ជាតិ
អាង​ហែល​ទឹក​តម្លៃ​៣០​ម៉ឺន​ដុល្លារ​នៅ​ស្រុក​កោះធំ ខេត្តកណ្តាល នឹង​លេច​រូបរាង​ឡើង​នា​ឆ្នាំ​២០២៣
24, Jan 2019 , 8:59 am        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅក្នុងពិធីបញ្ចុះបឋមសាលាអាងហែលទឹក នៅស្រុកកោះធំ ខេត្តកណ្ដាល
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅក្នុងពិធីបញ្ចុះបឋមសាលាអាងហែលទឹក នៅស្រុកកោះធំ ខេត្តកណ្ដាល
ដោយ:
​ភ្នំពេញ​៖ អាង​ហែល​ទឹក​តម្លៃ​៣០​ម៉ឺន​ដុល្លារ​នៅ​ស្រុក​កោះធំ ខេត្តកណ្តាល នឹង​លេច​រូបរាង​ឡើង​នា​ឆ្នាំ​២០២៣​។ អាង​ហែល​ទឹក​នេះ​បង្កើតឡើង ដើម្បី​អនុញ្ញាត​ឲ្យ​យុវជន និង​កីឡាករ​ហែល​ទឹក អាច​ហ្វឹកហាត់ ខណៈដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម នៅ​ឆ្នាំ​២០២៣​។ នេះ​បើតាម​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​។​


 
​អាង​ហែល​ទឹក​ដែល​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នៅថ្ងៃនេះ វា​មាន​ទទឹង​២២​ម៉ែត្រ និង​បណ្តោយ​២៥​ម៉ែត្រ ដែល​ស្ថិតនៅក្នុង​បរិវេណ​កីឡដ្ឋាន​ស្រុក​កោះធំ ក្នុងភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល​។  អាង​ហែល​ទឹក​ដ៏​ធំ​ដំបូងបង្អស់​ប្រចាំ​ស្រុក​កោះធំ​នេះ គ្រោង​ចំណាយ​ថវិកា​អស់​សរុប​ប្រមាណ ៣០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ឯ​ណោះ​។ 
 
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​នៅលើ​គេហទំព័រ​ផ្លូវការ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គោលបំណង​នៃ​ការសាងសង់​នេះ​គឺ​ដើម្បី​អនុញ្ញាត​ឲ្យ​សិស្សានុសិស្ស ក៏ដូចជា​កីឡាករ​ហែល​ទឹក​អាច​ហ្វឹកហាត់​កីឡា​ដើម្បី​សុខភាព និង​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម ដែល​កម្ពុជា​គ្រោង​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣​។​
 
​ក្រៅពី​រៀបចំ​អាង​ហែល​ទឹក​នេះ ក៏មាន​គម្រោង​សំខាន់ៗ​មួយចំនួន ដូចជា​គម្រោង​ស្តារ​ផ្លូវជាតិ​លេខ​០២​ពីរ​គន្លង​ទៅ​បួន​គន្លង ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​, គម្រោង​សិក្សា​ផ្លូវ​ពី​ស្ពាន​កោះធំ​ទៅ​ឃុំ​លើកដែក​ត​ភ្ជាប់​ទៅ​អ្នក លឿន​ដើម្បី កាត់បន្ថយ​រយៈពេល​ធ្វើ​ដំណើរ​, គម្រោង​បើក​ការដ្ឋាន​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុង ព្រះសីហនុ​នៅ ក្នុង​ខែមីនា ឆ្នាំ​២០១៩, គម្រោង​សាងសង់​ផ្លូវ​ពី​បាត់ដំបង​(​ស្រុក​សំឡូត​)​ទៅ​ខេត្តកោះកុង​ដើម្បី​ដឹកជញ្ជូន កសិផល និង​គម្រោង​បើក​ការដ្ឋាន​កំពង់ផែ​ទឹក​ជ្រៅ​នៅ​ក្រុងព្រះសីហនុ​ដើម្បី​អាចឱ្យ នាវា​ខ្នាត​ធំ​អាច​ចូល ចត​បាន​។ នេះ​បើតាម​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com