អន្តរជាតិ
​លេចចេញ​ឧបសគ្គ​ថ្មី របប​ដឹកនាំ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​អាច​នឹង​ដួលរលំ​ឆាប់ៗ​?
24, Jan 2019 , 4:33 pm        
រូបភាព
Venezuela President Nicolas Maduro on Cuba attacks by US, June 16, 2017
Venezuela President Nicolas Maduro on Cuba attacks by US, June 16, 2017
​ដើម​សប្តាហ៍​នេះ រដ្ឋាភិបាលវ៉េណេ​ស៊ុយ​អេ​ឡា​របស់លោក នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ បាន​បង្ក្រាប ចលនា​បះបោរ​របស់​ក្រុម​ទាហាន​ដោយ​ជោគជ័យ​។ ប៉ុន្តែ​នៅ​ថ្ងៃ​ពុធ​ទី ២៣ ខេ​មករា តួអង្គ​នយោបាយ​ថ្មី​មួយ​ដែលមាន​ឥទ្ធិពល និង​ទទួលបាន​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ​នោះ​លេច​រូបរាង​ឡើង​ដើម្បី​ប្រជែង​នឹង​របប​ដឹកនាំ​ផ្តាច់ការ​នេះ​។ តាម​ដងផ្លូវ​ឯណោះ​វិញ ចលនា​ប្រជាជន​ភាគច្រើន​មាន​ចំណូល​ទាប​ក៏​ចាប់ផ្តើម​ផុសផុល​កាន់តែខ្លាំង​ដែរ​ដើម្បី​ទាមទារ​ឲ្យ​របប​ដឹកនាំ​លោក ម៉ា​ឌុយ​រ៉ូ ចាកចេញ​។  តើ​របប​ដឹកនាំ​ផ្តាច់ការ​របស់លោក ម៉ា​ឌុយ​រ៉ូ អាចឈាន​ដល់ទី​បញ្ចប់​ឆាប់ៗ​មែន​ឬទេ​?


 
​ប្រធានាធិបតី​វេ៉ណេ​ស៊ុយ​អេ​ឡា លោក នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ ទើប​ស្បថ​ចូលកាន់​តំណែង​កាលពី​ថ្ងៃ ១០ ខែមករា​នេះ​ដើម្បី​ដឹកនាំ​វេ៉ណេ​ស៊ុយ​អេ​ឡា​ក្នុង​អាណត្តិ​ទី​ពីរ​បន្តទៀត ស្រប​ពេលដែល​ប្រទេសជាតិ​កំពុង​ធ្លាក់​ដុនដាប​កាន់តែខ្លាំង​ក្នុង​វិបត្តិ​។​
 
​គ្រាន់តែ​ចូលកាន់​តំណែង​ឡើងវិញ​ភ្លាម​មេដឹកនាំ​រូបនេះ​ប្រកាស​ដំឡើង​ប្រាក់​ឈ្នួល​អតិ​ប្ប​មារ​រហូតដល់ ៣០០​ភាគរយ ក្រោម​ហេតុផល​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​។ ប៉ុន្តែ​ការបង្កើន​ប្រាក់​ឈ្នួល​នេះ មិនមែនជា​ដំណោះស្រាយ​ពិតប្រាកដ​ដែល​អាច​ព្យាបាល​ជំងឺ​សេដ្ឋកិច្ច​និង​សង្គម​ដ៏​ធ្ងន់ធ្ងរ​នេះឡើយ ហើយ​គេ​ក៏​មិន​រំពឹងថា ការ​ក្ស័យធន​នៃ​សេដ្ឋកិច្ច​នេះ​នឹងត្រូវ​ដោះស្រាយបាន​ជោគជ័យ​ក្រោម​ការដឹកនាំ​របស់​រដ្ឋា​ភិ​បាល​លោក ម៉ា​ឌុយ​រ៉ូ ក្នុងពេល​ឆាប់ៗ​ដែរ​។  
 
​វិបត្តិ​សង្គម អសន្តិសុខ អំពើហិង្សា ខ្វះខាត​ស្បៀង និង​ខ្វះ​ថ្នាំសង្កូវ​ដែល​កើតឡើង​ចាប់ពី​ឆ្នាំ ២០១៤ មក​នោះបាន​បង្ខំ​ឲ្យ​ពលរដ្ឋ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​លើសបី​លាន​នាក់​ទៅហើយ​ត្រូវ​បង្ខំចិត្ត​រត់​ភៀសខ្លួន​ទៅរក​ទីកន្លែង​សមរម្យ​ដើម្បី​កសាង​ជីវិត​ថ្មី​។ 
 
​ប្រជាជន​ជាច្រើន​លាន​នាក់​ផ្សេងទៀត​កំពុង​ស្វែងរក​ឱកាស​ដើម្បី​ចាកចេញ​ពី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដូចគ្នា ខណៈដែល​ខ្លះទៀត​នៅ​លួច​សង្ឃឹមថា ការផ្លាស់ប្តូរ​ទ្រង់ទ្រាយ​ធំ​មួយ​ដែល​នឹង​កើតឡើង​ឆាប់ៗ​នៅក្នុង​ក្បាលម៉ាស៊ីន​ដឹកនាំ​នៃ​រដ្ឋ​សម្បូរហូរហៀរ​ដោយសារ​ប្រេង​នេះ​។ 
 
១.​វិបត្តិ​វ៉េណេ​ស៊ុយ​អេ​ឡា​ឈានដល់​ចំណុច​របត់​ថ្មី​
 
​នៅ​ថ្ងៃ​ពុធ​ទី ២៣ ខែមករា អ្នកនយោបាយ​ប្រឆាំង​របប​ដឹកនាំ​លោក ម៉ា​ឌុយ​រ៉ូ និង​ជា​ប្រធានរដ្ឋសភា លោក Juan Guaidó បានប្រកាស​ខ្លួន​ជា​មេដឹកនាំ​ថ្មី​របស់​វ៉េណេ​ស៊ុយ​អេ​ឡា ដើម្បី​តតាំង​នឹង​របប​ដឹកនាំ​លោក ម៉ា​ឌុយ​រ៉ូ នេះ​ផង​។ តាមពិតទៅ នៅវ៉េណេ​ស៊ុយ​អេ​ឡា មាន​សភា​ពីរ​។ សភា​មួយ​មាន​ឈ្មោះថា សភា​ធម្ម​នុ​ញ្ញា​ដែល​ដឹកនាំ​និង​កាន់​ត​កាប់​ដោយ​មនុស្ស​ស្និទ្ធ​លោក ម៉ា​ឌុយ​រ៉ូ​។  សភា​មួយទៀត​គឺ​រដ្ឋសភា ដែល​អាសនៈ​ភាគច្រើន​កាន់កាប់​ដោយ​អ្នកនយោបាយ​ប្រឆាំង​ដែល​បាន​ជាប់ឆ្នោតតាំងពីឆ្នាំ ២០១៥។ ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ រដ្ឋមន្ត្រីការបរទេស​កាណាដា​លោកស្រី Chrystia Freeland ចេញ​សេចក្តីថ្លែងការណ៍​ប្រកាស​ទទួលស្គាល់​លោក Guaidó ជា​ប្រធានាធិបតី​ស្តីទី សន្យា​ឈរ​ជាមួយ​ប្រជាជន​វ៉េណេ​ស៊ុយ​អេ​ឡា​ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ផងដែរ​។ រដ្ឋមន្ត្រី​រូបនេះ​ប្តេជ្ញា​គាំទ្រ​លោក Guaidó ដឹកនាំវ៉េ​ណេ​ស៊ុយ​អេ​ឡា​ទៅរក​ការបោះឆ្នោត​ប្រជាធិបតេយ្យ និង​ទាមទារ​ឲ្យ​លោក ម៉ា​ឌុយ​រ៉ូ​ចុះចេញ​ដែរ​។​
 
​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Donald Tusk បានប្រកាសថា លោក​សង្ឃឹម​រាល់​សមាជិក​សហភាព​អឺរ៉ុប​អាច​រួមគ្នា​ជា​ធ្លុង​មួយ​ដើម្បី​គាំទ្រ​កម្លាំង​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែរ​។​
 
​ចំណែក​មហាអំណាច​អាមេរិក​ក៏​ប្រកាស​ទទួលស្គាល់​ប្រមុខរដ្ឋ​វ៉េណេ​ស៊ុយ​អេ​ឡា​ថ្មី​ដែរ​។ ការប្រកាស​ទទួលស្គាល់​នេះ នាំ​ឲ្យ​របប​ដឹកនាំ​លោក ម៉ា​ឌុយ​រ៉ូ ប្រកាស​ផ្តាច់ទំនាក់ទំនង​ជាមួយ​អាមេរិក​តែម្តង​ដោយ ទុកពេល​៧២​ម៉ោង​ឲ្យ​មន្ត្រី​ទូត​អាមេរិក​ចាកចេញ​។ ម៉ា​ឌុយ​រ៉ូ ចោទថា អាមេរិក​កំពុង​ព្យាយាម​រៀបចំ​ចលនា​រដ្ឋប្រហារ​ទម្លាក់​របប​ដឹកនាំ​ស្របច្បាប់ និង​ព្យាយាម​គ្រប់គ្រង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ពី​ចម្ងាយ​ផង​។ យ៉ាងណាមិញ អាមេរិក​បដិសេធ​ផ្តាច់ទំនាក់ទំនង​ជាមួយ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដោយ​អះអាងថា ម៉ា​ឌុយ​រ៉ូ គ្មាន​អំណាច​ស្របច្បាប់​អ្វី​ផ្តាច់ទំនាក់ទំនង​ជាមួយ​ខ្លួន​ឡើយ ហើយ​អាមេរិក​នឹង​បន្ត​ទំនាក់ទំនង​ការទូត​និង​ធ្វើ​ការងារ​ជាមួយ​មេដឹកនាំ​ថ្មី​លោក Guaidó វិញ​។​
 
​គ្មាន​ការដក​មន្ត្រី​ទូត​អាមេរិក​ចេញ​តាម​ការទាមទារ​ទេ បើតាម​ការអះអាង​រប​ស់​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ​។ ហើយ​រាល់​ការគំរាមកំហែង ឬ​ប៉ះពាល់​ដល់​អ្នកការទូត​អាមេរិក​នឹង​អាច​ជំរុញ​ឲ្យ​មានការ​ចាត់វិធានការ​ធ្ងន់ៗ​ពី​ក្រុង​វ៉ាស៊ីនតោន​ភ្លាមៗ​ផង​។ 
 
​ចំណែក​សមាជិក​អង្គការ​រដ្ឋ​អាមេរិក​ផ្សេងទៀត​ដើរ​តាម​មហាអំណាច​អាមេរិក​ដែរ ដូចជា​ប្រេ​ស៊ី​ល​, អា​ហ្ស​ង់​ទីន​, កូ​ឡុំ​ប៊ី​, ស៊ី​លី​,​ប៉េ​រូ​, អេ​ក្វា​ឌ័​រ​,​ក្វា​តេ​ម៉ា​ឡា​, ប៉ា​ណា​ម៉ា​, ហុង​ឌូ​រ៉ា​ស​, កូ​ស្តា​រី​កា និង​ប៉ា​រ៉ា​ហ្កា​យ ជាច្រើន​បានចេញ​មុខ​ប្រកាស​ទទួលស្គាល់​លោក Guaidó ជា​ប្រធានាធិបតី​ស្តីទី និង​ស្របច្បាប់​តែមួយគត់​ដែរ​។ ម៉ិ​ក​ស៊ិ​ក​, គុយបា និង​បូ​លី​វី នៅ​ទទួលស្គាល់​របប​ដឹកនាំ​លោក ម៉ា​ឌុយ​រ៉ូ​ដដែល​។ 

២. អ​វ​សាន្ត​នៃ​របប​ដឹកនាំ​ផ្តាច់ការ ម៉ា​ឌុយ​រ៉ូ មកដល់ពេលនេះ​? 
 
​វា​ជា​សំណួរ​ដែល​ពិបាក​ឆ្លើយ ប៉ុន្តែ​ប្រហែល​វា​ជា​រឿង​ដែល​ពលរដ្ឋ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ចង់បាន​។ ការបន្ត​ដឹកនាំ​របស់លោក ម៉ា​ឌុយ​រ៉ូ នឹងធ្វើ​ឲ្យ​វិបត្តិ​កើតឡើង​កាន់តែ​ធ្ងន់ធ្ងរ និង​កាន់តែ​ពិបាក​ដោះស្រាយ ហើយ​ប្រជាជន​កាន់តែ​រងទុក្ខវេទនា​ថែមទៀត​។ 
 
​បច្ចុប្បន្ននេះ របប​ដឹកនាំ​លោក ម៉ា​ឌុយ​រ៉ូ ស្ថិតក្នុង​សមរភូមិ​ដែល​មានមុខ​ច្រើន​ពោលគឺ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ដូចដែល​បាន​រៀបរាប់​ខាងលើ​។ ការលេចឡើង​នៃ​មេដឹកនាំ​ថ្មី​ដែល​ប្រជែង​នឹង​របប​ដឹកនាំ​របស់លោក​ជាការ​គំរាមកំហែង​ដ៏​ធំ​ផ្នែក​នយោបាយ ខ្លះ​ចាត់ទុក​វា​ជា​រដ្ឋប្រហារ​ផង​។ ចំណែក​សម្ពាធ និង​លទ្ធភាព​ដែល​អាចមាន​ចំណាត់ការ​តឹងរ៉ឹង​ពី​សហគមន៍​អន្តរជាតិ ឬ​អង្គការ​តំបន់​ក៏​កំពុង​ក្លាយ​ឧបសគ្គ​ដ៏​គ្រោះថ្នាក់​ទៀត​សម្រាប់​លោក ម៉ា​ឌុយ​រ៉ូ ផ្ទាល់​ផង​។​
 
​ដោយ​ឃើញ​ស្ថាន​ការមិន​ស្រួល លោក ម៉ា​ឌុយ​រ៉ូ បាន​ប្រញាប់​អំពាវនាវ​ឲ្យ​ទាហាន និង​កងកម្លាំងប្រដាប់អាវុធ​រក្សា​វិន័យ​ឲ្យ​ខ្ជាប់ខ្ជួន និង​រួបរួមគ្នា​ជា​ធ្លុង​មួយ ដើម្បី​ទប់ទល់​នឹង​រាល់​ការគំរាមកំហែង​ដល់​របប​ដឹកនាំ​របស់លោក​ផង​។ 
 
​ក្រសួងការពារជាតិ​វេ​ណេ​ស៊ុយ​អេ​ឡា ដែល​ទទួលបន្ទុក​ការពារ​របប​ដឹកនាំ​លោក ម៉ា​ឌុយ​រ៉ូ​នោះ បាន​ចេញមុខ​ប្រកាស​គាំទ្រ​តែ​រដ្ឋាភិបាល​លោក ម៉ា​ឌុយ​រ៉ូ តែមួយគត់ ហើយ​រាល់​ការតាំង​ខ្លួន​ជា​ប្រធានាធិបតី​ប្រជែង​នឹង​មេដឹកនាំ​ស្របច្បាប់​នោះ​ជា​ទង្វើ​ដែល​មិនអាច​អត់ឱន​ឲ្យ​បានឡើយ​។​
 
​រដ្ឋមន្ត្រី​ការពារជាតិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​លោក  Vladimir Padrino Lopez ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ដូច្នេះ​៖ « ទាហាន​នៃ​ប្រជាជាតិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​មិន​ទទួលយក​ឡើយ​ប្រធានាធិបតី​ដែល​ប្រកាស​ខ្លួនឯង​ដើម្បី​ប្រយោជន៍​សួនតួ ឬ​ការប្រកាស​ខ្លួន​ជា​មេដឹកនាំ​ផ្ទុយ​ពី​ច្បាប់​នោះ​»​។  
 
​បច្ចុប្បន្ន យោធា​វ៉េណេ​ស៊ុយ​អេ​ឡា​នៅតែ​ស្ម័គ្រស្មោះ​នឹង​លោក ម៉ា​ឌុយ​រ៉ូ និង​របប​ដឹកនាំ​មែន​។  ប៉ុន្តែ​គេ​មិនអាច​ធានាបាន​ថា កងកម្លាំង​នេះ​នឹង​បន្ត​ស្ម័គ្រស្មោះ​ចំពោះ​លោក​បានយូរ​កម្រិតណា​ទេ​។ ចលនា​ទាហាន​បះបោរ​កើតឡើង​កាលពីដើម​សប្តាហ៍​នេះ ជា​សញ្ញា​មួយ​ដ៏​គ្រោះថ្នាក់ និង​គួរ​ជា​ក្តីបារម្ភ​ខ្លាំង​សម្រាប់​របប​ដឹកនាំ​លោក ម៉ា​ឌុយ ថ្វីបើ​វា​ត្រូវបាន​បង្ក្រាប​ទាំងស្រុង​ក៏ដោយ​។ ចលនា​ស្រដៀង​គ្នា​នេះ​អាច​នឹង​កើតឡើង​នៅពេល​ណាមួយ​ផ្សេងទៀត​នៅពេល​អនាគត​ផង​។​
 
​ដូច​បាន​រៀបរាប់​ខាងលើ​ស្រាប់ សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ជាពិសេស​មហាអំណាច​ដូចជា​អាមេរិក និង​កាណាដា​កំពុង​កើនឡើង​ខ្លាំង​។ លើសពីនេះ គេ​ក៏​ឃើញ​មាន​ការលើក​ឡើងជា​ចំហ​របស់​បណ្តា​មេដឹកនាំ​ប្រទេសជិតខាង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែល​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​មួយ និង​ស្តារ​ប្រជាធិបតេយ្យ​ពេញលេញ​នៅក្នុង​រដ្ឋ​អាមេរិក​ឡាទីន​មួយ​នេះ​ផងដែរ​។ 
 
​ថ្លែង​នៅ​វេទិកា​សេដ្ឋកិច្ចពិភពលោក (WEF) នាទី​ក្រុង​ដា​វ៉ូស​កាលពី​ថ្ងៃ អង្គារ​ទី ២២​ខែមករា ប្រធានាធិបតី​ប៉ា​រ៉ា​ហ្កា​យ Mario Abdo Benítez  បាន​និយាយថា លោក​គាំទ្រ​ការផ្លាស់ប្តូរ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ក្នុងករណី​ដែល​ស្ថាប័ន​នីតិ​បញ្ញា​ត្តិ​ប្រទេស​នេះ​ចេញ​វិធានការ​ជាក់ស្តែង​នោះ​។ ចំណែក​មេដឹកនាំ​អាមេរិក​ខាងត្បូង​ផ្សេងទៀត​ក៏​ឯកភាពគ្នា​ដែរ​ថា វិបត្តិ​វ៉េណេ​ស៊ុយ​អេ​ឡា ជា​បញ្ហា​តំបន់​ដែល​ត្រូវ​ដោះស្រាយ និង​មិនអាច​បន្ត​ឲ្យ​អូសបន្លាយ​យូរអង្វែង​ឡើយ​។  ដោះស្រាយ​បែបណា ឬ​ត្រូវមាន​វិធានការ​បែបណា​ទៀត​នោះ គេ​មិនទាន់​អាច​ទាយ​ដឹង​ច្បាស់​ឡើយ​។​
 
​ក្នុង​ពេលនេះ ក្រៅតែពី​ឧបសគ្គ​នយោបាយ​ផ្ទៃក្នុង លទ្ធភាព​នៃ​ការបះបោរ​របស់​កងទ័ព ក៏ដូចជា​លទ្ធភាព​នៃ​ការអន្តរាគមន៍​របស់​សហគមន៍​អន្តរជាតិ និង​តំបន់ របប​ដឹកនាំ​ផ្តាច់កា​រលោក ម៉ា​ឌុយ​រ៉ូ ក៏​ទំនងជា​ពិបាក​ទប់​ទល់នឹង​កម្លាំង​ប្រជាជន​ដែល​ចាប់ផ្តើម​ងើប​តវ៉ា និង​ស្រេកឃ្លាន​ចង់បាន​ការផ្លាស់ប្តូរ ដ្បិត​ពួកគេ​លែង​អាច​ទ្រាំទ្រ​បាន​នឹង​ទុក្ខលំបាក​វេទនា​ដែល​អូសបន្លាយ​រាប់​ឆ្នាំ​មកនេះ​ហើយ​។ 
 
​តាម​ចិញ្ចើមថ្នល់ ពលរដ្ឋ​វ៉េណេ​ស៊ុយ​អេ​ឡា​រាប់ពាន់នាក់​ចេញមក​ចូលរួម​ចលនា​បាតុកម្ម​យ៉ាង​ផុសផុល​ដើម្បី​ប្រឆាំង​របប​ដឹកនាំ​លោក ម៉ា​ឌុយ​រ៉ូ​។ អាច​និយាយបានថា ចលនា​បាតុកម្ម​មិនមែនជា​រឿង​ចម្លែក​ទេ​សម្រាប់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែល​រួមរឹត​ដោយ​វិបត្តិ ប៉ុន្តែ​ចលនា​តវ៉ា​ផុសផុល​ក្នុងចំណោម​ពលរដ្ឋ​ចំណូល​ទាប​ពេលនេះ​ជា​រឿង​ដែល​គ្រប់គ្នា​ត្រូវ​យកចិត្តទុកដាក់ ហើយ​វា​ក៏​អាច​កែប្រែ​ជោគវាសនា​រដ្ឋ​អាមេរិក​ឡាទីន​មួយ​នេះ​ផង​ក៏​មិនដឹង​។ 
 
​បាតុកម្ម​ពីមុនៗ វា​ចាប់ផ្តើម​ឡើង​នៅតែ​ក្នុង​តំបន់​ដែលមាន​ប្រជាជន​វណ្ណៈ​កណ្តាល​រស់នៅ​ប៉ុណ្ណោះ​ដូចជា​រដ្ឋធានី​កា​រ៉ា​កាស និង​ទីក្រុង​ធំៗ​។ ប្រជាជន​វណ្ណៈ​កម្មករ​ព្យាយាម​មិន​យក​ខ្លួន​បៀត​នឹង​ចលនា​ទាំង​ឡើយ ដែល​វា​ជាហេតុ​បណ្តាល​ឲ្យ​របប​ដឹកនាំ ម៉ា​ឌុយ​រ៉ូ រក្សា​អំណាច​និង​ឥទ្ធិពល​ខ្លួន​ខ្លាំង​ដែរ​។ 
 
​ប៉ុន្តែ​ពេលនេះ បើតាម​កាសែត Washington Post បាតុកម្ម​តវ៉ា​ចាប់ផ្តើម​លេច​ចេញពី​តំបន់​ប្រជាជន​ក្រីក្រ វណ្ណៈ​កម្មករ​រស់នៅ​វិញ​ម្តង​សូម្បីតែ​នៅក្នុង​តំបន់​ដែលមាន​ប្រជាជន​គាំទ្រ​របប​ដឹកនាំ​បច្ចុប្បន្ន ប៉ុន្តែ​ផ្ទុយទៅវិញ វា​ហាក់បីដូច​ជាមាន​ភាព​ស្ងៀមស្ងាត់​នៅតាម​ទីក្រុង​ធំៗ​វិញ​ម្តង​។ យ៉ាងណាមិញ​ភាព​ស្ងៀមស្ងាត់​នេះ​គ្មានអ្វី​ត្រូវ​ឆ្ងល់​ឡើយ​។ វា​មិនមែន​មានន័យថា វណ្ណៈ​កណ្តាល​លែង​ចង់​តវ៉ា​ទេ ប៉ុន្តែ​ពលរដ្ឋ​ទាំងនេះ​ស្ថិត​ក្នុងចំណោម​ប្រជាជន​លើសបី​លាន​នាក់​ដែល​បាន​រត់​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​រួចទៅហើយ​នោះ​។ 
 
​យ៉ាងណា​ក៏ដោយចុះ បើទោះជា​មិនមាន​សម្ពាធ ឬ​ការអន្តរាគមន៍​ពី​ក្រៅ​ក៏ដោយចុះ របប​ដឹកនាំ​លោក ម៉ា​ឌុយ​រ៉ូ​នេះ​នៅតែ​គេច​ផុតពី​ការដួលរលំ​ដែរ​។ គ្រាន់តែ​វា​ត្រូវ​កើតឡើង ក្នុង​រយៈពេល​យូរ​ប៉ុណ្ណោះ​។ របប​មួយ​នេះ ដួលរលំ​ដោយសារ​លែង​អាច​គ្រប់គ្រង​ប្រជាជន​ក្នុងប្រទេស​បាន​ទៀត ដ្បិត​ប្រជាជន​បន្ត​រត់​ភៀសខ្លួន​អស់​។ វា​ប្រហែលជា​រឿង​ពិបាក​ស្រ​ម៉ៃ​ឃើញ​ណាស់​ស្ថានភាព​បែបនេះ ប៉ុន្តែ​កុំភ្លេចថា តាម​របាយការណ៍​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​កាលពី​ខែវិច្ឆិកា ចាប់ពី​ឆ្នាំ ២០១៤ មក ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែល​ភៀសខ្លួន​កើនឡើង​លើ​បី​លាន​នាក់​រួចទៅហើយ​។​
 
ចំណែក​ច្រើន​លាន​នាក់​ផ្សេងទៀត​បន្ត​ស្វែងរក​ឱកាស​ដើម្បី​ចាកចេញ​ដែរ ខណៈដែល​ស្ថានការណ៍​កាន់តែ​ដុនដាប​ទៅ​។ នៅពេលដែល​គ្មាន​ប្រជាជន​នៅក្នុង​ស្រុក​ទៀត អ្នកនយោបាយ​មួយ​ក្តាប់​តូច​ស្ថិតក្រោម​របប​ដឹកនាំ​លោក ម៉ា​ឌុយ​រ៉ូ ក៏​គ្មាន​ឱកាស​នឹង​ដឹកនាំ​ប្រទេស​ទៀត​ដែរ​៕
 

Tag:
 វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ​
  Juan Guaidó
© រក្សាសិទ្ធិដោយ thmeythmey.com