កីឡាជាតិ
ជាតិ
នៅ​ក្លិប PKNS ចាន់ វឌ្ឍនាកា ពាក់​លេខ​២៩
26, Jan 2019 , 10:04 am        
រូបភាព
ដោយ:
​ខ្សែប្រយុទ្ធ​ឆ្នើម​កម្ពុជា ចាន់ វឌ្ឍនាកា ដែល​ទើប​ផ្ទេរ​ពី​បឹងកេត​ទៅ​ចូលរួម​ជាមួយ​ក្លិប​ក្របខណ្ឌ​កំពូល​ម៉ាឡេស៊ី PKNS FC បានបង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​បង្ហាញ​កីឡាករ និង​សម្លៀកបំពាក់​ទ្រង់ទ្រាយ​ធំ កាលពី​យប់​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩​។ គេ​សង្កេតឃើញថា វឌ្ឍនាកា ដែល​ធ្លាប់តែ​ជា​ម្ចាស់​អាវ​លេខ​១១ បាន​ផ្លាស់ប្តូរ​លេខ​អាវ​ថ្មី​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៩-២០២០​នេះ​។​

 
​កីឡាករ ចាន់ វឌ្ឍនាកា ដែល​អ្នកគាំទ្រ​កម្ពុជា​ស្គាល់​ថា​«CV11»​បាន​ក្លាយជា​ម្ចាស់​អាវ​លេខ​២៩​របស់​ក្លិប PKNS FC នៃ​ក្របខណ្ឌ​កំពូល​ម៉ាឡេស៊ី​សម្រាប់​រដូវ​កាល​ថ្មី​នេះ​។ វា​ជាការ​ផ្លាស់ប្តូរ​លេខ​អាវ​លើកដំបូង​សម្រាប់​ការចេញ​មក​ប្រកព​អាជីព​នៅក្រៅ​ប្រទេស​ជា​លើក​ទី​៣​។ ជាក់ស្តែង​កាល​ចូលរួម​ជាមួយ​ក្លិប​ក្របខណ្ឌ​ទី​៣​ជប៉ុន Fujieda MYFC និង Pahang FA របស់​ម៉ាឡេស៊ី រូបគេ​រក្សា​ស្លា​កអាវ​លេខ​១១​។​


 
​វឌ្ឍនាកា បាន​ពាក់អាវ​លេខ​១១​តាំងពី​នៅ​ជា​យុវជន​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​និង​បាន​រក្សា​រហូតដល់​ឆ្នាំ​២០១៨ ក្រោយ​ផ្ទេរ​មក​បឹងកេត​នៅ​ឆ្នាំ​២០១២​។ ហើយ​រូបគេ ក៏​ជា​ម្ចាស់​អាវ​លេខ​១១​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ផងដែរ​។ តែ​យ៉ាងណា យើង​មិន​បានដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៃ​ការផ្លាស់ប្តូរ​នេះឡើយ​។   


 
​លេខ​អាវ​ថ្មី​របស់ វឌ្ឍនាកា ត្រូវបាន​បង្ហាញ​ក្នុង​កម្មវិធី​បង្ហាញ​សមាភាព​កីឡាករ គ្រូបង្វឹក ថ្នាក់ដឹកនាំ និង​សម្លៀកបំពាក់​រដូវ​កាល​ថ្មី​របស់​ក្លិប កាលពី​យប់​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ នៅ​សាល​មហោស្រព PKNS Up Town Shah Alam​។ តាមពិត​ក្លិប PKNS FC បានបង្ហាញ​លេខ​អាវ​នេះ​តាំងពី​ថ្ងៃទី​២៣ ខែមករា ដែល​ថ្ងៃ​ខួប​របស់​កីឡាករ​មកពី​ខេត្តកំពត​រូបនេះ​មកម្ល៉េះ​។​
 

 
​គួររំលឹកថា កីឡាករ ចាន់ វឌ្ឍនាកា បាន​ផ្ទេរ​ពី​ក្លិប​បឹងកេត​ទៅកាន់​ក្លិប PKNS FC កាលពី​ថ្ងៃទី​១៨ មករា ឆ្នាំ​២០១៩ ក្រោម​កិច្ចសន្យា​រយៈពេល​១​ឆ្នាំ​។ កាលពី​រដូវ​កាល​មុន​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ បាន​ចុះកិច្ចសន្យា​រយៈពេល​១​ឆ្នាំ​លេង​ឲ្យ​ក្លិប Pahang FA របស់​ម៉ាឡេស៊ី តែ​ត្រូវបាន​ចែកផ្លូវ​គ្នា​វិញ​ក្រោយ​រួមរស់​ពាក់កណ្តាល​រដូវ​កាល​។ នៅ​ឆ្នាំ​២០១៧ រូបគេ​លេង​ឲ្យ​ក្លិប​ក្របខណ្ឌ​ទី​៣​របស់​ជប៉ុន Fujieda MYFC ក្រោម​កិច្ចសន្យា​រយៈពេល​១​ឆ្នាំ តែ​រូបគេ​មិនសូវ​បានបង្ហាញ​ខ្លួន​ក្នុងការ​ប្រកួត​ផ្លូវការ​នោះឡើយ​៕

Tag:
 បាល់ទាត់​
  ចាន់ វឌ្ឍនាកា​
  PKNS FC
© រក្សាសិទ្ធិដោយ thmeythmey.com