កីឡាជាតិ
ជាតិ
វិសាខា​ជោគជ័យ​ក្នុងអំឡុង​ហ្វឹកហាត់​នៅ​ថៃ តែ​គ្រូបង្វឹក​ថា ក្រុម​នៅ​ខ្សោយ​តំបន់​ប្រយុទ្ធ​
22, Jan 2019 , 6:19 pm        
រូបភាព
លោក ហុក សុជិវ័ន្ត គ្រូបង្វឹកក្រុមវិសាខា(អាវក្រហម)ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្នុងអំឡុងហ្វឹកហាត់នៅថៃ, រូបភាពពីហ្វេសប៊ុកក្លិបបាល់ទាត់វិសាខា
លោក ហុក សុជិវ័ន្ត គ្រូបង្វឹកក្រុមវិសាខា(អាវក្រហម)ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្នុងអំឡុងហ្វឹកហាត់នៅថៃ, រូបភាពពីហ្វេសប៊ុកក្លិបបាល់ទាត់វិសាខា
ដោយ:
​ក្រុមបាល់ទាត់​វិសាខា​បាន​ទៅ​បោះជុំរុំ​ហ្វឹកហាត់​រយៈពេល​១២​ថ្ងៃ​នៅ​ប្រទេស​ថៃ ដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​មុន​បើក​រដូវ​កាល​ថ្មី​នៃ​ក្របខណ្ឌ​លី​ក​និង​ពាន​សម្តេច ហ៊ុន សែន​។ គ្រូបង្វឹក​ក្រុម​វិសាខា​បាន​អះអាងថា កូនក្រុម​ខ្លួន​មាន​សមត្ថភាព និង​ឆន្ទៈ​ខ្ពស់​ក្នុង​ការប្រកួត តែ​ពួកគេ​នៅមាន​ចំណុច​ខ្វះខាត​ក្នុង​តំបន់​ប្រយុទ្ធ​។​

 
​ក្នុងអំឡុងពេល​បោះជុំរុំ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ ក្រុមបាល់ទាត់​វិសាខា​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ តាមរយៈ​មិនដែល​ស្គាល់​ចាញ់​សម្រាប់​ជំនួប​មិត្តភាព​៥​លើក​ជា​ក្រុម​មាន​មូលដ្ឋាន​នៅ​ថៃ និង​មកពី​ម៉ាឡេស៊ី​។ ក្នុង​នោះបាន​យកឈ្នះ​អតីត​ក្រុម​របស់​កីឡាករ ចាន់ វឌ្ឍនាកា Pahang FA ៣-១, ឈ្នះ​ក្រុម RSU FC ៥-០, ឈ្នះ MOF Customs United ១-០, ឈ្នះ Air Force United ១-០ និង​ស្មើ ១-១ ជាមួយ MOF Customs United ក្នុងជំនួប​លើក​ទី​២​។ 
 
​ទោះបី​យ៉ាងនេះ​ក្តី លោក ហុក សុ​ជី​វ័​ន្ត គ្រូបង្វឹក​ក្រុម​វិសាខា​ហាក់​មិនទាន់​ពេញចិត្ត​នឹង​ទម្រង់​លេង​របស់​ក្រុម​នៅឡើយ​ទេ បន្ទាប់ពី​លោក​សង្កេតឃើញថា ក្រុម​នៅមាន​ចំណុច​ខ្វះខាត​ត្រង់​តំបន់​ប្រយុទ្ធ​។ ប៉ុន្តែ​គ្រូបង្វឹក​រូបនេះ​ប្តេជ្ញា​ថា លោក​នឹង​ខិត​ស្វែងរក​វិធីសាស្ត្រ​ធ្វើយ៉ាងណា​ឲ្យ​តំបន់​ប្រយុទ្ធ​របស់​ក្រុម​កាន់តែ​ប្រសើរឡើង​ថែមទៀត​។   
 
«​ក្នុងអំឡុងពេល​ហ្វឹកហាត់​នៅទីនេះ​(​ថៃ​) ចំណុច​មួយ​ដែល​យើង​នៅ​ស្ទើរ គឺ​តំបន់​ប្រយុទ្ធ​យើង​មិនទាន់​ស៊ីចង្វាក់​គ្នា​ល្អ​១០០​ភាគរយ​នៅឡើយ​ទេ​។ នៅ​កម្ពុជា យើង​ពិបាក​ស្វែងរក​កីឡាករ​ខ្មែរ​លេង​ក្នុង​តំបន់​ប្រយុទ្ធ​ស៊ីចង្វាក់​គ្នា​ណាស់ បើ​ធៀប​នឹង​កីឡាករ​កូរ៉េខាងជើង ពួកគេ​យល់ចិត្ត​គ្នាច្រើន​។ យើង​នឹង​ព្យាយាម​ធ្វើយ៉ាងណា​ឲ្យ​ពួកគាត់​លេង​យល់ចិត្ត​គ្នា​ឲ្យ​កាន់តែ​ច្រើនជាង​នេះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហុក សុ​ជី​វ័​ន្ត​។​
 
​តែ​យ៉ាងណា​គ្រូបង្វឹក​រូបនេះ​បានចាត់ទុក​លទ្ធផល​ខាងលើ​ជា​ជោគជ័យ​មួយ​លើស​ការរំពឹងទុក​រប​ស់​ខ្លួន​។ លោក​បាន​បន្ថែមថា​៖«​ពួកគាត់​បានធ្វើ​លើសពី​អ្វីដែល​យើង​បានគ្រោង​ទុក​មុន​មក​បោះជុំរុំ​នៅ​ថៃ ពិសេស​ក្នុងជំនួប​ជាមួយ​ក្រុម​ខ្លាំងៗ​ដូចជា Pahang FA, Customs និង Air Force ជាដើម​។ យើង​ពិបាក​មែនទែន​ក្នុងការ​សម្រេច​ឲ្យ​កីឡាករ​ចូល​លេង ព្រោះ​ទាំង​កីឡាករ​វ័យក្មេង និង​ចាស់​សុទ្ធតែ​បានបង្ហាញ​ឆន្ទៈ​ថា ពួកគេ​មាន​សមត្ថភាព​លេង​បាន​គ្រប់ពេល​»​។ 
 
​សម្រាប់​អ្នក​ចាត់​ទូទៅ​ក្រុម​វិសាខា​លោក ហុក សុចិ​ត្រា ក្រៅពី​ទទួលបាន​បទពិសោធ​ក្នុង​ការលេង​បាល់ទាត់ ការបោះ​ជុំរុំ​នេះ ជួយ​បង្កើន​ទំនុកចិត្ត និង​កសាង​ទំនាក់ទំនង​ល្អ​រវាង​កីឡាករ​ក្នុង​ក្រុម​ឲ្យ​កាន់តែ​ល្អប្រសើរ​ទាំង​ការហ្វឹកហាត់ ប្រកួត និង​រស់នៅ​លក្ខណ​ជា​ក្រុម​។ 
 
«​គោលបំណង​របស់​យើង គឺ​ចង់​ឲ្យ​ពួកគាត់​យល់​ពីគ្នា កុំ​ឲ្យ​យល់ថា ពួកគេ​មកពី​ក្លិប​នេះ​ឬ​ក្លិប​នោះ​ទៀត​។ មួយវិញទៀត គឺ​ដើម្បី​បង្កើន​សមត្ថភាព​យល់ដឹង​ពី​ការហ្វឹកហាត់ និង​ប្រកួត​។ ព្រោះ​នៅ​ថៃ​មាន​ក្រុម​មាន​សមត្ថភាព និង​បទពិសោធ​ខ្លាំង​ជាង​យើង​ច្រើន​។ ដូច្នេះ​វា​ជា​ឱកាស​ជួយ​ឲ្យ​ពួកគេ​អាច​យល់ដឹង​ពី​ការលេង​ជាមួយគ្នា និង​ជាមួយ​ក្រុម​មាន​សមត្ថភាព​ខ្លាំង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហុក សុចិ​ត្រា​។ 
 
​ការបោះ​ជុំរុំ​ហ្វឹកហាត់​រយៈពេល​១២​ថ្ងៃ​នៅ​ប្រទេស​ថៃ​នេះ គឺ​ដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក​ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល និង​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៩៕        
 

Tag:
 បាល់ទាត់​
  ហុក សុ​ជី​វ័​ន្ត​
  វិសាខា​
© រក្សាសិទ្ធិដោយ thmeythmey.com