អន្តរជាតិ
EU ស្នើ​ឲ្យ​រដ្ឋ​សមាជិក​បង្ក្រាប​ការផ្តល់​«​ទិដ្ឋាការ​ពិសេស​»​ដល់​ជនបរទេស​ជា​ថ្នូរ​ទុនវិនិយោគ​
24, Jan 2019 , 9:19 pm        
រូបភាព
រូបភាព៖ Greek Reporter
រូបភាព៖ Greek Reporter
​សហភាព​អឺរ៉ុប​ទទូច​ឲ្យ​ប្រទេស​ជា​សមាជិក​ទាំងអស់​ឲ្យ​ចាត់វិធានការ​បង្ក្រាប​លើ​រាល់​កម្មវិធី​ផ្តល់​ទិដ្ឋាការ​ពិសេស ឬ «​ទិដ្ឋាការ​មាស​» ដល់​អ្នកវិនិយោគ​បរទេស​ទៀត​។ អឺរ៉ុប​បារម្ភ​ថា ការផ្តល់​ទិដ្ឋាការ​ពិសេស​នេះ​ជំរុញ​ឲ្យ​មាន​អំពើពុករលួយ និង​ការលាង​លុយកខ្វក់​កាន់តែខ្លាំង​នៅ​តំបន់​អឺរ៉ុប​ថែមទៀត​។

 
«​ការផ្តល់​ទិដ្ឋាការ​មាស​» ដល់​អ្នកវិនិយោគ​ជា​ជនបរទេស​ក្លាយជា​បញ្ហា​សម្រាប់​អឺរ៉ុប​។ ស្ថាប័ន​ជំនាញ​សហភាព​អឺរ៉ុប​បាន​ព្រមាន​ថា នីតិវិធី​ផ្តល់​ទិដ្ឋាការ​ពិសេស​នេះ​នាំ​ឲ្យ​កើនឡើង​បញ្ហា​ពុករលួយ និង​ការលាង​លុយកខ្វក់​ដែរ​។​
 
​មន្ត្រី​អឺរ៉ុប​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP​ថា គណៈកម្មការ​អឺរ៉ុប​នឹង​បោះ​ពុ​ម្ភ​របាយការណ៍​លើកដំបូង​មួយ​អំពាវនាវ​ឲ្យ​ប្រទេស​សមាជិក​ចាត់វិធានកា​រ​រឹតត្បិត​សកម្មភាព​ផ្តល់​សញ្ជាតិ ឬ​សិទ្ធិ​រស់នៅ ឲ្យ​ក្រុម​អ្នកជំនួញ​បរទេស​ដែលមាន​ទ្រព្យ​ស្តុកស្តម្ភ ជាពិសេស​ចិន រុស្ស៊ី និង​អាមេរិក​ដើម្បី​ជា​ថ្នូរ​នឹង​ទុនវិនិយោគ​នោះ​។ 
 
​មន្ត្រី​អឺរ៉ុប​ដែល​មិនបាន​បង្ហាញ​អត្តសញ្ញាណ​នេះ​បាន​បញ្ជាក់ថា របាយការណ៍​ដែល​នឹងត្រូវ​បោះ​ពុ​ម្ភ​ផ្សាយ​នេះ​រកឃើញថា រាល់​នីតិវិធី​ដែល​អនុវត្ត​ដោយ​ប្រទេស​អឺរ៉ុប​ក្នុង​គោលដៅ​ទាញ​ទុនវិនិយោគ​នេះ បង្ក​ផល​អាក្រក់​ច្រើន ជាពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​ជាតិ ការលាង​លុយ និង​ការ​គេចពន្ធ​ជាដើម​។ 
​មន្ត្រី​ដដែល​នោះបាន​ពន្យល់​បន្ថែមថា ក្រុម​អ្នកវិនិយោគ​បរទេស​ដែល​ស្នើ​សិទ្ធិ​រស់នៅ និង​សញ្ជាតិ​នៅ​អឺរ៉ុប មិន​ស្ថិតក្រោម​ការត្រួតពិនិត្យ​ប្រវត្តិរូប និង សន្តិសុខ​គ្រប់គ្រាន់​ឡើយ​។ ហេតុ​ដូច្នេះហើយ វា​ពិបាក​ខ្លាំងណាស់​ក្នុងការ​ទប់ស្កាត់​បញ្ហា​ដែល​រាប់​ខាងលើនេះ​។ 
 
​ប្រទេសមួយ​ចំនួន​ដូចជា ម៉ា​ល់តា​, ស៊ី​ប និង​ប៊ុលហ្គារី សុទ្ធតែ​ទម្លាប់​ផ្តើម​សញ្ជាតិ​ដល់​អ្នកជំនួញ​បរទេស​ដែល​ស្តុកស្តម្ភ​។ កាលណា​មាន​សញ្ជាតិ​ពួកគេ​អាចធ្វើ​ដំណើរ​ដោយ​សេរី​ទៅកាន់​ប្រទេស​ភាគច្រើន​ក្នុងចំណោម​ប្រទេស​ទាំង ២៨​ក្នុង​សហភាព​អឺរ៉ុប​។ រដ្ឋ​ខ្លះទៀត​ផ្តល់​សិទ្ធិ​ស្នាក់នៅ​ដល់​អ្នក​និ​យោគ​បរទេស​។​
 
​របាយការណ៍​ដដែលរ​ក​ឃើញថា ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប​ប្រើប្រាស់​នីតិវិធី​ពិសេស​នេះ​ដើម្បី​ផ្តល់​លិខិតឆ្លងដែន​ទៅកាន់​មនុស្ស​ប្រហែល ៦០០០​នាក់ និង​ផ្តល់​សិទ្ធិ​ស្នាក់នៅ​ដល់​មនុស្ស ១០​ម៉ឺន​នាក់​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​។ ជា​ថ្នូរ​មកវិញ គេ​អាច​ទាញ​បាន​ទុនវិនិយោគ​ដោយផ្ទាល់​ប្រហែល ២៩​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ​។ 
 
​ជុំវិញ​ការចាត់វិធានការ​ដោះស្រាយ បើសិនជា​រដ្ឋ​អឺរ៉ុប​មិនមាន​លទ្ធភាព ឬ​គ្មាន​ឆន្ទៈ​រឹតបន្តឹង​ចំណាត់ការ និង​អនុវត្ត​ច្បាប់​បាន​តឹងរ៉ឹង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ និង​អាច​ធានាបាន​តម្លាភាព​ទេ គណៈកម្មការ​អឺរ៉ុប​នឹង​ចេញ​វិធានការ បើសិនជា​ចាំបាច់​។ 
 
​កាលពី​ខែតុលា​កន្លងទៅ អង្គការ​អន្តរជាតិ​ដូចជា អង្គការ​តម្លាភាព​អន្តរជាតិ និង Global Witness បាន​ទិតៀន​បណ្តា​រដ្ឋ​អឺរ៉ុប​ដែរ ចំពោះ​ការអនុវត្ត​លក្ខខណ្ឌ​អនុគ្រោះ​ពិសេស​ដល់​អ្នកវិនិយោគ​ជា​ថ្នូរ​នឹង​លុយ​វិនិយោគ​។ គេ​ចាត់ទុកថា សញ្ជាតិ និង​សិទ្ធិ​ស្នាក់នៅ​អឺរ៉ុប មិន​ខុសពី​ទំនិញប្រណិត តែ​អាចយ​កលុយ​ទិញ​បាន​៕
 

Tag:
 សហភាព​អឺរ៉ុប​
  ទិដ្ឋាការ​
  លាង​លុយ​
  ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com