អត្ថបទពាណិជ្ជកម្ម
ផ្សារ​ម៉ាក្រូ​សាខា​ទី​២ នៅ​សៀមរាប​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៥ ខែមករា
23, Jan 2019 , 2:02 pm        
រូបភាព
សៀមរាប​៖ ផ្សារ​ម៉ាក្រូ​ដែលជា​មជ្ឈមណ្ឌល​ចែកចាយ​ផលិត​បោះ​ដុំ​ធំ​បំផុត​ពី​ប្រទេស​ថៃ ប្រកាស​បើក​សាខា​ថ្មី​នៅ​ខេត្តសៀមរាប បន្ទាប់ពី​ទទួលបាន​ភាពជោគជ័យ​លើ​ដំណើរការ​ផ្សារ​ទី​១ នៅ​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំមុន​។ ពិធី​សម្ពោធ​ជា​ផ្លូវការ ធ្វើឡើង​នៅ​ថ្ងៃទី​២៥ មករា ក្រោម​វត្តមាន សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​​ នៃព្រះរាជាណាចក្រកម្ពុជា។​
 
​សន្និសីទកាសែត ត្រៀម​បើកសម្ពោធ​សាខា​ថ្មី​របស់​ផ្សារ​ម៉ាក្រូ ត្រូវបាន​រៀបចំ​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមករា​នេះ ដោយមាន​ថ្នាក់ដឹកនាំ​ផ្សារ​ម៉ាក្រូ​ចូលរួម​។ លោក Thomas Hammer នាយក​ប្រតិបត្តិ​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​អន្ដរជាតិ នៃ​ក្រុមហ៊ុន Siam Makro Public Limited មានប្រសាសន៍ថា ម៉ាក្រូ​មាន​មោ​នកភាព ចំពោះ​ភាពជោគជ័យ​ដែល​ទទួលបាន​ពី​ផ្សារ​ម៉ាក្រូ​សាខា​ទី​១ ហើយ​នេះ​គឺជា​កត្ដា​ជំរុញឱ្យមាន​ការបង្កើត​សាខា​ទី​២​នេះ​ឡើង​នៅ​ខេត្តសៀមរាប​។ លោក​បន្ថែមថា ការប្រកាស​បើក​សាខា​ថ្មី​នេះ គឺ​ស្របពេល​គម្រប់​ខួប​ទី​៣០ នៃ​ការ​ដំណើរការ​ផ្សារ​ម៉ាក្រូ​នៅ​ប្រទេស​ថៃ​។​




 
​លោក Yutthapoom Jarernsuk នាយក​គ្រប់គ្រង​ផ្សារ​ម៉ាក្រូ​កម្ពុជា មានប្រសាសន៍ថា មូលហេតុ​ដែល​ខេត្តសៀមរាប ត្រូវបាន​ជ្រើសរើស​សម្រាប់​បើក​សាខា​ទី​២​នេះ ដោយសារ​ភាពលេច​ធ្លោ និង​ភាព​មមាញឹក ជា​តំបន់​រមណីយដ្ឋាន និង​ជា​ច្រកចេញចូល​ទៅកាន់​តំបន់​អង្គរ​។ លោក​បន្តថា ម៉ាក្រូ​ជឿជាក់ថា ប្រតិបត្តិ​ករ​សណ្ឋាគារ ភោជនីយដ្ឋាន និង​សេវាកម្ម​អាជីវកម្ម​ម្ហូបអាហារ នឹង​រីករាយ​ក្នុង​ការទិញ​ទំនិញ នៅក្នុង​ផ្សារ​ដែលមាន​ទំនិញ​គ្រប់មុខ​នេះ ដូចជា​បន្លែ ផ្លែឈើ​ស្រស់ៗ គ្រឿងទេស សម្ភារ​ផ្ទះបាយ អាហារ​បង្កក និង​ផលិតផល​ផ្សេងៗ​ជាច្រើន​មុខ​ទៀត​។ ជាមួយគ្នានេះ ម៉ាក្រូ​ខេត្តសៀមរាប ក៏មាន​លក់​ផលិតផល​ក្នុងស្រុក​ចំនួន​ប្រមាណ ៥០០​មុខទំនិញ​ផងដែរ ដែល​បាន​សហការ​ជាមួយ​កសិករ​ចំនួន​៣០​រូប​។ អ្វីដែល​ពិសេស​នោះ គឺ​សាខា​ទី​២​នេះ មាន​បន្ថែម​ហាង      សម្លៀកបំពាក់ គ្រឿងអលង្ការ កាហ្វេ​-​ល​- ចំនួន​២១​ហាង​បន្ថែម ដែល​ប្លែក​ពីសា​ខា​នៅ​ភ្នំពេញ​។ 




 
​តាម​ការបញ្ជាក់​ពី​នាយក​គ្រប់គ្រង សាខា​ទាំង​២​ផ្សារ​របស់​ម៉ាក្រូ មាន​បុគ្គលិក​សរុប​ជាង ៥០០​នាក់ ក្នុងនោះ​នៅ​ខេត្តសៀមរាប​មាន​ចំនួន ២០០​នាក់ ហើយ​៩០​ភាគរយ​ជា​ជនជាតិខ្មែរ​។​




 
​គួរ​បញ្ជាក់ថា ផ្សារ​ម៉ាក្រូ​សាខា​ទី​២ មាន​ទីតាំង​លើផ្លូវ​ជាតិ​លេខ​៦ ក្នុងភូមិ​គោក​ត្នោត ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ឬ​នៅ​ខាងកើត​ផ្សារលើ​ប្រហែល​៣​គីឡូម៉ែត្រ​។ ផ្សារ​នេះ សង់​លើ​ផ្ទៃដី​សរុប​ចំនួន ៥​ហិកតា​កន្លះ ដោយមាន​ទីតាំង​លក់​សរុប​ប្រមាណ ៧​ពាន់​ម៉ែត្រការ៉េ និង​មាន​បំពាក់​ម៉ាស៊ីនត្រជាក់​ប្រកបដោយ​ផាសុកភាព ហើយ​អាច​ចត​យានយន្ត​បាន​រហូតដល់ ៥០០​គ្រឿង​។ ផ្សារ​ម៉ាក្រូ ផ្តល់​តម្លៃ​លក់ដុំ​ពិសេស ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ជូន​អាជីវករ​លក់រាយ​។ ទៅ​ថ្ងៃមុខ ក្រុមហ៊ុន​គ្រោង​នឹង​ពង្រីក​សាខា​រហូតដល់ ៩​សាខា ទូទាំងប្រទេស​ក្នុង​រយៈពេល​៥​ឆ្នាំ ដែល​នឹង​ជួយ​បង្កើត​ឱកាស​ការងារ​ប្រមាណ​ជា ២​ពាន់​កន្លែង​៕







(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com