អន្តរជាតិ
ម៉ាឡេស៊ី មិន​ប្រញាប់​ចូល​កិច្ចព្រមព្រៀង CPTPP ខណៈ​សិង្ហ​បុរី និង​វៀតណាម ចាប់ផ្តើម​អនុវត្ត​បណ្តើរៗ​
24, Jan 2019 , 8:39 am        
រូបភាព
រដ្ឋមន្ត្រីពាណិជ្ជកម្មម៉ាឡេស៊ីលោក J. Jayasiri (រូបភាព៖ Today News)
រដ្ឋមន្ត្រីពាណិជ្ជកម្មម៉ាឡេស៊ីលោក J. Jayasiri (រូបភាព៖ Today News)
ដោយ:
​រដ្ឋាភិបាល​ក្រុង​គូ​ឡា​ឡាំ​ពួរ នៅ​មិនទាន់​ហ៊ាន​ប្រាកដ​ពី​កាលបរិច្ឆេទ នៃ​ការផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​បំផុត​មួយ​នៅក្នុង​តំបន់ CPTPP បានឡើយ​នោះទេ​។ ភាពមិនច្បាស់លាស់​នេះ ក៏​ដោយសារតែ ក្រុង​គូ​ឡា​ឡាំ​ពួរ ចង់​សិក្សា​ឲ្យ​ច្បាស់លាស់​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​នេះ ពោលគឺ​ដើម្បី​ធានាថា CPTPP អាច​ធានា​ពី​ផលប្រយោជន៍​ដោយ​តម្លាភាព​។​

 
​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ម៉ាឡេស៊ី លោក Darell Leiking នៅ​ចុង​សប្តាហ៍​មុន បានប្រកាស​ឲ្យ​ដឹងថា ម៉ាឡេស៊ី មិនអាច​ប្រញាប់​ព​ន្លឿ​ន​នីតិវិធី​ផ្តល់​សច្ចាប័ន​ទទួលយក​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ និង​ជឿនលឿន​សម្រាប់​ភាពជា​ដៃគូរ​អន្តរ​ប៉ាស៊ីហ្វិក ហៅ​កាត់​ថា CPTPP នោះទេ​។ ប៉ុន្តែ វា​មិនមាន​ឧបសគ្គ​អ្វីដែល​រារាំង​ម៉ាឡេស៊ី​មិន​ឲ្យ​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង CPTPP នេះដែរ​។ 
 
​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន South China Morning Post លោក​រដ្ឋមន្ត្រី បាន​លើកឡើងថា រដ្ឋាភិបាល​ម៉ាឡេស៊ី​ដែល​ទើបតែ​ដំណើរការ​ក្បាលម៉ាស៊ីន​បាន ប្រាំបី​ខែ​នោះ កំពុងតែ​វិភាគ​លើ​ការអនុវត្ត​គោលនយោបាយ​កន្លងមក​របស់​រដ្ឋាភិបាល​មុន ហើយ ស្វែងរក​វិធីសាស្ត្រ​បែបណា​ដែល​សក្តិសម​នឹង​ស្ថានភាព​របស់​ប្រទេស​បច្ចុប្បន្ន​។ 
 
​លោក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា អ្វីដែល​រដ្ឋាភិបាល​ម៉ាឡេស៊ី ចង់បាន​នោះ​គឺ លក្ខខណ្ឌ ដែល​ធ្លាប់បាន​ព្រមព្រៀង​កន្លងមក មាន​តម្លាភាព​សម្រាប់​ប្រទេស ពោលគឺ ត្រូវ​ធានាថា កិច្ចព្រមព្រៀង​នេះ មិន​ធ្វើ​ឲ្យ​ម៉ាឡេស៊ី​ខាតបង់​ផលប្រយោជន៍ ឬ​ក្លាយជា​ជនរងគ្រោះ​បានឡើយ​។ 
 
​គួរ​ជម្រាប​ផងដែរ​ថា CPTPP មាន​សមាជិក​សរុប​ទាំងអស់ ១១ ប្រទេស​។ កិច្ចព្រមព្រៀង​នេះ បាន​ចូល​ជា​ធរមាន​ក្នុង​ជំហាន​ដំបូង​នៅ​ថ្ងៃ​៣០ ធ្នូ ឆ្នាំ​២០១៨ ក្នុងប្រទេស​សមាជិក​ដូចជា អូស្ត្រាលី កាណាដា ជប៉ុន ម៉ិ​ក​ស៊ិ​ក ណូ​វែ​ល​ហ្សេ​ឡង់ និង​សិង្ហ​បុរី​។ វៀតណាម ទើបតែ​ចាប់ផ្តើម​អនុវត្ត​នៅ​សប្តាហ៍​មុន ខណៈ ព្រុយ​ណេ ម៉ាឡេស៊ី ស៊ី​លី និង​ប៉េ​រូ កំពុងស្ថិត​នៅក្នុង​នីតិវិធី​ស្នើ​ផ្តល់​បត្យាប័ន​របស់​ប្រទេស​។ 
 
​នៅពេលដែល​សមាជិក​ទាំ​ង​១១​របស់​កិច្ចព្រមព្រៀង CPTPP ( The Comprehensive and Progressive Agreement for Trans-Pacific Partnership ) ដែលជា​ប្រភេទ​ពាណិជ្ជកម្ម​សេរី​មួយ​នេះ រួមគ្នា​តែមួយ ស្មើនឹង​ទីផ្សារ​សរុប​៥០០​លាន​នាក់ ដែលមាន​ផលិតផល​ក្នុងស្រុក​សរុប ១៣.៥ ទ្រី​លាន​ដុល្លារ និង​ស្មើនឹង ១៣ ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​ជាស​កល​។ 
​ក្រោម​កិច្ចព្រមព្រៀង​នេះ សមាជិក​ទាំងអស់​ត្រូវ​មាន​ក្របខណ្ឌ​ច្បាប់​តឹងរ៉ឹង​ក្នុង​វិស័យ​ពាណិជ្ជកម្ម បន្ធូរបន្ថយ​របាំង​ពន្ធគយ និង​បើកចំហ​ទីផ្សារ​របស់ខ្លួន​។ កិច្ចព្រមព្រៀង​នេះ​ក៏​នឹង​អនុវត្ត​ស្តង់ដា​ការងារ​ថ្មី ហើយ​ចាប់បង្ខំ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​សមាជិក​ខ្លះ​ត្រូវបង្កើត​ការប្រកួតប្រជែង​ក្នុង​វិស័យ​ដែល​កំពុង​កាន់កាប់​ដោយ​អ្នកវិនិយោគ​នៃ​ប្រទេស​ទាំងនោះ​ផងដែរ​៕ 
 

Tag:
 ម៉ាឡេស៊ី​
  CPTPP
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com