មិនដល់ពេលមួយឆ្នាំផង ក្លិបអាណាចក្រប្រយុទ្ធ (KFG) ដែលមានទីតាំងនៅខេត្តសៀមរាប បានកសាងមុខមាត់គួរឲ្យកត់សម្គាល់ក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នក្លិបដ៏តូចមួយនេះកំពុងបោះជំហានក្នុងសង្វៀនប្រដាល់ធំជាងគេលើកដំបូង ដោយកីឡាករពន្លកថ្មី គង់ សំបូរ នឹងត្រូវបង្ហាញមុខនៅ ONE Championship នាថ្ងៃទី២២ ខែកុម្ភៈ នៃព្រឹត្តិការណ៍ ONE: CALL FOR GREATNESS។
ពីក្រោយការលូតលាស់ខ្លាំងរបស់ក្លិបគឺដោយសារមានស្ថាបនិកពីររូបគឺលោក Kwok Leung Tsang ជាមួយលោក Mark Van Dongen ដែលអ្នកទាំងពីរព្យាយាមគ្រប់បែបយ៉ាងដើម្បីផ្សព្វផ្សាយឈ្មោះក្បាច់គុនខ្មែរឲ្យអន្តរជាតិបានស្គាល់។
តាំងពីក្លិបត្រូវបានបង្កើតមក KFG បានពង្រីកខ្លួនធ្វេរដង ដែលសព្វថ្ងៃក្លិបនេះមានកីឡាករតំណាងឡើងប្រកួតក្នុងប្រទេសជាញឹកញាប់។
តែអ្វីដែលក្លិបកំពុងប្រឈមមុខធំជាងគេគឺនៅថ្ងៃទី ២២ ខែកុម្ភៈ គឺត្រូវបញ្ជូនកីឡាករតំណាងកម្ពុជាចំនួនពីររូបគឺ គង់ សំបូរ និង ខុន ស៊ីចាន់ ឲ្យធ្វើដំណើរទៅប្រទេសសិង្ហបុរី ដើម្បីប្រកួតតំណាងប្រទេសកម្ពុជានៅក្នុងជុំរំក្បាច់គុនពិភពលោក។
អ្នកលេងគុនខ្មែរ សំបូរ មានវ័យ ២៤ឆ្នាំ នឹងត្រៀមបញ្ចេញស្នាដៃក្នុងកម្មវិធី ONE Super Series (OSS) ដោយត្រូវប៉ះគូប្រយុទ្ធដំបូងជាមួយជើងខ្លាំងចិន Zhang Chenglong។
មួយគូនេះនឹងជួបគ្នាក្នុងការប្រកួតទម្ងន់ ៦៥គីឡូក្រាម ដូច្នេះលោក Leung Tsang និងក្រុមទាំងមូលកំពុងព្យាយាមរកក្បាច់ដើម្បីបំបាក់គូប្រកួតដ៏ល្បីនេះឲ្យកក្រើកឆាកតែម្តង។
ស្ថាបនិកក្លិប KFG រៀបរាប់ថា៖ «យើងមានស្នៀតពិសេសៗត្រៀមឲ្យគាត់ហាត់។ និយាយទៅយើងដឹងថាត្រូវប្រើស្នៀតណាហើយ តែយើងក៏នៅចាំសង្កេតមើលស្នៀតខាងគេដែរ ដូចដែលគេខំមើលយើងអ៊ីចឹង»។
«អ្វីដែលយើងខ្លាំងជាងគេគឺថាយើងមានវីដេអូដែល សំបូរ ប្រកួតគុនខ្មែរគ្រប់កន្លែង តែខាងក្រុមគេមិនដឹងថា សំបូរ អាចវាយលឿនប៉ុណ្ណាទេ ព្រោះគ្មានអ្នកណាអាចមើលដឹងតាមទូរទស្សន៍ឡើយ»។
Leung Tsang មានប្រវត្តិធ្លាប់ហ្វឹកហាត់ជាមួយគ្រូបង្វឹកទាំងក្នុងស្រុក និងបរទេស ដូច្នេះគាត់មានចំណេះដឹងច្រើនក្នុងការធ្វើឲ្យក្លិបក្បាច់គុន KFG របស់ខ្លួនពោពេញទៅដោយភាពសប្បាយរីករាយទាំងកីឡាករអាជីព ក៏ដូចជាអ្នកមកហាត់ដើម្បីសុខភាពផងដែរ។
Leung Tsang និងក្រុម KFG ទាំងមូល ស្រមើស្រមៃឃើញពីក្បាច់គុនសម័យថ្មីមួយនៅកម្ពុជា ប៉ុន្តែមិនមានន័យថាត្រូវបំបាត់ក្បាច់បុរាណនោះទេ។ ពួកគាត់នៅតែមានឆន្ទៈប្រើប្រាស់ក្បាច់គុនបុរាណខ្មែរតែលាយចូលក្បាច់ថ្មីបន្តិចបន្តួច។
«យើងព្យាយាមលាយក្បាច់ខុសៗគ្នា ហើយចាំមើលមួយណាប្រើការបានសម្រាប់អ្នកប្រដាល់យើង។ កីឡាករម្នាក់ៗប្រាកដជាមានស្នៀតរៀងៗខ្លួនហើយ ប៉ុន្តែយ៉ាងណាយើងចង់ឲ្យគាត់រហ័សជាងមុនដោយប្រើគុនខ្មែរដែរ»។
ឃើញពីភាពរីកចម្រើនរបស់ក្បាច់គុនទូទាំងពិភពលោកជាពិសេសដូចនៅប្រទេសថៃជាដើម អ្នកដឹកនាំក្លិប KFG រូបនេះតាំងចិត្តថានឹងមិនភ្លេចគុណបុព្វបុរសដែលជាម្ចាស់គុនបុរាណខ្មែរឡើយ។ ប៉ុន្តែគាត់ក៏មើលឃើញពីចំនុចខ្លះៗត្រូវកែតម្រូវដើម្បីអភិវឌ្ឍន៍ឲ្យប្រសើរផងដែរ។
គាត់បន្តថា៖ «អ្នកប្រដាល់ខ្មែរគាត់មានជំនាញសុះអស់ហើយ ព្រោះវានៅក្នុងឈាមខ្មែរស្រាប់ ដូច្នេះអ្វីដែលត្រូវធ្វើគឺបញ្ចេញសមត្ថភាពដែលគាត់មានឲ្យគេឃើញ។ មនុស្សម្នាដែលខ្ញុំមានទំនាក់ទំនងជាមួយ ដូចជា ចាន់ រតនា ចាន់រាជមកពីក្លិប CTT កែវ រំចង់ និងខាងក្លិបប្រដាល់ជាដើម ពួកគាត់សុទ្ធតែមានចក្ខុវិស័យដូចគ្នា។ គាត់មិនត្រឹមតែមានមហិច្ចតាទេ តែក៏មានមោទកភាពដែលបានជាចំណែកមួយក្នុងវិស័យក្បាច់គុនបុរាណខ្មែរដែរ»។
«ពេលនេះ មិនមែនដើម្បីតែប្រកួតមួយមុខទេ ដោយសារយើងត្រូវការគ្នាទៅវិញទៅមកដើម្បីបានរីកចម្រើនដល់កំរិតមួយទៀតទាំងអស់គ្នា»។
នៅខែកុម្ភៈឆាប់ៗនេះ KFG នឹងមានឱកាសធំមួយជាក្តីសង្ឃឹមដល់ក្លិបដើម្បីបានដើរទៅមុខទៀតស្របតាមចក្ខុវិស័យរបស់ខ្លួន ហើយសង្ឃឹមថាអាចនាំយកជោគជ័យដ៏អស្ចារ្យមួយមកផ្ទះវិញ។
ជោគជ័យនោះមិនមែនសម្រាប់តែក្លិបផ្ទាល់ទេ ប៉ុន្តែក៏សម្រាប់ព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ។
គាត់បញ្ជាក់ថា៖ «ម្នាក់ៗមើលងាយកម្ពុជា! តាមពិតកម្ពុជាជាប្រទេសស្រស់ស្អាតណាស់ ហើយមានអ្វីៗផ្តល់ឲ្យយើងច្រើនមែនទែន។ បើយើងក្រលេកមើលការប្រកួតនីមួួយៗវិញ បើយើងគ្រប់គ្នាចេះសហការផ្លាស់ប្តូរចំណេះដឹងនិងបទពិសោធន៍ទៅវិញទៅមក នោះបានរឹតតែល្អប្រសើរដល់យើងគ្រប់គ្នា ក៏ដូចជាប្រទេសជាតិទាំងមូលដែរ»៕
អត្ថបទ៖ Matias Andres