ជាតិ
សង្គមជាតិ
ពលរដ្ឋ៦នាក់នៅព្រះសីហនុ ត្រូវចាប់ខ្លួន ក្រោយតវ៉ារឿងដីធ្លីជាមួយឧកញ៉ា ជម្លោះដីធ្លី
× ប្រជាពលរដ្ឋ៦នាក់ ត្រូវបានឃាត់ខ្លួន ក្រោយពួកគេបាននាំគ្នាតវ៉ារឿងទំនាស់ដីធ្លី នៅភូមិគគីរ ឃុំបិតត្រាង ស្រុក ព្រៃនប់ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នេះ។ ការតវ៉ានេះ ក៏មានការប៉ះទង្គិចគ្នារវាងអាជ្ញាធរ និងប្រជាពលរដ្ឋផងដែរ។
ប្រជាពលរដ្ឋប្រមាណ២០០នាក់ បាននាំគ្នាតវ៉ាដោយដុតកង់ឡាន និងបិតផ្លូវ ជំទាស់នឹងអាជ្ញាធរ ដែលបម្រុងនឹងរុះរើផ្ទះរបស់ពួកគេ ដើម្បីយកដីឲ្យឧកញ៉ា ស៊ីវ គង់ទ្រីវ តាមសាលដីកាតុលាការកំពូល។ នេះបើតាមការឲ្យដឹងពីអ្នកស្រី ជាប សុធារី មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះសីហនុ ដោយអ្នកស្រី អះអាងថា កងកម្លាំងសមត្ថកិច្ចមានប្រមាណ២០០នាក់ ប្រដាប់ដោយកាំភ្លើង ខែល និងគ្រឿងចក្រ៤គ្រឿង ឡានទឹក និងសម្ភារជាច្រើនទៀត។
អ្នកស្រី ជាប សុធារី បានផ្តល់បទសម្ភាសដល់សារព័ត៌ថ្មីៗថា ប្រជាពលរដ្ឋដែលរស់នៅទីនោះមានប្រមាណ២០០គ្រួសារ ហើយប្រជាពលរដ្ឋបានអះអាងប្រាប់អ្នកស្រីថា ពួកគេបានមករស់នៅក្នុងតំបន់នោះយូរហើយ ហើយអ្នកខ្លះទៀតថាបានទិញដីនៅកន្លែងកើតហេតុខាងលើក្នុងតម្លៃ៤ ទៅ ៥ ពាន់ដុល្លារ នៅចន្លោះឆ្នាំ២០១០ ឬ ២០១២ និងមករស់នៅទីនោះអស់រយៈពេល៥ឆ្នាំមកហើយដែរ។
អ្នកស្រីនិយាយថា៖« ចំពោះរឿងហ្នឹង ខ្ញុំក៏មិនដែលទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋពីមុនមកដែរ ខ្ញុំទើបតែទទួលដំណឹងពីម្សិលមិញទេ ថា តុលាការនឹងចុះទៅអនុវត្តសាលដីកាស្ថាពររបស់តុលាការកំពូល ឈូសឆាយដីឲ្យភាគីឈ្នះក្តី គឺជំទាវឈ្មោះ ហុង សួន និង ឈ្មោះ ស៊ីវ គង់ទ្រីវ ដែលជាប្ដីប្រពន្ធ»។
អ្នកស្រី បន្តថា ក្រុមអ្នកភូមិបាននាំគ្នាដុតកង់ឡានបិទផ្លូវ មានការគប់ដុំថ្ម និងដបសាំង។ អ្នកស្រី បន្ថែមថា ខាងសម្ថកិច្ច ក៏បានផ្ទុះអាវុធជាច្រើនគ្រាប់ផងដែរ។ ប៉ុន្តែ នៅរសៀលថ្ងៃដដែលនេះ ភាគីទាំងសងខាងបានបំបែកគ្នាអស់ហើយ។
យ៉ាងណាក៏ដោយ លោក ជួន ណារិន ស្នងការខេត្តព្រះសីហនុ អះអាងថា មកដល់ពេលនេះ លោក ទទួលបានមនុស្ស៤នាក់ប៉ុណ្ណោះ ដែលត្រូវបានចាប់ខ្លួននិងបញ្ជូនទៅឲ្យលោកនៅស្នងការ។ លោក ប្រាប់សារព័ត៌មានថ្មីៗថា សមត្ថកិច្ច គ្រាន់តែអនុវត្តតាមសាលដីកាតុលាការកំពូលប៉ុណ្ណោះ៕
Tag:
ទំនាស់ដីធ្លី
ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com