលើ​យន្តហោះ​នោះ ប៉ុន្តែ​ក៏​មិនមាន​ការបញ្ជាក់​អ្វី​ឲ្យ​ច្បាស់ការ​នោះដែរ​។​
 
​យ៉ាងណាក៏ដោយ នៅ​មិនទាន់មាន​ព័ត៌មាន​ច្បាស់ការ​ណាមួយ​បញ្ចាក់​ថា​អត​តី​ខ្សែប្រយុទ្ធ Bordeaux រូបនេះ​ពិតជា​បាត់​ខ្លួន​ជាមួយ​យន្តហោះ ឬ​យ៉ាង​មិច​នោះ​នៅឡើយ​ទេ​។​
Sala ដែល​ស៊ុត​បញ្ចូល​ទី​១៣​គ្រាប់​ពី​គ្រប់ការ​ប្រកួត​ក្នុង​រដូវ​កាល​នេះ​ឲ្យ Nantes នោះ បាន​នាំ​ឲ្យ​រូបគេ​ក្លាយជា​អ្នករក​គ្រាប់​បាល់​ច្រើន​បំផុត​លំដាប់​ទី​៣ ក្នុង​ក្របខណ្ឌ Ligue 1 បន្ទាប់ពី Kylian Mbappe ខ្សែប្រយុទ្ធ​របស់ PSG និង Nicolas Pepe របស់ Lille៕
 

Tag:
 បាល់ទាត់​
  Emiliano Sala
  Cardiff City
© រក្សាសិទ្ធិដោយ thmeythmey.com