អន្តរជាតិ
ប្រធានាធិបតី​កូរ៉េខាងត្បូង បដិសេធ​ព័ត៌មាន ប្រធានាធិបតី​អាមេរិក​ទារ​ថ្លៃ​ចំណាយ​លើ​កងទ័ព​អាមេរិក​
25, Jan 2019 , 8:39 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល បានបង្ហាញ​ពី​ការខកចិត្ត និង​បដិសេធ​ទាំងស្រុង​ទៅលើ​ព័ត៌មាន ដែល​ចុះផ្សាយ​ថា អាមេរិក បានទាមទារ​ឲ្យ​កូរ៉េខាងត្បូង បង់ប្រាក់​ជាច្រើន​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការដាក់​ទ័ព​អាមេរិក​នៅក្នុង​ទឹកដី​ខ្លួន​។ ក្រុង​សេ​អ៊ូ​ល ថែមទាំង​ចាត់ទុក​ព័ត៌មាន​ប្រភេទ​នេះ ថា​ជាការ​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​ថ្នាក់ដឹកនាំ​ប្រទេស​។

 
​ថ្មីៗ​នេះ មានការ​លេចឡើង​ពី​សារព័ត៌មាន​មួយចំនួន ដែល​បាន​និយាយថា ប្រធានាធិបតី​អាមេរិក លោក Donald Trump បានធ្វើ​សំណើ​មួយ​ទៅកាន់​សម​ភាគី​កូរ៉េខាងត្បូង លោក Moon Jae-in ដើម្បី​ឲ្យ​កូរ៉េខាងត្បូង​បង់ប្រាក់​ចំនួន មួយ​ពាន់​លាន​ដុល្លារ សម្រាប់​ការចំណាយ​លើ​ការដាក់​កងទ័ព​អាមេរិក​ដែល​ឈរជើង​រក្សា​សន្តិភាព​នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន Yonhap ។ 
 
​ព័ត៌មាន​នេះ ពិតប្រាកដ​ណាស់​ថា ធ្វើ​ឲ្យ​កូរ៉េខាងត្បូង មិនអាច​ទទួលបាន​យកបាន​ឡើយ​។ « មិនមែន​គ្រាន់តែ​ចំពោះ​ករណី​ប្រធានាធិបតី​អាមេរិក​នោះទេ ក៏ប៉ុន្តែ​គ្រប់​មេដឹកនាំ​របស់​ប្រទេស​នៃ​ពិភពលោក មិនដែល​និយាយ​ភាសា​បែប​នេះឡើយ​» ។ នេះ គឺជា​ការឆ្លើយតប​រប​ស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​ទៅនឹង​សារព័ត៌មាន តាមរយៈ​អ្នកនាំពាក្យ​របស់ខ្លួន​។ 
 
​អ្នកនាំពាក្យ​រូបនេះ បាន​សង្កត់ធ្ងន់ថា ការចុះផ្សាយ​ព័ត៌មាន​បែបនេះ អាច​ចាត់ទុក ជាការ​ប្រមាថ​ដ៏​ធ្ងន់ធ្ងរ​មួយ​លើ​លោក​ប្រធានាធិបតី​អាមេរិក Donald Trump​។ តាម​អ្នកនាំពាក្យ លោក​ប្រធានាធិបតី Moon និង​លោក​ប្រធានាធិបតី Trump តែងតែ​ពិភាក្សាគ្នា​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​ការចែករំលែក​នៃ​កម្មវិធី​ចំណាយ​លើ​វិស័យ​ការពារ​ជាមួយគ្នា ក៏ប៉ុន្តែ​មេដឹកនាំ​ទាំងពីរ មិនដែល​លម្អិត​ដល់​ចំនួន​ជាក់លាក់ និង​លក្ខខណ្ឌ​នៃ​ការចំណាយ​អ្វី​ឡើយ​។ 
 
​គួរ​ជម្រាប​ផងដែរ​ថា ក្រោយពី​បញ្ចប់សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣ អាមេរិក នៅតែ​បន្ត​ដាក់​បញ្ឈរជើង​កងទ័ព​របស់ខ្លួន​នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង ដែលជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​របស់​ខ្លួន​ដើម្បី​ធានា​ពី​សន្តិសុខ និង​សុវត្ថិភាព ជាពិសេស​ដើម្បី​ទប់ស្កាត់​ការវាយប្រហារ​ណាមួយ​ពី​កូរ៉េខាងជើង​។ 
 
​តាម Yonhap អាមេរិក បានដាក់​កងទ័ព​រប​ស់​ខ្លួន​នៅ​កូរ៉េខាងត្បូង ប្រមាណ​ជិត​បី​ម៉ឺន​នាក់ ហើយ​ឆ្នាំ​២០១៨ ដែល​ទើបតែ​បញ្ចប់ទៅ​ថ្មីៗ​នេះ កូរ៉េខាងត្បូង បាន​ចំណាយ​ថវិកា​អស់​ប្រមាណ​ជាង ៨០០ លាន​ដុល្លារ​អាមេរិក សម្រាប់​ការជួយ​សម្រួល​បន្ទុក​យោធា​នេះ​៕ 
 

Tag:
 កូរ៉េខាងត្បូង​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com