ជាតិ
លោក ប្រាក់ សុខុន ៖ កម្ពុជា​មិន​យក​អធិបតេយ្យ​ជាតិ​ប្ដូរ​ជំនួយ​ឡើយ តែ​សោកស្ដាយ​ដែល​EU ធ្វើ​ដាក់​កម្ពុជា និង​មី​យ៉ាន់​ម៉ា​
22, Jan 2019 , 10:39 pm        
រូបភាព
​ភ្នំពេញ​៖ «​កម្ពុជា​នឹងមិន​ដោះដូរ​អធិបតេយ្យ​ជាតិ ដើម្បី​ជំនួយ​ជាដាច់ខាត​»​។ នេះ​ជាស​ម្តី​របស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន  ដែល​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃទី​១៧-១៨  ខែមករា ឆ្នាំ​២០១៩ នៅ​ខេត្ត​ឈៀង​ម៉ៃ ប្រទេស​ថៃ​។​

 
​ក្នុង​កិច្ចប្រជុំ​ចង្អៀត​នេះ រដ្ឋមន្ត្រីការបរទេស​ថៃ បាន​លើកយក​មូលបទ «​ការជំរុញ​ភាពជា​ដៃគូ​សម្រាប់​ចីរភាព » ដើម្បី​ពិភាក្សាគ្នា ដោយ​ធ្វើយ៉ាងណា​កសាង​សហគមន៍​អាស៊ាន​ឲ្យ​រឹងមាំ តាមរយៈ​ការអនុវត្ត​ចក្ខុវិស័យ​អាស៊ាន​ឆ្នាំ​២០២៥ ។ ជាពិសេស​ផែនការ​លម្អិត​សហគមន៍​សន្តិសុខ​-​នយោបាយ​អាស៊ាន ,​សមាហរណកម្ម​អាស៊ាន ,​ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍ និង​ការតភ្ជាប់​អាស៊ាន​។​
 
​ភាពចាំបាច់​ក្នុង​ការបន្ត​ពង្រឹង​ម​ជ្ឈ​ភាព​អាស៊ាន និង​តួនាទី​នាំមុខ​អាស៊ាន​នៅក្នុង​និ​មា​ប​ន្ម​កម្ម​តំបន់ ដែល​កំពុង​វិវត្តន៍ និង​ទំនាក់ទំនង​ជាមួយ​ភាគី​ខាងក្រៅ​។ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បានទទួល​ស្គា​ល់ពី​ការប្រកួតប្រជែង ដែល​កើន​ឡើ​រវាង​មហាអំណាច​ធំៗ​នៅក្នុង​តំបន់ និង​ផលប៉ះពាល់​ដែល​អាចមាន​ដល់​ម​ជ្ឈ​ភាព​អាស៊ាន​។ ត្រង់ចំណុច​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​និយាយថា អាស៊ាន​គួរ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែម​ក្នុង​ការកសាង​សហគមន៍​មួយ ដោយ​ត្រូវ​បន្ត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​ខាងក្រៅ​របស់​អាស៊ាន ដើម្បី​បម្រើ​ផលប្រយោជន៍​ដ៍​ល្អប្រសើរ​នៃ​សន្តិភាព និង​វិបុលភាព​នៅក្នុង​តំបន់ និង​អន្តរជាតិ​។​
 
​លោក ប្រាក់ សុខុន បាន​បន្ថែមថា ភាពរឹងមាំ​នៃ​ការកសាង​សហគមន៍​អាស៊ាន គឺ​ពឹង​ផ្អែកលើ​ការពង្រីក​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ក្នុងការ​សម្រប​គោលនយោបាយ​អភិវឌ្ឍ​ថ្នាក់ជាតិ ឲ្យ​ស្រប​នឹង​របៀបវារៈ​នៃ​ការអភិវឌ្ឍ​ក្នុង​តំបន់​និង​ពិភពលោក ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពី​ការបំពេញបន្ថែម​ឲ្យ​គ្នា​ទៅវិញទៅមក​។ និយាយ​ពី​ចំណុច​អាស៊ាន​នេះហើយ រដ្ឋមន្ត្រីការបរទេស​អាស៊ាន ក៏​លើក​ពី​គោលការណ៍​លើកតម្កើង​ពី​ភាពជា​ដៃគូ​ទូលំទូលាយ​អាស៊ាន​-​សហភាព​អឺរ៉ុប ទៅជា​កម្រិត​ដៃគូ​យុទ្ធសាស្ដ្រ ក្រោម​ការបន្ត​ចរចា​លើ​ចំនុច​លម្អិត និង​កាលបរិច្ឆេទ​ច្បាស់លាស់​។ 
 
​ត្រង់ចំណុច​នេះ​លោក ប្រាក់ សុខុន បាន​លើក​ពី​ការព្រួយបារម្ភ​ចំពោះ​ការប្រើប្រាស់​វិធីសាស្ដ្រ​ស្ដង់ដា​ពីរ​របស់លោក​ខាងលិច សម្រាប់​ជ្រើសរើស​យកតែ​ចំនុច​ណា​ដែល​សមស្រប និង​ផ្ដល់​ប្រយោជន៍​ដល់​ប្រទេស​ដែល​ខ្លាំង​ជាង​។​«​ប្រទេស​កម្ពុជា​នឹងមិន​ដោះដូរ​អធិបតេយ្យ​ជាតិ ដើម្បី​ជំនួយ​ជាដាច់ខាត កម្ពុជា​បាន​ឆ្លងកាត់​ភាពលំបាក ពី​អតីតកាល​រួចហើយ »​។ នេះ​ជាការ​សង្កត់ធ្ងន់​របស់​រដ្ឋមន្ត្រីការបរទេស​កម្ពុជា ចំពោះមុខ​ការទូត​អាស៊ាន​។​
 
​អម​ជាមួយ​ការប្ដេជ្ញាចិត្ត​នេះ លោក ប្រាក់ សុខុន បង្ហាញ​ការសោកស្ដាយ​ទៅលើ​ការសម្រេច​ចិ​ត្ដរបស់​គណៈកម្មការ​អឺរ៉ុប​នាពេល​ថ្មីៗ​នេះ ចំពោះ​ការដាក់ចេញ​នូវ​វិធានការ​យកពន្ធ​នាំចូល​អង្ករ​ពី​ប្រទេស​កម្ពុជា និង​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩​។ ក្រៅពី​បញ្ហា​កម្ពុជា និង​មី​យ៉ាន់​ម៉ា កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ក៏បាន​កត់សម្គាល់​អំពី​ការព្រួយបារម្ភ ចំពោះ​ការបិទ​មិន​ឲ្យ​ប្រេងដូង​របស់​ប្រទេស​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី ទៅកាន់​ទីផ្សារ​អឺរ៉ុប​ផងដែរ​។​
 
 
​សហភាព​អឺរ៉ុប​បានសម្រេច​យកពន្ធ​លើ​អង្ករ​នេះ គិត​ចាប់ពី​ថ្ងៃទី​១៨​ខែមករា​នេះ​តទៅ តែ​ការដក​ហូតពន្ធ​នេះ​ត្រូវ​បន្ធូរបន្ថយ​តាម​ដំណាក់កាល​ក្នុង​រយៈពេល​៣​ឆ្នាំ​។ ឆ្នាំ​ដំបូង​គិត​ពន្ធ ១៧៥​អឺរ៉ូ (​ប្រហែល​២០០​ដុល្លារ​) ក្នុង​មួយ​តោន ឆ្នាំ​ទី​២​មកទៀត ពន្ធ​នេះ​ធ្លាក់​មក​ត្រឹម ១៥០​អឺរ៉ូ និង ១២៥​អឺរ៉ូ​នៅ​ឆ្នាំ​ទី​៣​។ ការយកពន្ធ​នេះ គឺ​អនុវត្ត​សម្រាប់​អង្ករ​នាំ​ចេញពី​កម្ពុជា និង​ប្រទេស​មី​យ៉ាន់​ម៉ា​។​
 
​ការសម្រេច​យកពន្ធ​នេះ ធ្វើឡើង​បន្ទាប់ពី​គណៈកម្មការ​សហភាព​អឺរ៉ុប​បាន​បើក​ការស៊ើបអង្កេត​ជុំវិញ​សំណុំរឿង​អង្ករ​នេះ ក្រោយពី​មាន​បណ្ដឹង​របស់​ប្រទេស​អ៊ីតាលី និង​មានការ​គាំទ្រ​ពី​ប្រទេស​មួយចំនួន ដែល​បាន​ចោទថា​អង្ករ​កម្ពុជា និង​មី​យ៉ាន់​ម៉ា​ដែល​នាំចូល​សហភាព​អឺរ៉ុប បានធ្វើ​ឲ្យ​ប៉ះពាល់​អ្នក​ផលិត​នៅ​ប្រទេស​ទាំងនោះ​៕
 

Tag:
 ​ប្រាក់ សុខុន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com