អន្តរជាតិ
រដ្ឋមន្ត្រីការបរទេស​អាស៊ាន ប្តេជ្ញា​បង្កើន​តួនាទី​ជួយ​មី​យ៉ាន់​ម៉ា​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​
23, Jan 2019 , 8:39 pm        
រូបភាព
អគ្គលេខាធិការអាស៊ានលោក Lim Jock Hoi ជួបជាមួយទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី ខែធ្នូឆ្នាំ ២០១៨ (រូបភាព៖State Councilor Office)
អគ្គលេខាធិការអាស៊ានលោក Lim Jock Hoi ជួបជាមួយទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី ខែធ្នូឆ្នាំ ២០១៨ (រូបភាព៖State Councilor Office)
ដោយ:
​ប្រមុខ​ការទូត​របស់​ប្រទេស​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ បានចេញ​សេចក្តីថ្លែងការណ៍​ក្រៅផ្លូវការ​មួយ​ដើម្បី​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​បន្ថែម​ក្នុង​ការជួយ​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​របស់​មី​យ៉ាន​ម៉ា​។ ក៏ប៉ុន្តែ​អាស៊ាន នៅ​មិនទាន់មាន​ដំណោះស្រាយ​ដែល​អាច​អនុវត្តបាន​នៅឡើយ​នោះទេ ខណៈដែល​ស្ថានភាព​របស់​ជនភៀសខ្លួន កាន់តែ​អាក្រក់​ទៅៗ​។


 
​នៅ​ចុង​សប្តាហ៍​មុន​រដ្ឋមន្ត្រីការបរទេស​របស់​អាស៊ាន បាន​មាន​កិច្ចប្រជុំ​ចង្អៀត​មួយ ដែល​រៀបចំ​ដោយ​ប្រធាន​វិលជុំ​អាស៊ាន​ថៃ​។ កិច្ចប្រជុំ​ក្រៅផ្លូវការ​នេះ គឺជា​ជំនួប​លើកដំបូង​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ក្នុងនាម​ថៃ ជា​ម្ចាស់ផ្ទះ ក្នុង​គោលដៅ​ដើម្បី​ធ្វើការ​សម្រេច​លើ​បញ្ហា​ចម្បង​មួយចំនួន ដែល​គួរតែ​ដាក់​លើ​តុ​សម្រាប់​ជជែក​ជា​លក្ខណៈ​ផ្លូវការ​។​
 
​បើតាម​សេចក្តី​ថ្លែង​ការ​ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន រដ្ឋមន្ត្រី​ទាំងអស់​បានប្រកាស​ពី​សំណើ​មួយ​ក្នុងការ​បញ្ជូន​បេសកកម្ម​មនុស្សធម៌​ទៅ​វាយតម្លៃ​នៅ​រដ្ឋ​រ៉ា​ខាន​របស់​មី​យ៉ាន់​ម៉ា​ដើម្បី​ព​ន្លឿ​ន​ដំណើរការ​នៃ​ការបញ្ជូន​ជនភៀសខ្លួន​។ សេចក្តីថ្លែងការណ៍ ក៏បាន​សង្កត់ធ្ងន់​ពី​តម្រូវការ​ចាំបាច់​ដើម្បី​ស្វែងរក​ដំណោះស្រាយ​មួយ​គ្រប់​ជ្រុងជ្រោយ និង​អចិន្ត្រៃយ៍​។  
 
​តែ​យ៉ាងណា​តាម​ការបញ្ជាក់​របស់រ​ដ្ឋ​មន្ត្រី​ការបរទេស​ថៃ លោក Don Pramudwinai ក្រុម​អាស៊ាន នៅ​មិនទាន់​អាច​បង្ហើប​ពី​កាលបរិច្ឆេទ​សម្រាប់​ការចាប់ផ្តើម​អនុវត្ត​បេសកកម្ម​ផ្តល់ជំនួយ​មនុស្សធម៌​នេះ​នៅឡើយ​នោះទេ​។ 
 
​ក្នុង​ប្រជុំ​ចង្អៀត ដែល​អវត្តមាន​រដ្ឋមន្ត្រី​ការបរទេស​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី ដដែល​នោះ មាន​រដ្ឋមន្ត្រី​មួយចំនួន បានស្នើ​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ផ្តល់​សញ្ជាតិ​មី​យ៉ាន់​ម៉ា​ដល់​ជនភៀសខ្លួន​ទាំងនោះ ក៏ប៉ុន្តែ​តំណាង​មី​យ៉ាន់​ម៉ា ភ្លាមៗ​នោះ ក៏បាន​ជំទាស់​ផងដែរ​។​
 
​គួរ​ជម្រាប​ផងដែរ​ថា វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅក្នុង​រដ្ឋ​រ៉ា​ខាន​មី​យ៉ាន់​ម៉ា បានអូសបន្លាយ​អស់​រយៈ​ជាង​មួយឆ្នាំ​ហើយ ដោយ​គ្មាន​ដំណោះស្រាយ​ជាក់លាក់ និង​ប្រាកដប្រជា​។ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ធ្លាប់បាន​ព្រមព្រៀង​ទាំង​ជាមួយនឹង​បង់​ក្លា​ដែ​ស​ផង ក៏ដូចជា​ភ្នាក់ងារ​ជំនាញ​អង្គការសហប្រជាជាតិ​ផង ក្នុងការ​រៀបចំ​បញ្ជូន​ជនភៀសខ្លួន​ជាង​កន្លះ​លាន​នាក់​ទៅ​មី​យ៉ាន់​ម៉ា​វិញ​។​
 
​ក៏ប៉ុន្តែ ការព្រមព្រៀង​នោះ នៅត្រឹមតែ​ជា​ក្រដាស​ប៉ុណ្ណោះ ពោលគឺ មី​យ៉ាន់​ម៉ា មិនទាន់បាន​អនុវត្ត​នៅឡើយ​នោះទេ ខណៈ​ស្ថានភាព​របស់​ជនភៀសខ្លួន ក៏​កាន់តែ​អាក្រក់ៗ​ទៅ​។ ពួកគេ ជាពិសេស​ក្មេងៗ ប្រឈម​នឹង​ការបាត់បង់​ឱកាស​សិក្សា និង​អនាគត បើ​ដំណោះស្រាយ នៅតែ​មិនមាន​វឌ្ឍនភាព​។​
 
​កន្លងមក ភ្នាក់ងារ​ជំនាញ​អង្គការសហប្រជាជាតិ មហាសន្និបាត​អង្គការសហប្រជាជាតិ ក៏ដូចជា​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ពី​ការមិន​អើពើ​លើ​បញ្ហា​សិទ្ធិមនុស្ស​ដ៏​ធ្ងន់ធ្ងរ​មួយ​នេះ​។ អង្គការសហប្រជាជាតិ ថែមទាំង​រំលេច​នូវ​ភាសា​ធ្ងន់ៗ សំដៅ​បញ្ហា​នេះ អាច​ធ្លាក់​ចូលក្នុង​បទល្មើស​ប្រល័យ​ជាតិ​សាសន៍​ទៀតផង​៕

Tag:
 មី​យ៉ាន់​ម៉ា​
  អាស៊ាន​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com